អត្ថបទ ជឿន ថាន់៖
កាសែតស្រុកថៃរាយការណ៍នៅថ្ងៃទី ១៩ ខែមករាថា ទាហានបូផា (បូព៌ា) ថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរខុសច្បាប់ ១៦ នាក់, ស្រី ៤ នាក់, ប្រុស ៥ នាក់, ក្មេងប្រុស ៤ នាក់ និងក្មេងស្រី ៣ នាក់ ចូលថៃទាំងកណ្តាលអធ្រាត្រ នៅចំណុចខ្លងលឹក ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ ដោយពលករខ្មែរទាំងនោះទៅស៊ីឈ្នួលកាប់អំពៅក្នុងខេត្តស្រះកែវ ។ អ្វីដែលគួរហួសចិត្តនោះ គឺពលករខុសច្បាប់ទាំងនោះបាននិយាយថា នៅក្នុងប្រទេសកម្ពុជាកើតការអត់ឃ្លាន គ្មានការងារធ្វើ គ្មានប្រាក់ ទើបនាំកូនក្មួយលួចចូលថៃ សង្ឃឹមថាបានការងារធ្វើ មានប្រាក់ចិញ្ចឹមគ្រួសារ ។
និយាយបែបនេះផ្តេសផ្តាស ហាក់ដូចមើលស្រាលចំពោះកម្ពុជា ប្រទេសកម្ពុជាគ្មានមនុស្សស្លាប់ដោយសារការអត់ឃ្លានទេ សូម្បីក្នុងយុគកូវីដ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់តាមដានមើលប្រជាជន មិនឲ្យស្លាប់ដោយការអត់ឃ្លានទេ គ្មានទេ និយាយនេះពិតជាពន្លើស និងធ្វើឲ្យបាក់មុខរដ្ឋាភិបាល ។
ពលករទាំងនោះធ្វើដំណើរឆ្លងកាត់ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ ជាច្រករបៀងធម្មជាតិ ពេលនោះកងកម្លាំងទាហានបូព៌ា (ទាហានព្រាន) បានឡោមព័ទ្ធចាប់បាន ។ ពលករចំណាកស្រុកទាំងនោះមកពីខេត្តបន្ទាយមានជ័យ ចូលទៅថៃដើម្បីស៊ីឈ្នួលកាប់ដើមអំពៅ ដោយសារភាពថា គ្មានមេខ្យល់នាំ និងគ្មានអស់ប្រាក់អ្វីឡើយ ឥឡូវត្រូវដំណើរក្តីតាមច្បាប់ស្រុកថៃ ៕