សម្ដេចតេជោមានប្រសាសន៍ថា ថវិកាជាតិដែលរាជរដ្ឋាភិបាលដឹកនាំបច្ចុប្បន្ន មានចំនួនច្រើនជាងពេលដែលសម្ដេចចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី03 ខែមិថុនា ឆ្នាំ2025 ម៉ោង 8:00 នាទី ល្ងាច

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានមានប្រសាសន៍ថា នៅមុនការផ្ទុះនៃជំងឺកូវីដ១៩ សម្ដេចបានឱ្យពង្រឹងបន្ថែមលើការសន្សំថវិកាជាតិ ដែលការសន្សំនៅពេលនោះបានកើនដល់ជាង២១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយមានថវិកាជាតិនៅសល់រហូតដល់ជិតបួនពាន់លានដុល្លារ។

សម្ដេចតេជោបន្ថែមថា តាមការគ្រោងទុកពេលថវិកាសន្សំរបស់ជាតិកើនជិត៥ពាន់លានដុល្លារ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការការកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវ ស្ពាន ឱ្យបានច្រើននៅគ្រប់ទីកន្លែងដោយមិនចាំបាច់ពឹងលើថវិកាបរទេសនោះឡើយ។ ប៉ុន្តែជាអកុសលវិបត្តិកូវីដក៏ផ្ទុះឡើង ដែលបណ្ដាលឱ្យថវិកាសន្សំរបស់ជាតិបានថយចុះមួយកម្រិត។

សម្ដេចតេជោក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានធ្វើឱ្យចំនួនថវិកាជាតិដែលបានសន្សំទុកមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដោយ។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា ថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម