វៀតណាមបែរខ្នងដាក់អាមេរិក ផ្តេកផ្តួលមកចិន?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី16 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 8:32 នាទី ព្រឹក

 

ដោយ សូរ្យរិទ្ធ៖

មុននេះ លោក ង្វៀន ហ៊្វូ ចុង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងវ័យ ៧៨ ឆ្នាំ មើលទៅហាក់មានសុខភាពទ្រុឌទ្រោម មិនសូវជាឃើញដើរទៅក្រៅប្រទេសណាឡើយ ប៉ុន្តែហេតុអីបានជាគាត់ជ្រើសរើសទៅចិនជាលើកដំបូង ក្រោយឡើងតំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ ២០២១?

ការជួបគ្នាលើកនេះ លោក ហ្ស៊ី និងលោក ង្វៀន មិនបានពាក់ម៉ាសទេ ក្នុងពេលប្រទេសចិនកំពុងមានវិធានការការពារកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ហើយថែមទាំងចាប់ដៃ និងឱបរឹតគ្នាយ៉ាងណែនទៀតផង ដែលរូបភាពនេះ គេកម្រឃើញធ្វើជាមួយមេដឹកនាំដទៃ ។ លោក ហ្ស៊ី នៅបានប្រគល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ទៅឲ្យលោក ង្វៀន ដោយនិយាយថា «មេដាយនេះ សម្តែងដល់មិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងវៀតណាម ក្នុងឋានៈជា «សមមិត្ត និងបងប្ងូន» ។ រីឯលោក ង្វៀន ក៏ជឿជាក់ថា មេដាយនេះបញ្ជាក់ថា ទាំងពីរប្រទេស នឹងអភិវឌ្ឍសម្ព័ន្ធភាពឲ្យរឹងមាំដែរ ។

លោក ហ្ស៊ី និយាយថា បក្សកុម្មុយនិស្តចិន និងវៀតណាម គួរប្រញាប់បង្កើតសេចក្តីសុខ​ជូនប្រជាជន និង ការអភិវឌ្ឍន៍ឲ្យមានវឌ្ឍនភាពនៃមនុស្សជាតិ បង្កើតសង្គមនិយមទំនើបទាន់សម័យ និង «កុំឲ្យនរណាមករារាំង» ប្រទេសទាំង ២ បាន ។

តើវៀតណាមបែរខ្នងដាក់អាមេរិក ងាកមកខាងចិន?

ពាក្យសម្តីរបស់លោក ហ្ស៊ី ជិនពីង ថា ចិនត្រូវការឲ្យវៀតណាមនៅខាងចិន ដែលកំពុងស្ថិតនៅក្នុងស្ថានការណ៍តានតឹង ដោយឡែកជាមួយសហរដ្ឋអាមេរិក ទាំងរឿងតៃវ៉ាន់ និងរុស្ស៊ី-អ៊ុយក្រែន ។

«ការស្វាគមន៍ប្រកបដោយកិត្តិយសរបស់លោក ហ្ស៊ី ចំពោះមេដឹកនាំវៀតណាម ក្នុងគោលបំណងបញ្ចុះបញ្ចូលវៀតណាមឱ្យយល់ព្រមលើចក្ខុវិស័យរបស់ខ្លួន ក៏ដូចជាការសម្រេចបានសន្តិភាពនៅសមុទ្រចិនខាងត្បូង ដូច្នេះ គាត់​អាច​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អាមេរិក» ។

លោកបណ្ឌិត អាឡិច សានឌ័រ វូវិង ពីមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក ប្រាប់ BBC ជាភាសាវៀតណាមថា «ភាពជិតស្និទ្ធ គឺជាផ្នែកមួយនៃការព្យាយាមរបស់ចិន ដើម្បីអូសទាញវៀតណាមឲ្យមកនៅជិតខ្លួន និងបំផ្លាញសម្ព័ន្ធភាពជាមួយអាមេរិក» ។

ទោះបីជាសេចក្តីថ្លែងការណ៍រួមរបស់ចិន និងវៀតណាមបានបញ្ជាក់ថា វៀតណាមនឹងជំរុញការអភិវឌ្ឍន៍ក្នុងគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់មួយ (BRI) «គាំទ្រ និងស្ម័គ្រចិត្តចូលរួម» នៅក្នុងផែនការអភិវឌ្ឍន៍តាមបែបចិន ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក (Global Development Initiative: GDI) ការ​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​សន្តិសុខ​សកល (GDI) ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក និងប្រទេសលោកខាងលិចក៏ដោយ ប៉ុន្តែ​នេះ​មិន​អាច​មាន​ន័យ​ថា វៀតណាមផ្តេកផ្តួលខ្លួនទៅខាង​ចិន​ទេ ។

ផ្លូវមួយ វៀតណាមលូកដៃចាប់ជាមួយអាមេរិក ហើយផ្លូវមួយទៀត វៀតណាមត្រូវរក្សាចំណងមិត្តភាពជាមួយចិនជាដរាប និងព្យាយាមបន្ធូរបន្ថយកង្វល់របស់ចិនចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ដែលកើតមានយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាម និងសហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូង ។

 វៀតណាមរក្សាចិត្តរបស់ខ្លួនឲ្យដូចដើម គឺ៖

១.វៀតណាមនឹងមិនចូលសម្ព័ន្ធភាពយោធាជាមួយអ្នកណា

២.វៀតណាមនឹងមិនធ្វើជាសម្ព័ន្ធមិត្តជាមួយប្រទេសណា ដែលមានបំណងបង្កអន្តរាយដល់ប្រទេសដទៃ

៣.វៀតណាមមិនអនុញ្ញាតឱ្យប្រទេសណាមួយបង្កើតមូលដ្ឋានយោធានៅវៀតណាម ឬប្រើប្រាស់ដីរបស់វៀតណាមដើម្បីវាយប្រហារប្រទេសផ្សេងទៀត

៤. វៀតណាមនឹងមិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិឡើយ ។

វៀតណាមនៅពឹងពាក់សេដ្ឋកិច្ចចិន

ចិនក៏ត្រូវរក្សាទំនាក់ទំនងជាមួយវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ដើម្បី​ការពារ​ប្រទេស​ទាំងនេះ​កុំ​ឲ្យ​ងាក​ទៅរក​អាមេរិក​ខ្លាំងពេក ​នៅពេល​ចិន​កំពុង​វិលវល់រឿងតៃវ៉ាន់​ ។

ចំណែក​វៀតណាម ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ព្រោះ​វៀតណាម​ខ្លួន​ឯង​ ​មិន​សូវ​មាន​ទំនុក​ចិត្ត​នឹង​អាមេរិកប៉ុន្មានទេ ថាតើ​​នឹង​ជួយ​វៀតណាម​បាន​កម្រិតណា ប្រសិនបើ​ចិន​ឈាន​ទៅ​មុខ​ផ្នែក​យោធា​នៅ​ប្រជុំ​កោះ Paracel Spratly នៅសមុទ្រចិនខាងត្បូងយ៉ាងពេញលេញ ? ទន្ទឹម​នឹង​នេះ ចិន​នៅ​តែ​កាន់​អំណាច​សេដ្ឋកិច្ច​លើ​វៀតណាម។

ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម បើទោះបីជាមានការផ្ទុះឡើងនៃ COVID-19 ក៏ដោយ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាមថា ចិនជាប្រទេសនាំមុខគេលើទំនិញវៀតណាម ។ ទំហំពាណិជ្ជកម្មគឺ 55.9 ពាន់លានដុល្លារអាមេរិក ដោយទំនិញកែច្នៃ និងសម្រេចរបស់វៀតណាមបាននាំចេញទៅកាន់ប្រទេសចិនស្មើនឹង 77.6 ភាគរយនៃតម្លៃនាំចេញសរុបរបស់វៀតណាម ចំពោះគ្រឿងម៉ាស៊ីន និងវត្ថុធាតុដើម ការផលិតពីប្រទេសចិនមានចំនួន 94.15 ភាគរយនៃប្រាក់ចំណូលនាំចូលរបស់វៀតណាម ។

ទន្ទឹមនឹងនោះ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំជាងគេក្នុងចំណោមប្រទេសអាស៊ាន និងធំជាងគេទីប្រាំមួយរបស់ចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ប្រទេសចិនបានកាត់បន្ថយពន្ធលើការនាំចូលជាង 8,000 មុខពីប្រទេសវៀតណាម រួមទាំងផលិតផលកសិកម្មផងដែរ ។

បញ្ហាសមុទ្រចិនខាងត្បូងនៅតែមានបញ្ហា

ចិន និងវៀតណាម មានចំណុចវិវាទជាច្រើនរឿងជាមួយគ្នា រួមទាំងបញ្ហាសមុទ្រចិនខាងត្បូងផង ប៉ុន្តែចំណងមេត្រីរវាងបក្សកុម្មុយនិស្តទាំងពីរនៅតែចាត់ការគ្នាដោយសន្តិវិធីបាន ។

តើ​រដ្ឋាភិបាល​វៀតណាម​អាច​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ចិន​បាន​កម្រិត​ណា? ព្រោះ​ទោះ​បី​ជា​ប្រជាជន​វៀតណាម​សប្បាយ​ចិត្ត​នឹង​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​កាន់​តែ​ប្រសើរ​ក៏​ដោយ ប៉ុន្តែប្រជាជនវៀតណាមនៅតែមានការសង្ស័យយ៉ាងខ្លាំងចំពោះប្រទេសចិន ដោយសារតែប្រវត្តិនៃជម្លោះជាមួយគ្នា ដូច្នេះហើយភាពចម្រូងចម្រាសទាំងនេះមានសក្តានុពលអាចផ្ទុះឡើង បើ​មាន​អ្វី​កើត​ឡើង​ដែល​បង្ក​របួស​ក្នុង​ចិត្ត​ប្រជាជន​វៀតណាម ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម