WHO អំពាវនាវឲ្យប្រទេសអ្នកមាន ផ្អាកម្ជុលទី ៣ ទុកជួយប្រទេសក្រីក្រសិន

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី09 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:03 នាទី ល្ងាច

 

អង្គការសុខភាពពិភពលោកហៅកាត់ថា WHO កាលពីទី ៨ ខែកញ្ញាម្សិលមិញ បានអំពាវនាវឲ្យប្រទេសអ្នកមាននានាពន្យារពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសជម្រុញរហូតដល់ចុងឆ្នាំសិន ដោយសារមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនទាន់បានចាក់វ៉ាក់សាំងម្ជុលទី ១ ផង ។

«ខ្ញុំនឹងមិននៅស្ងៀមទេ នៅពេលក្រុមហ៊ុន និងប្រទេសទាំងឡាយ ដែលផ្គត់ផ្គង់វ៉ាក់សាំងពិភពលោកគិតថាប្រទេសក្រីក្រនៅលើពិភពលោក ពឹងពាក់ចំពោះវ៉ាក់សាំងដែលនៅសល់» នាយកអង្គការសុខភាពពិភពលោក ថេដ្រូស អាដហាណុម ហ្គេប្រេយេស៊ីស (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ ។

លោក​ ថេដ្រូស ថ្លែងថា WHO អំពាវនាវប្រទេសអ្នកមានទាំងឡាយ និងក្រុមអ្នកផលិតវ៉ាក់សាំង សូមផ្តល់អាទិភាពដល់បុគ្គលិកថែទាំសុខភាព និងជនងាយរងគ្រោះនៅក្នុងប្រទេសក្រីក្រ ។ «យើងមិនចង់ឃើញការចាក់វ៉ាក់សាំងដូសជម្រុញមានភាពទូលំទូលាយ ក្នុងចំណោមមនុស្សដែលមានសុខភាពល្អ ដែលបានចាក់វ៉ាក់សាំងពេញលេញទេ» ។

កាលពីខែមុន អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងម្ជុលទី ៣ រហូតដល់ចុងខែកញ្ញា ដើម្បីឲ្យមានវិសមភាពក្នុងការចែកចាយវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ។

ក្រុមប្រទេសដែលមានចំណូលខ្ពស់បានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងប្រមាណ ១.០០០ លានដូសទៅប្រទេសក្រីក្រ ប៉ុន្តែឥឡូវទើបបានទទួលត្រឹម ១៥% នៃការសន្យាប៉ុនណោះ ។

ថ្វីត្បិតមានការអំពាវនាវឱ្យផ្អាកម្ជុលជម្រុញក៏ដោយ ប៉ុន្តែបណ្តាប្រទេសខ្លះ មិនទាំងសម្រេចចិត្តចាក់វ៉ាក់សាំងឱ្យអ្នកងាយរងគ្រោះប៉ុនណោះទេ ប៉ុន្តែចាក់ចំពោះសាធារណជនទូទៅផងដែរ ដោយសម្អាងថា វាមានប្រសិទ្ធភាព ចំពោះការប្រឈមមុខនឹងការបំប្លែងមេរោគ «ដែលតា (Delta)» ៕

ប្រភព AFP

បកប្រែដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម