ប្រភព ពីSanook ដោយ សូរ្យសែង៖
ប្រសិនលោកប្រធានាធិបតី វ៉ូឡូឌីមៀរ សេលេនស្គី នាំអ៊ុយក្រែនចូលជាសមាជិក «ណាតូ» បានសម្រេចមែននោះ នឹងត្រូវចំណាយលើយោធា-អាវុធយុទ្ធភណ្ឌ រួមទាំងក្រសួងការពារជាតិ ដ៏ច្រើនមហាសាល ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន វានៅតែជាបញ្ហាដែលពិភពលោកកំពុងតែមើលមិនឈប់ ដោយសារតែ សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន សុំចូលជាសមាជិកណាតូភ្លាមៗ ហើយក៏ឮដល់ត្រចៀកខ្លាឃ្មុំសភ្លាម ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយ គឺ សេលេនស្គី មានទង់ជាតិក្នុងចិត្តដែលនឹងនាំអ៊ុយក្រែនឱ្យក្លាយជាសមាជិកនៃអង្គការណាតូ ដែលជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដួលរលំសហភាពសូវៀត។ គោលដៅចម្បងរបស់វាគឺដើម្បីធ្វើឱ្យមានតុល្យភាពអំណាចនៃសហភាពសូវៀត ឥឡូវនេះដើម្បីក្លាយជាសមាជិក ណាតូ វាមិនត្រឹមតែជាគ្រាន់បំពេញពាក្យសុំ និងបញ្ជូនទៅសម្រាប់ការយល់ព្រមពីណាតូប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវការគឺ «ប្រាក់» សម្រាប់អនុវត្តការងារការពារប្រទេសរបស់ខ្លួន ។
ចង់ដឹងថា តើអ៊ុយក្រែនចូលជាសមាជិកណាតូបានសម្រេច តើត្រូវបង់តម្លៃប៉ុន្មាន? ខ្ញុំសូមប្រាប់អ្នកថា រឿងនេះគឺជាការភ្ញាក់ផ្អើលខ្លាំងណាស់ !
វេបសាយ worldpopulationreview រាយការណ៍ថា ណាតូ គឺជាសម្ព័ន្ធមិត្តខាងយោធា-នយោបាយ ធានាសន្តិសុខ សុវត្ថិភាព សេរីភាពរបស់ប្រទេសសមាជិក ។ ក្នុងករណីដែលប្រទេសណាមានជម្លោះ បើព្យាយាមខាងការទូតមិនបានលទ្ធផល នោះ ណាតូ នឹងចូលទៅប្រតិបត្តិការរៀបចំវិបត្តិនោះ ។
បច្ចុប្បន្ន ណាតូ មានសមាជិកទាំងអស់ ៣០ ប្រទេស គឺ អាល់បានី, បែលហ្ស៊ិក, ប៊ុលហ្គារី, កាណាដា, ក្រូអាត, សាធា រណរដ្ឋឆេក, ដាណឺម៉ាក, អេស្តូនី, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, អ៊ីស្លង់, អ៊ីតាលី, ឡាតវី, លីទុយអានី, លុចសំបួ, ម៉ុងតេណេហ្គ្រោ, ហុល្លង់, ម៉ាសេដូនីខាងជើង, ន័រវេស, ប៉ូឡូញ, ព័រទុយហ្គាល់, រូម៉ានី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ទួរគី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
ក្នុងឆ្នាំ ២០១៤ កិច្ចប្រជុំកំពូលរបស់ប្រទេសសមាជិកណាតូ ត្រូវបានប្រារព្ធឡើងដោយបានសន្និដ្ឋានថា នៅឆ្នាំ ២០២៥ ប្រទេសសមាជិកនីមួយៗនឹងត្រូវបង់ថ្លៃសន្តិសុខការពារជាតិចំនួន ២% នៃផលិតផលក្នុងស្រុកសរុប (GDP)របស់ប្រទេសនីមួយៗ នោះមានន័យថា ប្រាក់នឹងត្រូវចំណាយលើការទិញអាវុធយុទ្ធភណ្ឌ ការថែទាំ ការហ្វឹកហ្វឺនយោធា និងផ្នែកការពារជាតិផ្សេងៗទៀត ។
គិតត្រឹមឆ្នាំ ២០១៧ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលលើសពីកម្រិតគោលដៅ ដែលបានចំណាយ ៣,៦% នៃផលិតផលក្នុងស្រុកសរុប(GDP) ស្មើនឹង ៦៨៦ ពាន់លានដុល្លារ ខណៈពេលដែលចក្រភពអង់គ្លេសបង់ ២,១% នៃ GDP ស្មើនឹង ៥៥,២ លានដុល្លារ, ក្រិកបង់ ២,៤% នៃ GDP ស្មើនឹង ៤,៧ លានដុល្លារ, ប៉ូឡូញបង់ ២% នៃ GDP ដែលត្រូវបានចាត់ទុកថាត្រូវនឹងកម្រិតដែលបានកំណត់, ប្រទេសបារាំងបានចំណាយទាបជាងគោលដៅរបស់ខ្លួន ១,៨% នៃ GDP សរុបក្នុងវិស័យការពារជាតិ, ឡាតវី ដែលចំណាយត្រឹមតែ ១,៨% នៃ GDP មានកម្រិតទាប បើធៀបនឹងសមាជិកណាតូផ្សេងទៀត ។
ទិន្នន័យពី visualcapitalist ឲ្យដឹងថា ការចំណាយលើផ្នែកការពាររបស់ណាតូ ឃើញថា សហរដ្ឋអាមេរិកចំណាយច្រើនជាងសមាជិកដទៃទៀត ដែលតាមរបាយការណ៍ឆ្នាំ ២០២១ បង្ហាញថា អាមេរិកចំណាយប្រមាណ 811 ពាន់លានដុល្លារ ។ រីឯការចំណាយទៅលើវិស័យការពារជាតិដោយប្រទេសសមាជិកណាតូ បូកបញ្ចូលគ្នា ត្រូវបានគេប៉ាន់ប្រមាណថា មានត្រឹមចំនួន 363 ពាន់លានដុល្លារ ដែលស្មើនឹង «មហាអំណាច»របស់សហរដ្ឋអាមេរិក គឺ ៤៤៨ ពាន់លានដុល្លារ ។
សម្រាប់ ១០ ប្រទេសរបស់ណាតូ ដែលចំណាយច្រើនជាងគេលើផ្នែកការពារ គឺ៖
សហរដ្ឋអាមេរិក 811,140,000,000 $
អង់គ្លេស 72,765,000,000 $
អាល្លឺម៉ង់ 64,785,000,000 $
បារាំង 58,729,000,000 $
អ៊ីតាលី 29,763,000,000 $
កាណាដា 26,523,000,000 $
អេស្ប៉ាញ 14,875,000,000 $
ហុល្លង់ 14,378,000,000 $
ប៉ូឡូញ 13,369,000,000 $
ទួរគី 13,057,000,000 $
ចុះបើអ៊ុយក្រែនចូលណាតូ ចំណាយប៉ុន្មាន?
គេបានគណនាថវិកាដើម្បីបង់មានចំនួន ២% នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ។ ការរកឃើញបឋមបង្ហាញថា GDP របស់អ៊ុយក្រែនមានចំនួន 155.499 ពាន់លានដុល្លារក្នុងឆ្នាំ 2020 ។ ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ហើយតម្រូវឱ្យបង់ការចំណាយលើវិស័យការពារជាតិលើមូលដ្ឋានដែលបានកំណត់ ២% នៃ GDP អ៊ុយក្រែននឹងត្រូវបង់ចំនួន 3,1 ពាន់លានដុល្លារ នៅក្នុងការទូទាត់សន្តិសុខរបស់ណាតូ ។
ប៉ុន្តែប្រសិនបើសួរថា នៅទីបញ្ចប់ តើនរណានឹងក្លាយជាសមាជិកណាតូ និងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ? ចម្លើយដែលស្រួលបំផុត គឺប្រទេសមហាអំណាចដែលចៀសមិនរួចជាមួយបច្ចេកវិទ្យា សព្វាវុធទំនើប ដែលត្រៀមផលិត និងលក់ទៅប្រទេសសមាជិកតូចៗដែលបានកាន់កាប់នោះ ៕
អរគុណ worldbank,visualcapitalist,worldpopulationreview
រូបភាពពី gettyimages