ដោយ សូរ្យរិទ្ធ៖
តាមព័ត៌មានពី ART News, CBS News ដែលវេបសាយ mgronline របសថៃស្រង់មកផ្សាយឲ្យដឹងថា ទោះជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ផ្តល់សញ្ញាគាំទ្រខាងយោធាចំពោះអ៊ុយក្រែនក៏ដោយ ប៉ុន្តែតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន CBS News កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បណ្តាអាវុធយុទ្ធភ័ណ្ឌ ដែលប្រទេសលោកខាងលិចឲ្យទៅប្រទេសអ៊ុយក្រែន មានត្រឹមតែ ៣០% ប៉ុនណោះដែលត្រូវបញ្ជូនដល់សមរភូមិមុខ ចំពេលមានពាក្យចចាមអារ៉ាមថា ត្រូវបានទុកចោលដោយឥតប្រយោជន៍ អំពើពុករលួយ ហើយលក់យកចំណេញលើទីផ្សារងងឹត ។
សហរដ្ឋអាមេរិកបានអនុម័តជំនួយសេដ្ឋកិច្ច និងយោធាជាង 54 ពាន់លានដុល្លារដល់អ៊ុយក្រែនតាំងពីខែកុម្ភៈមកម៉្លេះ ហើយចក្រភពអង់គ្លេសសន្យាផ្តល់ជំនួយយោធាជិត 3 ពាន់លានដុល្លារ និងសហភាពអឺរ៉ុបផ្តល់អាវុធ 2,5 ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន មានតាំងពីកាំភ្លើងរ៉ាហ្វាល គ្រាប់បែក កាំជ្រួចប្រឆាំងរថក្រោះ ប្រព័ន្ធកាំជ្រួចជាច្រើនគ្រឿង ត្រូវបានដឹកជញ្ជូនពីឃ្លាំងអាវុធភាគខាងលិចទៅកាន់អ៊ុយក្រែន ស្ទើរតែពាសពេញប្រទេសប៉ូឡូញ ។
ទោះយ៉ាងណាក៏ដោយ វាកម្រណាស់ដែលការដឹកជញ្ជូនដំណើរការទៅដោយរលូននោះ ។ របាយការណ៍ CBS News បានបង្ហាញកាលពីសប្តាហ៍មុនទៀតថា «ជំនួយទាំងអស់ត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន ហើយបន្ទាប់មកមានត្រឹមប្រហែល 30% ប៉ុណ្ណោះដែលទៅដល់គោលដៅ ។ «ចូណាស អូម៉ង់» អ្នកបង្កើតអង្គការរៀបចំស្បៀងទៅឲ្យទាហានអ៊ុយក្រែន ដែលមានបញ្ជាការដ្ឋាននៅប្រទេសលីទុយអានី ហើយបានប្រាប់ CBS News ថា ការនាំអាវុធទៅឲ្យទាហានទាំងនោះ ជាប់គាំងនៅក្នុងបណ្តាញដ៏ស្មុគស្មាញនៃអ្នកមានឥទ្ធិពល ដែលមានអំណាច និងអ្នកមានតួនាទីនយោបាយ ។
ប៉ុន្តែអ៊ុយក្រែនបានទទូចថា ពួកគេតាមដានអាវុធនីមួយៗដែលឆ្លងចូលតាមព្រំដែនរបស់ពួកគេ ដោយលោក យូរិ សាក់ (Yuri Zach) ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិ បានប្រាប់កាសែត Financial Times កាលពីខែមុនថា សេចក្តីរាយការណ៍ព័ត៌មាននេះ «វាអាចជាផ្នែកមួយនៃសង្គ្រាមព័ត៌មានរបស់រុស្ស៊ី បំបាក់ទឹកចិត្តដៃគូអន្តរជាតិ »។
ទោះជាយ៉ាងណា មន្ត្រីនៅភាគខាងលិចមួយចំនួនបានបន្តបញ្ចេញការព្រួយបារម្ភ ដោយប្រភពស៊ើបការណ៍សម្ងាត់អាមេរិក ត្រូវបានគេបង្ហាញឱ្យ CNN ក្នុងខែមេសាថា ទីក្រុងវ៉ាស៊ីនតោនមានគំនិតតិចតួចអំពីអ្វីដែលបានកើតឡើងចំពោះអាវុធ និងកំណត់ថា ការផ្តល់អាវុធជា «ការធ្លាក់ចូលទៅក្នុងប្រហោងខ្មៅដ៏ធំ» ពេលដែលអាវុធទាំងនេះត្រូវបានបញ្ជូនទៅអ៊ុយក្រែន ។ ប្រភពកាណាដាក៏បាននិយាយកាលពីខែមុនថា ពួកគេមិនបានដឹងថាអាវុធដែលត្រូវបានប្រគល់ទៅនោះ មិនដឹងវាបញ្ចប់នៅទីណា?
ទីភ្នាក់ងារប៉ូលីសសហភាពអឺរ៉ុប (Europol) បានអះអាងថា សព្វាវុធមួយចំនួនបានបញ្ចប់នៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំនៅក្នុងសហភាពអឺរ៉ុប ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានព្រមានថា ពួកគេកំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ។ នេះបើតាមការស៊ើបអង្កេតរបស់ ART News កាលពីខែមិថុនា បានរកឃើញទីផ្សារអនឡាញជាច្រើនដែលបង្ហាញពីគ្រាប់បែករបស់លោកខាងលិច ដូចជាគ្រាប់រ៉ុក្កែត Jefflin និងប្រព័ន្ធប្រឆាំងរថក្រោះ NLAW រួមទាំងយន្តហោះគ្មានមនុស្សបើក Switchblade ចេញលក់ក្នុងតម្លៃជាប្រាក់ដុល្លារ ។
អ៊ុយក្រែនបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតមួយរបស់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានពិន្ទុ122 លើ 180 នៃសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយឆ្នាំ2021 របស់អង្គការតម្លាភាពអន្តរជាតិ(CPI) ។
ទន្ទឹមនឹងនេះ នៅពេលដែលកងកម្លាំងអាមេរិក ឈ្លានពានអាហ្វហ្គានីស្ថានក្នុងឆ្នាំ 2001 ពួកគេបានប្រឈមមុខនឹងអ្នកប្រយុទ្ធប្រដាប់អាវុធដែលប្រើដោយកងកម្លាំងអាមេរិកក្នុងទសវត្សរ៍ឆ្នាំ 1980 និងថ្មីៗនេះនៅពេលដែលសហរដ្ឋអាមេរិក ដកខ្លួនចេញពីអាហ្វហ្គានីស្ថាននៅឆ្នាំ 2021 ក្រុមតាលីបង់អះអាងថា យោធាអាមេរិកបានបន្សល់ទុកគ្រាប់បែករាប់ពាន់លានដុល្លារ ។
នៅស៊ីរី អាវុធរបស់អាមេរិក ត្រូវបានគេគ្រោងបញ្ជូនទៅឱ្យពួកសកម្មប្រយុទ្ធដែលគេស្គាល់ថាជា «ពួកឧទ្ទាមកម្រិតមធ្យម» នៅទីបំផុតបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ IS និងក្រុមជីហាដ al-Nusra អាវុធលក់ឱ្យអារ៉ាប៊ីសាអូឌីត ត្រូវបានចាប់ខ្លួនដោយពួកឧទ្ទាម Houthi នៅយេម៉ែន។
ទោះយ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mikhail Podogak កាលពីថ្ងៃអាទិត្យ ទី ៧ ខែសីហា បានអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថាការហូរចូលនៃអាវុធទៅក្នុងប្រទេសរបស់លោកបានបាត់ទៅវិញនោះទេ ។ «រុស្ស៊ីកំពុងស្វែងរកការបង្ខូចកេរ្តិ៍ឈ្មោះអ៊ុយក្រែន ក្នុងក្រសែភ្នែកសហគមន៍ពិភពលោកខាងលិច ជាមួយនឹងការចោទប្រកាន់អំពីទីផ្សារងងឹតអាវុធ»។
ART News, CBS News