ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ប្រកបដោយថាមពល ស្នាមញញឹម និងមិត្តភាព

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែឩសភា ឆ្នាំ2023 ម៉ោង 2:36 នាទី ល្ងាច

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក ថោង ខុន ប្រធានកីឡាអូឡាំពិកកម្ពុជាចប់ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៧ ឧសភា សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញថ្លែងសុន្ទរកថាមានអត្ថន័យដ៏ជ្រាលជ្រៅ និង ថ្លែងអរគុណសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អរគុណបណ្តាអត្តពលិកជាមិត្តអាស៊ាន អរគុណប្រជាជនខ្មែរ ដែលបានគាំទ្រឲ្យស៊ីហ្គេមលើកទី ៣២ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ បានមានប្រសាសន៍ «ស៊ីហ្គេមលើកទី ៣២ បានបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យដ៏ត្រចះត្រចង់... សម្តេចស្រែកសួរថា នេះជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាមែនទេ? នេះជាភាពសាមគ្គី មិត្តភាពរវាងអាស៊ានមែនទេ? សម្លេងទះដៃហ៊ោរកងរំពងពេញពហុកីឡដ្ឋានស្រែកថា មែនៗ..., កីឡារស់ក្រោមសន្តិភាព ចង់បានសមិទ្ធផលបែបនេះ ទាល់តែប្រជាជនកម្ពុជា ចូលរួមជាមួយរដ្ឋាភិបាល ការពារសន្តិភាពឲ្យបាន...» ។

ចំណែក​តំណាង​ប្រទេស​ថៃ​​មាន​ឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ លោក​បណ្ឌិត គង់ស័ក្តិ យ៉ុដម៉ានី (Kongsak Yodmanee) អភិបាល​នៃ​អាជ្ញាធរ​កីឡា​ថៃ លោក ឆាតឆាត សីត្ធីផាន់ (Chatchat Sitthiphan) អភិបាល​ក្រុង​បាងកក និង​លោក ឈើតគៀតអាថាខន (Cherdkiat Atthakorn) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ ។

សម្រាប់ពិធីបិទជាម្ចាស់ផ្ទះ កម្ពុជាបានបង្ហាញពីសិល្បៈ និងវប្បធម៌របស់កម្ពុជាដ៏មហិមា ពីការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងជាលើកដំបូងរបស់ប្រទេស ។

ឈុតសម្តែងសិល្បៈរបស់ប្រទេស​ថៃ គឺ​មានចំណងជើង «សុវត្ថិឌី ស៊ីហ្គេម (សួស្តី ស៊ីហ្គេម)» ដែល​រចនា​និង​សម្តែង​ដោយ ក្រុម «Think Positive Sipp» ជាក្រុមដែលចូលចិត្តរាំមានភាពច្នៃប្រឌិត ហើយុទទួលបានទង់ជាតិធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងប្រកួតនៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 9-20 ខែធ្នូ ឆ្នាំ 2025 ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅភ្នំពេញនេះ ២០២៣ នេះ គេសង្កេតឃើញ ម្ចាស់មេដាយមាស គឺប្រទេសវៀតណាម ដែលដណ្ដើមបានមេដាយមាសចំនួន ១៣៦ មេដាយប្រាក់ ១០៥ និងសំរឹទ្ធ ១១៤ សរុបចំនួន ៣៥៥ មេដាយ។ ថៃឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្ដើមបានមេដាយមាស ១០៨ មេដាយប្រាក់ ៩៦ និងសំរឹទ្ធ ១០៨ សរុប ៣១២ មេដាយ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសឥណ្ឌូណេស៊ី ដែលមានមេដាយមាស ៨៧ ប្រាក់ ៨០ សំរឹទ្ធ ១០៩ សរុប ២៧៦ មេដាយ ហើយចំណាត់ថ្នាក់លេខ ៤ ជារបស់ម្ចាស់ផ្ទះកម្ពុជា មានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧ សរុប ២៨២ មេដាយ ៕

សូមទស្សនាវីដេអូនូវភាពអស្ចារ្យនៃពិធីបិទស៊ីហ្គេម៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម