ប្រភព Russia Today / CNN
ដោយ សាវុឌ្ឍ
ប្រទេសកាណាដានិយាយនៅថ្ងៃមិ្សលមិញ (២៦ មករា) ថា នឹងគាំទ្រកងកម្លាំងអ៊ុយក្រែន ៣ ឆ្នាំបន្តទៀត ដោយពេលនេះបានបន្ថែមកម្លាំងទាហាន ៦០ នាក់ និងបានបង្កើនលទ្ធភាពកម្លាំងជើងគោករបស់ខ្លួននៅអ៊ុយក្រែនដល់កម្រិតអតិបរមា ៤០០ នាក់ក្នុងពេលមានភាពតានតឹងជាមួយរុស្ស៊ី ស្របពេលដែលប្រទេសប៊ុលហ្គារីបានបញ្ជាក់ភាពស្មោះត្រង់ចំពោះអង្គការណាតូ (NATO) ប៉ុន្តែបានអំពាវនាវឱ្យមានវិធីសាស្ត្រការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង ។
លោកនាយករដ្ឋមន្ត្រីកាណាដា ចឺស្ទីន ទ្រូដូ ថ្លែងថា ក្រៅពីបុគ្គលិកយោធាកាណាដា ២០០ នាក់ដែលប្រចាំការក្នុងអ៊ុយក្រែន និងមានការបញ្ជូនយោធា ៦០ នាក់ចូលប្រចាំការបន្ថែមក្នុងប៉ុន្មានថ្ងៃខាងមុខ ។ រដ្ឋមន្ត្រីការពារកាណាដាបាននិយាយថា យោធាកាណាដាធ្លាប់ហ្វឹកហាត់អ៊ុយក្រែនជាង ៣០.០០០ នាក់កន្លងមក ។
ទ្រូដូ បន្ថែមថា កាណាដាបានផ្តល់ប្រាក់កម្ចី ១២០ លានដុល្លារទៅឲ្យអ៊ុយក្រែន ដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យរឹងមាំដែលកំពុងប្រឈមនឹងការបំផ្លាញស្ថិរភាពពីរុស្ស៊ី ។
ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា មិនជួយខាងសព្វាវុធទៅអ៊ុយក្រែនទេ ខុសពីសហរដ្ឋអាមេរិក និងអង់គ្លេស ដែលគាត់និយាយថា «ច្រកចេញនៃភាពតានតឹង គួររើសយកផ្លូវការទូត» ។
រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថា គ្មានចេតនាចូលទន្ទ្រានអ៊ុយក្រែនទេ តែលោក ឌ្រីមទ្រី ឃូឡេបា រដ្ឋមន្ត្រីការពារអ៊ុយក្រែន«មិនជឿ» ដោយនិយាយថា ការទន្ទ្រានចូលអ៊ុយក្រែនជិតកើតឡើងហើយ ដោយផ្តល់សម្ភាសជាមួយកាសែតថា ចំនួនទ័ពរុស្ស៊ីដាក់តាមព្រំដែន នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការ «វាយប្រហារពេញទំហឹង» ឡើយ ។
មួយទៀតនៅប៊ុលហ្គារី នាយករដ្ឋមន្ត្រី គីរីល ពេតកូវ (Kirill Petkov) បាននិយាយនៅថ្ងៃទី ២៦ មករាថា ប៊ុលហ្គារី គឺជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់ចំពោះអង្គការណាតូ ហើយការរួបរួមនៃសម្ព័ន្ធភាពគឺជាការឆ្លើយតបដ៏ល្អបំផុតចំពោះវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន ។ ចំពេលមានព័ត៌មានចម្រូងចម្រាសថា តើមានការចូលរួមរបស់ Sonia ក្នុងចលនាពង្រឹងយោធារបស់សហរដ្ឋអាមេរិក នៅអឺរ៉ុបខាងកើតឬទេ?
កាសែតក្នុងស្រុកប៊ុលហ្គារីរាយការណ៍ថា លោករដ្ឋមន្ត្រីការពារប៊ុលហ្គារី ស្តេហ្វាន យ៉ានេហ្វ បាននិយាយប្រាប់សមាជិកសភាថា យោធាប៊ុលហ្គារីនឹងមិនប្រយុទ្ធក្នុងអ៊ុយក្រែនទេ ដោយជឿជាក់ថា រឿងនេះមិនអាចកើតឡើងឡើយ ។
លោក វីតាលី គ្លីតស្លូ (Vitaly Klitschko) អភិបាលក្រុងគៀវ និងជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក បានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ការបញ្ជូនមួកសុវត្ថិភាពយោធាចំនួន ៥.០០០ ដើម្បីជួយអ៊ុយក្រែនសម្រាប់ការឈ្លានពានរបស់រុស្ស៊ី ហើយរៀបរាប់ថាជារឿង«កំប្លែង» ដែលធ្វើឱ្យលោក«និយាយមិនចេញ» ។ មុននេះអាល្លឺម៉ង់បាននិយាយបញ្ជាក់ថា មិនបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែនទេ ទើបពេលនេះកុំឲ្យថាអត់សោះ ក៏បញ្ជូនមួក ៥.០០០ ទៅ ៕