ដោយបណ្ណាធិការ មតិអ្នក សូរ្យរិទ្ធ ៖
ក្នុងអតីតកាល ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជាមនុស្សចិត្តដាច់ខ្លាមងណាស់ គាត់ហ៊ានសម្រេចធ្វើអ្វីគ្រប់យ៉ាងដែលគ្មានអ្នកណានឹកស្មានដល់ថាគាត់អាចធ្វើបាន សូម្បីការបញ្ចូលឧបទ្វីបគ្រីមៀ ការបញ្ឆេះសង្រ្គាមនៅតំបន់ ដុនបាស (Donbas) ឬការលុកលុយពេញទំហឹងលើអ៊ុយក្រែនក៏ដោយ ។
ដូច្នេះ គ្មានអ្វីដែលលោក ពូទីន «ធ្វើមិនបាន» ឬ «ទម្លាក់ដៃ» នោះទេ ។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានក្រោមការសម្រេចចិត្តរបស់អ្នកដឹកនាំ រួមទាំងការដែលលោកហ៊ានចុចប៊ូតុងបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែន ឬប្រទេសអឺរ៉ុបដែលគាំទ្រអ៊ុយក្រែន?
លោក ពូទីន ធ្លាប់បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីត្រៀមខ្លួនជាពិសេស ដែលជាសញ្ញាថាគាត់អាចនឹងប្រើការវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រចុងក្រោយរបស់គាត់ ដើម្បីដោះស្រាយជាមួយអ៊ុយក្រែន និងអឺរ៉ុប ហើយនេះមិនមែនជាលើកទីមួយទេ ដែលគាត់បានប្រើមហន្តរាយនៃសង្រ្គាមនុយក្លេអ៊ែរដើម្បីបំភិតបំភ័យគូប្រជែង ។
ការព្រមានដ៏គួរឲ្យព្រឺព្រួចមួយនេះ នៅពេលចាប់ផ្តើមលុកលុយពេញលេញលើអ៊ុយក្រែន លោក ពូទីន បានបញ្ជាក់ជាថ្មីទៀតថា «អ្នកណាដែលគិតចង់អន្តរាគមន៍ពីខាងក្រៅ ប្រសិនបើអ្នកធ្វើវាពិតប្រាកដ អ្នកនឹងត្រូវឃើញលទ្ធផលដ៏ធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់បានឃើញក្នុងប្រវត្តិសាស្ត្រ!»។
លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) ម្ចាស់រង្វាន់ណូបែលសន្តិភាព និងជានិពន្ធនាយកកាសែត Novaya Gazeta បានប្រាប់ថា «ពាក្យរបស់លោក ពូទីន គឺដូចជាការគំរាមកំហែងដោយផ្ទាល់នៃសង្គ្រាមនុយក្លេអ៊ែរ គាត់ប្រព្រឹត្តមិនមែនជាម្ចាស់វិមានក្រឹមឡាំងទេ ប៉ុន្តែធ្វើដូចជាអនុត្តរភាពនៃពិភពលោក ។ លោក ពូទីន កំពុងធ្វើដូចម្ចាស់រថយន្តប្រណិតមួយគ្រឿង ឈរគ្រវីសោរថយន្តបង្អួតមនុស្សទូទៅ ប៉ុន្តែលើកនេះគាត់កំពុងត្រៀមម្រាមដៃចុចប៊ូតុងនុយក្លេអ៊ែរបង្ហាញដល់ពិភពលោក!»។
តាមពិតទៅ លោកប្រធានាធិបតី ពូទីន ធ្លាប់បាននិយាយក្នុងឯកសារមួយ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ដែលគាត់បានព្រមានថា «ប្រសិនបើនរណាម្នាក់មានបំណងបំផ្លាញប្រទេសរុស្ស៊ី ប្រសិនបើបុគ្គលនោះធ្វើសកម្មភាពពិតប្រាកដ រុស្ស៊ីមានសិទ្ធិស្របច្បាប់ក្នុងការសងសឹក ទោះបីជាវាត្រូវបង្កមហន្តរាយដល់មនុស្សជាតិ និងពិភពលោកក៏ដោយ!» ។
ក្រឡេកមើលស្ថានភាពបច្ចុប្បន្នយកមកពិចារណា លោក ផាវេល ហ្វេហ្គេនហួអឺ (Pavel Felgenhauer) អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងមូស្គូមើលឃើញថា «ពូទីន ស្ថិតក្នុងស្ថានភាពលំបាក និងតានតឹង ការលុកលុយអ៊ុយក្រែនមិនបានជោគជ័យ ហើយដរាបណាធនាគារកណ្តាលរុស្ស៊ីត្រូវបានជាប់គាំងនៅក្រោមទណ្ឌកម្ម ប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីនឹងដួលរលំ ដូច្នេះគាត់មានជម្រើសតិចតួចដែលនៅសេសសល់ដើម្បីរស់»។
«មធ្យោបាយមួយគឺបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អឺរ៉ុប ជម្រើសមួយទៀតគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាអាចត្រូវបានបាញ់ទម្លាក់នៅសមុទ្រខាងជើងណាមួយចន្លោះចក្រភពអង់គ្លេស និងដាណឺម៉ាក»។
សម្រាប់សំណួរដែលសួរថា «តើប្រសិន ពូទីន សម្រេចចិត្តចុងប៊ូតុងនុយក្លេអ៊ែរពិតមែន នឹងមានទីប្រឹក្សា ឬអ្នកជិតដិតអាចជួយឃាត់គាត់ខ្លះដែរឬទេ? រឿងនេះលោក ឌីមីទ្រី បាននិយាយថា «ឥស្សរជននយោបាយរុស្ស៊ី មិនដែលឈរក្បែរទេ»។
«មិនមានដំណើរការត្រួតពិនិត្យ និងសមតុល្យសោះ គ្មាននរណាម្នាក់ត្រៀមខ្លួនប្រឈមមុខនឹងលោក ពូទីន ទេ... យើងស្ថិតនៅកន្លែងដ៏គ្រោះថ្នាក់ខ្លាំងណាស់»៕