ដោយ សាវុឌ្ឍ៖
គណបក្សសេរីប្រជាធិបតេយ្យ ឬ LDP របស់លោកនាយករដ្ឋមន្ត្រី ហ៊្វូមិអុៈ គិស៊ិដៈ ឈ្នះការបោះឆ្នោតសភាតំណាងរាស្ត្រ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ៣១ ខែតុលា ហើយអាចបន្តកាន់សំឡេងភាគច្រើន ប៉ុន្តែទទួលបានអសនៈតិចជាងមុន ។
ស្ថានីយ៍ទូរទស្សន៍ NHK បានរាយការណ៍លទ្ធផលបោះឆ្នោតសភាតំណាងរាស្ត្រដំណាក់កាលចុងក្រោយ ដោយគណបក្ស LDP របស់លោកនាយករដ្ឋមន្ត្រី គិស៊ិដៈ បានអសនៈ ឬសភាដាយអេត ២១៦ កៅអី រួមជាមួយគណបក្សខូមេតុៈ (Kemeto) គណបក្សសម័ន្ធមិត្តចម្រុះរដ្ឋាភិបាល បានកៅអីក្នុងដាយអេតសភា ២៩៣ កៅអី សរុបទាំងអស់ ៤៦៥ កៅអី កើន ២៣៣ កៅអីដែលជាចំនួនអាសនៈយ៉ាងហោចណាស់ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ នៅមុនការរំលាយសភា គណបក្ស LDP និងគណបក្ស Kometo សភាមាន ៣០៥ អាសនៈ ធ្វើឲ្យគណបក្ស LDP បានវិលមកកាន់តំណែងភាគច្រើនក្នុងសភាតំណាងរាស្រ្តជាថ្មីម្តងទៀត ហើយនឹងបន្តកាន់សំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីបានបង្កើតកំណត់ត្រាយូរអង្វែងចាប់តាំងពីសម័យនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ (Shinzo Abe) ក្នុងការបោះឆ្នោតសកលកាលពីចុងឆ្នាំ 2012 ។
ចំណែកគណបក្សប្រឆាំង ដូចយ៉ាងគណបក្សធម្មនុញ្ញប្រជាធិបតេយ្យជប៉ុន ឬ CDP បានអសនៈក្នុងសភា ៩៦ អសនៈ ចាត់ទុកថាបានទទួលលទ្ធផលយ៉ាប់ជាងមុន ដែលធ្លាប់បានគ្រងកៅអីក្នុងសភា ១០៩ កៅអី ។
លោកនាយករដ្ឋមន្ត្រី គិស៊ិដៈ ដែលទើបឡើងកាន់តំណែងកាលពីថ្ងៃទី ៤ ខែតុលា បញ្ជាក់ថា ការបោះឆ្នោតសកលថ្មី ត្រូវតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតភាពស្របច្បាប់សម្រាប់រដ្ឋាភិបាលក្នុងរយៈពេលយូរ ហើយចាត់ទុកថាជាប្រជាមតិរបស់ប្រជាជនជប៉ុនផងដែរ ស្តីពីគោលនយោបាយរបស់គណបក្ស LDP ដែលគ្រប់គ្រងប្រទេសអស់រយៈពេល ១០ឆ្នាំ ពិសេសគោលនយោបាយជំរុញសេដ្ឋកិច្ច «អាបេ ណូមិកស៍ (Abenomics)» គោលនយោបាយការបរទេសដែលឆ្ពោះទៅរកសហរដ្ឋអាមេរិក និងចិន និងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ដែលទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ ក្នុងរជ្ជកាលនាយករដ្ឋមន្ត្រី យ៉ូស៊ិហ៊ិដៈ ស៊ូហ្គា (Yoshihide Suga) ៕