ដល់ពេលវេលាដែលត្រូវធ្វើវិសោធនកម្មច្បាប់ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ ៤ មានសញ្ជាតិខ្មែរ

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែតុលា ឆ្នាំ2021 ម៉ោង 4:22 នាទី ល្ងាច

ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាបុគ្គលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤ របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយដម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា។

សម្តេចតេជោ ក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម