ដោយលោក លៀង សូរ្យរិទ្ធ៖
រយៈពេលជាងមួយខែហើយ ដែលរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនពីទិសដៅបីគឺ ខាងជើង ខាងកើត និងខាងត្បូង ប៉ុន្តែជាការសង្ឃឹមខ្ពស់ពេកដែលថាអ៊ុយក្រែនចុះចាញ់ ផ្ទុយទៅវិញ អ៊ុយក្រែនបានប្រយុទ្ធយ៉ាងស្វិតស្វាញ រហូតហាក់ដូចជាការឈ្លានពានរបស់រុស្ស៊ីបានបរាជ័យ ឬយ៉ាងហោចណាស់ បានថយចុះដូចជាក្នុងអំឡុងពេលការលុកលុយរបស់ណាស៊ីអាល្លឺម៉ង់លើ លេនីនហ្គ្រាដ, ម៉ូស្គូ និង ស្តាលីនហ្គ្រាដ នៅក្នុងសង្គ្រាមលោកលើកទី ២ ដែរ ។
មុនការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែនថ្មីៗនេះ លោកប្រធានាធិបតី ពូទីន បានព្យាយាមអះអាងថា អ៊ុយក្រែនមិនមែនជាប្រទេសពិតប្រាកដ ប៉ុន្តែវាជាផ្នែកមួយនៃប្រទេសរុស្ស៊ីសម្រាប់រាប់រយឆ្នាំនៃប្រវត្តិសាស្ត្រ វាត្រូវបានបង្កើតឡើងជារដ្ឋប្រឌិតនៅពេលដែលសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២២ ដោយលោក វ៉្លាឌីមៀរ លេនីន (Vladimir Lenin) ។
ចំណុចនេះមិនដូចសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនតាំងពីឆ្នាំ ១៩៤៩ នោះទេ ហើយតែងតែទទូចថា នៅពេលដែលតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការ សាធារណរដ្ឋប្រជាមានិតចិននឹងប្រើប្រាស់កម្លាំងយោធាដើម្បីវាយតៃវ៉ាន់ ។បើចិនពិតជាឈ្លានពានតៃវ៉ាន់មែន ជំហររបស់អាមេរិកប្រហែលស្រដៀងនឹងអ៊ុយក្រែនដែរ ពោលគឺមិនជួយផ្ទាល់ទេ គ្រាន់តែគាំទ្រខាងអាវុធប៉ុណ្ណោះ ព្រោះគ្មានសន្ធិសញ្ញាណាដែលចងអាមេរិកឲ្យចូលរួមសង្គ្រាមជាមួយប្រទេសណាមួយឡើយ តួយ៉ាង ការឈ្លានពានទាំងអ៊ុយក្រែន និងតៃវ៉ាន់ និង ដូចប្រទេសទាំងអស់ដែលជាសមាជិកអង្គការណាតូ, ជប៉ុន, កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ជាដើម ។
ចំពោះការក្រែងរអែងថា ចិននឹងទាញយកឱកាសដែលពិភពលោកកំពុងចលាចលរឿងឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចង់លុកលុយតៃវ៉ាន់ដូចគ្នា ឬអត់ គួរពិចារណាថា ចិនបានរៀនមេរៀនពីរ ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺ៖
១. បញ្ហាយុទ្ធសាស្ត្រខាងយោធាដែលសាធារណរដ្ឋប្រជាមានិតចិន គ្មានជំនាញក្នុងការប្រយុទ្ធលើគោក ដើម្បីឈ្លានពានតៃវ៉ាន់គឺ វាប្រៀបដូចជាទាហានរុស្ស៊ីមិនមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដដូច្នោះដែរ ដោយសារតែពួកគេភាគច្រើនជាទាហានកំណែនដែលមានកំណត់ពីរឆ្នាំ ហើយយោធារបស់រុស្ស៊ីសម្បូរទៅដោយអំពើពុករលួយដូចស្ថាប័នផ្សេងៗ ដូច្នេះវាគឺជាធម្មជាតិនៃប្រទេសផ្តាច់ការ ធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទទួលបរាជ័យ ។
ទោះបីជាប្រធានាធិបតី ហ្ស៊ី ជិនពីង (Xi Jinping) បានសង្កត់ធ្ងន់លើការប្រឆាំងអំពើពុករលួយជាគោលនយោបាយចម្បងចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុងឆ្នាំ ២០១៣ ក៏ដោយ និងទោះបីជាបញ្ហាអំពើពុករលួយរបស់ប្រទេស ចិនមានលក្ខណៈស្រាលជាងរុស្ស៊ីក៏ដោយ ប៉ុន្តែនៅតែមិនអាចជឿទុកចិត្តបាន ។
២. ចិនត្រូវខ្លាចរអា បើចិនចូលឈ្លានពានទឹកដីតៃវ៉ាន់ ។ ប្រទេសអភិវឌ្ឍន៍ ដែលជាអតិថិជនសំខាន់ខាងពាណិជ្ជកម្មអន្តរជាតិ ដែលជាបេះដូងនៃប្រទេសចិន នឹងបង្រួបបង្រួមទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតចិនក្នុងកម្រិតដែលពួកគេបានធ្វើ ប្រឆាំងដូចគ្នានឹងរុស្ស៊ីនាពេលបច្ចុប្បន្នដែរ ។ ប្រទេសចិនពិតជានឹងមិនអាចទទួលបានកម្រិតនៃទណ្ឌកម្មសេដ្ឋកិច្ច ដូចរុស្ស៊ីកំពុងប្រឈមមុខនាពេលនេះទេ ដោយសារតែសេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិនមានទំនាក់ទំនងជាមួយពាណិជ្ជកម្មពិភពលោកច្រើនជាងរុស្ស៊ីឆ្ងាយ ។
ដូច្នេះហើយ មេរៀនចំណុចទាំងពីរនេះ ដែលចិនទទួលបានពីស្ថានការណ៍ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គួរតែជាចម្លើយថា តើសាធារណរដ្ឋប្រជាមានិតចិន គួរនឹងឆក់ឱកាសពីភាពចលាចលរបស់ពិភពលោកពេលបច្ចុប្បន្ន ថាតើត្រូវឈ្លានពានតៃវ៉ាន់ឬអត់? ពិចារណាតាមការគួរ!