ប្រធានបទថ្ងៃនេះ គឺរឿងចាប់សាច់ពពែ ! សម្តេចចោទសួររដ្ឋមន្ត្រីកសិកម្ម និងចៅហ្វាយខេត្ត ! តោះចូលអាន!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:57 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានជ្រាបពីឃ្លីបវីដេអូមួយដែលសមត្ថកិច្ច មើលទំនងជាឯកសណ្ឋាន(គគីរ)ជាមន្ត្រីអនុរក្សសត្វក៏មិនដឹង ទៅចាប់កន្លែងចិញ្ចឹមពពែរបស់ពលរដ្ឋនៅខេត្តកណ្តាល សម្តេចក៏បានសរសេរនៅលើផេកហ្វេសប៊ុក ដូចខាងក្រោម ៖

 ថ្មីៗនេះ ផេកហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារមួយ និងសួរទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម​ និងចៅហ្វាយខេត្តថា «តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ!

 

បន្ទាប់ពីសម្តេចតេជោ រិះគន់ និងសួរជាច្រើនសំណួរបែបនេះ យើងឃើញលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិមកម្ម តាមរយៈអាខោនហ្វេសប៊ុករបស់គាត់ឈ្មោះ  Sokhon Veng បាន Comment តបទៅសម្តេចតេជោវិញថា «ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំបាទសូមអនុញ្ញាត្តគោរពជូនសម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ក្រសួងសូមទទួលយកនូវរាល់សំណូមពរក៏ដូចជាមតិយោបល់ដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលចិញ្ចឹមសត្វ យកទៅពិនិត្យនិងពិចារណាក្នុងការកែលំអរនិងបំពេញបន្ថែមជាបទដ្ឋានគតិយុត្តក្រោមច្បាប់ ឬការធ្វើវិសោធនកម្មច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វក្នុងករណីចាំបាច់ ជាមួយនឹងអន្តរក្រសួងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រជាជនយើង ក្នុងការលើកទឹកចិត្តចិញ្ចឹម និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្លាប់សត្វនិងលក់ដូរបាន សម្រាប់លើកស្ទួយជីវភាពក្នុងគ្រួសារ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ»

គាត់ (វេង សុខុន) បន្ថែម Comment ខាងក្រោមទៀតថា «ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ

 

ដូច្នេះមានន័យថា ការចិញ្ចឹមសត្វដើម្បីគ្រាន់តែផ្គត់ផ្គង់ជីវភាពគ្រួសារ ពុំមានចែងក្នុងច្បាប់ស្តីពីសុខភាពសត្វទេ ហើយក៏គ្មានទោសទណ្ឌដែរ ដូច្នេះមន្ត្រីខេត្តកណ្តាល ដែលមកអនុវត្តទាំងទទឹងទិស អ្នកអនុវត្តច្បាប់ តែអត់ដឹងច្បាប់ចែងពីស្អីផង ធ្វើឲ្យប្រជាជនថ្នាំងថ្នាក់មិនតិចទេ!

បន្ទាប់ពីលោក វេង សុខុន ជម្រាបតាម Comment ដូច្នោះ សម្តេចតេជោក៏តបទៅវិញថា «សូមឯកឧត្តមដឹកនាំការប្រជុំដើម្បីរកដំណោះស្រាយជាកញ្ចប់ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយ ច្បាប់និង លខិតបទដ្ឋាននាៗដែលចាំបាច់ត្រូវកែសម្រួលដើម្បីឱយស្របជាមួយសភាពការ និងផល់ប្រយោជន៍ប្រជាជន។

ដំណាក់ការដែលយើងកំពុងស្ថិតនៅគឺជាដំណាក់ការកសិ.ពាណិជ្ជកម្មដែលកសិករយើងមិនគ្រាន់តែដាំដុះឬចិញ្ចឹមសត្វដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេតែក៍ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ក្នុងពេលជាមួយគ្នាក៍ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជម្ងឺឆ្លងដែលចេញពីសត្វដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ» ។

កន្លងមក ថ្នាក់ក្រោមតែងតែធ្វើលើស ធ្វើខ្លាំងពេក អនុវត្តតឹងពេក ស្អីក៏ពេកៗ នេះហើយដែលធ្វើឲ្យប្រជាជន មិនសប្បាយចិត្ត រហូតខឹងដល់រដ្ឋាភិបាលទៅទៀត ដែលមួយថ្ងៃៗទាំងប្រមុខរាជរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំភាគច្រើនប្រឹងនោះប្រឹង ប្រឹងដើម្បីប្រជាជន តែគ្រឹះខាងក្រោមនាំគ្នា«កកូរកកាយ» ដោយមិនដឹងខ្យល់ ដឹងតែល្ហើយ!!

បើនិយាយពីរឿងសាច់ពពែ នៅតាមហាងមិនខ្វះទេ មាន ហាងស៊ុបពពែ, សាច់អាំងពពែ យូរយារណាស់មកហើយ ដូចជាមិនដែលឃើញសមត្ថកិច្ចណាទៅរករឿង ព្រោះជាសត្វពពែដែលពលរដ្ឋចិញ្ចឹម ដើម្បីជីវភាពគ្រួសារ ដូចច្នេះថ្ងៃនេះ «គួរតែភ្លឺស្វាងហើយ ថ្នាក់ក្រោមអនុវត្តគួរមានវិធីអ្វីដោះស្រាយសម្រួល ដោយទន់ភ្លន់... កុំធ្វើលើសពេក កុំខ្លាំងពេក... វាទៅជាខ្លោច... ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម