ដោយ សូរ្យសែង៖
ច្បាប់គឺច្បាប់ ខាងក្រោមនេះជាការរឹតត្បិតផ្នែកច្បាប់ ចាំបាច់ត្រូវចាប់បង្ខំមនុស្សឲ្យអនុវត្ត ប្រសិនច្បាប់ធូររលុង គឺធ្វើឲ្យមនុស្សធូររលុងដែរ ។
លោកស្រីនាយករដ្ឋមន្ត្រីញូវហ្សឺលែន ចាស៊ិនដា អារឌើន បានចេញប្រកាសដាក់ទោសអ្នកល្មើសនឹងវិធានការការពាររាតត្បាតកូវីដ-១ ក្រោយពីសភាពឆ្លងជាប់រដឹកតាំងពីថ្ងៃទី ១២ ខែសីហាមក ។
«ការសម្រេចចិត្តបស់យើង ធ្វើឡើងដោយសារមានមនុស្សប្រព្រឹត្តខុសច្បាប់ និងធ្វើឲ្យអ្នកដទៃធ្លាក់ចូលទៅក្នុងផ្លូវគ្រោះថ្នាក់» លោកស្រី អារឌើន និយាយ ។
ការពិន័យទោសទៅលើបុគ្គលមានដូចជា ការធ្វើដំណើរដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋ ហើយត្រូវផាកពិន័យជាអតិប្បរមាចំនួន ១២.០០០ ដុល្លារញូវហ្សឺលែន (ស្មើ ៨.៥០០ ដុល្លារអាមេរិក) ដែលកើនឡើងពី ៤.០០០ ដុល្លារញូវហ្សឺលែន(ស្មើ ២.៨០០ ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារ ៦ ខែ ពិន័យសម្រាប់ក្រុមហ៊ុន ឬវិស័យឯកជនដែលរំលោភលើច្បាប់អាចមានរហូតដល់ ១៥.០០០ ដុល្លារញូវហ្សឺលែន (ស្មើ ១០.៥០០ ដុល្លារអាមេរិក) ។
ការដាក់ទោសពិន័យផ្សេងៗទៀត មានដូចជា មិនពាក់ម៉ាសក្នុងទីសាធារណៈ ពិន័យ ៤.០០០ ដុល្លារញូវហ្សឺលែន ពីមុនមានត្រឹមតែ ៣០០ ដុល្លារញូវហ្សឺលែន(ស្មើ ២១០ ដុល្លារអាមេរិក) ប៉ុនណោះ ហើយប្រសិនឡើងដល់តុលាការទោសពិន័យខ្ពស់បំផុត ១២.០០០ ដុល្លារញូវហ្សឺលែន ៕