REUTERS : ចេញពីការប្តេជ្ញាចិត្តដែលត្រូវយកឈ្នះបញ្ហាចរាចរដែលចេះតែកើនឡើងក្នុងទីក្រុង ក្រុមនិស្សិតកម្ពុជាមួយក្រុម បានរចនាយន្តហោះគ្មានមនុស្សបើក ដែលហៅថា «ដ្រូន (Drone)» ដែលពួកគេសង្ឃឹមថា អាចត្រូវបានប្រើដើម្បីផ្នែកដឹកជញ្ជូនមនុស្សនៅជុំវិញទីក្រុងភ្នំពេញ ហើយថែមទាំងជួយពន្លត់អគ្គីភ័យផងដែរ ។
ដ្រូនមានកង្ហារ ៨ និងប្រើកៅអីជាប់ជាមួយអ្នកបើក បានផលិតឡើងដោយនិស្សិតពីស្ថាប័នពហុបច្ចេកទេសជាតិកម្ពុជា (NPIC) ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ។
«ដ្រូននេះនៅពេលដែលវាហោះដោយគ្មានអ្នកបើក វាមានការញ័រខ្លាំង ប៉ុន្តែនៅពេលខ្ញុំអង្គុយហើយចុះចត វាមានស្ថិរភាពជាងមុន ហើយខ្ញុំពិតជារំភើប...» នេះបើតាមសម្តីរបស់ប្អូន លន់ វ៉ាន់សិទ្ធិ អាយុ ២១ ឆ្នាំ ជាអ្នកបើកយន្តហោះគ្មានមនុស្សបើកនេះ ។
«យើងចង់ដោះស្រាយបញ្ហាខ្លះសម្រាប់សង្គមកម្ពុជារបស់យើង តាមរយៈការបង្កើតតាក់ស៊ីដ្រូន ។ លន់ វ៉ាន់សិទ្ធិ បាននិយាយថា បង្កើតយន្តហោះគ្មានមនុស្សបើកសម្រាប់អ្នកពន្លត់អគ្គិភ័យផងដែរ» ដោយបន្ថែមថា ពួកគេសង្ឃឹមថាយន្តហោះគ្មានមនុស្សបើកនេះនឹងហោះឡើងទៅដំបូលអគារខ្ពស់ ដើម្បីជួយពន្លត់អគ្គីភ័យ ដែលរថយន្តពន្លត់មិនអាចចូលដល់ ។
ដ្រូនបែបនេះ អាចផ្ទុកទម្ងន់ធ្ងន់បំផុត ៦០ គីឡូក្រាម និងហោះបានប្រមាណ ១០ នាទីក្នុងរយៈចម្ងាយ ១ គីឡូម៉ែត្រ ។ ក្រុមនិស្សិតប្រើពេលផលិត ៣ ឆ្នាំ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ហើយត្រូវចំណាយថវិកាប្រមាណ ២០.០០០ ដុល្លារ (៨២.០០០.០០០ រៀល) ។
បច្ចុប្បន្ន ដ្រូននេះហោះបានកម្ពស់ ៤ ម៉ែត្រដោយមានអ្នកបើកម្នាក់ ប៉ុន្តែក្រុមនិស្សិតសង្ឃឹមថានឹងអភិវឌ្ឍឲ្យហោះបានខ្ពស់ជាងនេះ ។
គម្រោងការនេះត្រូវប្រឈមនឹងការពន្យារពេល ដោយសារតែការបិទទ្វារកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងគ្រឿងបន្លាស់ផ្សេងៗ ដូចជា កង្ហារ គ្រោងតួ ត្រូវបញ្ជាទិញពីបរទេស (ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យារបស់ NPIC និយាយ) ។
ក្រុមនេះមានគម្រោងកែលម្អការរចនា ដើម្បីឱ្យយន្តហោះគ្មានមនុស្សបើកនេះ អាចផ្ទុកទម្ងន់បានច្រើនជាងនេះ រួមទាំងការហោះហើរឆ្ងាយ និងមានស្ថិរភាពនៅកម្រិតខ្ពស់ ។
តាមការពិតហើយ ធនធានកូនខ្មែរយើងល្អៗមានច្រើនណាស់ ខ្វះខាតតែឱកាសការគាំទ្រ លើកទឹកចិត្ត និងឧបត្ថម្ភពីថ្នាក់លើ ដូចជាអ្នកបច្ចេកទេស ឯកទេសវិទ្យាសាស្ត្រ ចិត្រករ តន្ត្រី និយាយរួមច្រើនផ្នែក ៕