នៅក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ របស់ប្រតិភូអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ីចំនួន ១៨ រូប ដឹកនាំដោយឯកឧត្តម IGOR KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នាសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នៅ អ.ប.ព. ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងចាត់ទុកដំណើរទស្សនកិច្ចនេះមានសារសំខាន់ចំពោះទំនាក់ទំនងមេត្រីភាព និងការចែករំលែកព័ត៌មាន និងយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ការពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងអំពើពុករលួយទាំងពីរ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដែលនឹងទទួលបានជោគជ័យក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អ.ប.ព. និង អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី នៅក្នុងថ្ងៃនេះ ។
គូភាគី បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំ ដើម្បីឲ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែអាកប្បកិរិយាអសកម្ម។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការយកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការបង្កើតសៀវភៅប្រឆាំងអំពើពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ និងមានគ្រូបង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង និងជម្រាបជូនអំពីអំណាចស៊ើបអង្កេតរបស់ អ.ប.ព. និង រចនាសម្ព័ន្ធរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមានតួអង្គពីរ គឺក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានចំនួន ១១ រូប ដែលជាអ្នកដាក់ចេញផែនការយុទ្ធសាស្ត្រ និងអង្គភាពប្រឆាំងអំពើពុករលួយជាតួអង្គប្រតិបត្តិ ។
ឯកឧត្តម អគ្គរដ្ឋអាជ្ញា ក៏បានជម្រាបជូន កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងសហការី អំពីការអប់រំ បណ្តុះបណ្តាលមន្ត្រីរាជការ យុវជន កុមារ និងគ្រួសារ រួមទាំងញាតិសន្តានជិតស្និទ្ធទាំងអស់ ឲ្យមានអាកប្បកិរិយាប្រឆាំងអំពើពុករលួយ នៅសហព័ន្ធរុស្ស៊ីផងដែរ ។ ឯកឧត្តម មានប្រសាសន៍ថា «អំពើពុករលួយ ជាឧបសគ្គមួយ បើយើងប្រឹងប្រែងរួមគ្នា នោះកិច្ចការប្រឆាំងអំពើពុករលួយនឹងទទួលបានប្រសិទ្ធភាព ។ ខ្ញុំត្រៀមខ្លួនគ្រប់ការសន្ទនា សហការបើកចំហជាមួយ អ.ប.ព. គោរពគ្នាទៅវិញទៅមក ជាដៃគូរបស់យើង ផលប្រយោជន៍រួមរបស់យើង» ។
ឯកឧត្តម អគ្គរដ្ឋអាជ្ញា ក៏បានប្រកាសពីការត្រៀមខ្លួនសម្រាប់ភាពជាដៃគូស៊ីជម្រៅជាមួយ ACU រួមទាំងទំនាក់ទំនងផ្នែកច្បាប់ ការប្រមូលព័ត៌មានក្នុងយុគសម័យឌីជីថល និងទំនើបកម្មនៃកិច្ចការប្រឆាំងអំពើពុករលួយ។
គូភាគី ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះទិន្នផលដ៏ផ្លែផ្កា ដែលទទទួលបានពីការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានថ្មីៗ ល្អៗ ពីគ្នាទៅវិញទៅមក និងបទពិសោធជាក់ស្តែង ដែលជាដើមទុនមួយឆ្ពោះទៅរកការវិវឌ្ឍន៍នាពេលអនាគត ហើយត្រៀមខ្លួនចែករំលែកបទពិសោធផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ។
ក្នុងឱកាសជាមួយគ្នានេះ ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រីកទំនាក់ទំនងអន្តរស្ថាប័នលើក្របខណ្ឌច្បាប់នៃអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងពុករលួយទាំងពីរ និងប្រទេសទាំងពីរ ។
ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការគ្នាតាមទម្រង់នានាដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ ឧត្តម្មានុវត្តន៍និងព័ត៌មានក្នុងផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរៀបចំកម្មវិធីអន្តរជាតិរួមគ្នា ការពិគ្រោះយោបល់លើបញ្ហាផ្លូវច្បាប់ ជំនួយផ្នែកច្បាប់ទៅវិញទៅមក ការស៊ើបអង្កេត ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្ត្រី និងការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្ររួមគ្នាក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។
ស្ថាប័នទាំងពីរជឿជាក់ថា ការបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ត្រូវធ្វើឡើងការផ្លាស់ប្តូរឧត្តម្មានុវត្តន៍ ការពិគ្រោះអំពីកិច្ចការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមមានកិច្ចការសម្រាប់វេទិកាអន្តរជាតិ និងអង្គការអន្តរជាតិ ព័ត៌មានស្តីពីប្រព័ន្ធច្បាប់ និងនីតិកម្មរបស់រដ្ឋ សកម្មភាពនីតិប្បញ្ញតិ និងវិធានការនានាដើម្បីអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ភាគី ជាដើម។
សូមបញ្ជាក់ថា ឯកឧត្តម IGOR KRASNOV កើតនៅឆ្នាំ១៩៧៥ មានតួនាទីបច្ចុប្បន្ន ជា អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី សមាជិកក្រុមប្រឹក្សាសន្តិសុខ សមាជិកក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ នៃសហព័ន្ធរុស្សី ប្រធានក្រុមប្រឹក្សាសម្របសម្រួលអគ្គរដ្ឋអាជ្ញា នៃរដ្ឋសមាជិកសហធនរដ្ឋឯករាជ្យ ដែលជាសមាគមនៃរដ្ឋអធិបតេយ្យ (អតីតរដ្ឋក្នុងសហភាពសូវៀត)សហប្រធានក្រុមប្រឹក្សាអន្តររដ្ឋ នៃសហធនរដ្ឋឯករាជ្យសម្រាប់ការប្រឆាំងអំពើពុករលួយ (CIS Interstate Council for Countering Corruption) ។
លក្ខណៈពិសេសនៃការិយាល័យរដ្ឋអាជ្ញារុស្ស៊ី គឺមិនស្ថិតក្រោមអំណាចទាំងបី (នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ) និង ស្ថិតនៅក្រោមប្រធានាធិបតីតែម្នាក់គត់ ៕
រូបថត ACU
Camera by Bora + Ratanak + Sopheak