អ្នកវិភាគនិយាយ ឥណ្ឌាមាន«ពុតត្បុត» ព្រួយបារម្ភអំពីវិបត្តិភូមា ប៉ុន្តែ​រក​ឃើញ​​លក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​យោធាភូមា

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:02 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ប្រទេសផ្សេងៗដែលមានបច្ចេកវិទ្យាផលិតសព្វាអាវុធ មិនមែនសម្រាប់តែប្រើការក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺចង្វាក់ផលិតកម្ម ស្របនឹងការនាំចេញសព្វាវុធទៅក្រៅប្រទេស មានតម្លៃរាប់រយពាន់លានដុល្លារ ។

ឥឡូវនេះ ស្ងាត់ៗក្រុមហ៊ុនផ្សេងៗ​ក្នុង​ប្រទេស​ឥណ្ឌា​កំពុង​ផ្គត់ផ្គង់​សព្វាវុធ​ដល់​របប​យោធា​ភូមា ខណៈពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានសម្តែងការព្រួយបារម្ភនៅលើឆាកអន្តរជាតិអំពីវិបត្តិនយោបាយនៅក្នុងប្រទេសភូមា ។

អង្គការសិទ្ធិមនុស្ស Justice for Myanmar បានរាយការណ៍កាលពីខែមិថុនាថា ក្រុមហ៊ុនផលិតអាវុធឥណ្ឌា Bharat Electronics Limited = (BEL) បានផ្ទេរសម្ភារៈយោធាដែលមានតម្លៃជាង 5.1 លានដុល្លារទៅឱ្យកងទ័ពភូមា ឬក្រុមហ៊ុន Alliance Engineering Consultancy និងក្រុមហ៊ុន Mega Hill General Trading ដែលត្រូវបានគេស្គាល់ថាជាឈ្មួញកណ្តាលអាវុធរបស់ភូមាក្នុងរយៈពេលប្រាំមួយខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 ដល់ខែមេសា ២០២៣ ។

អាវុធយោធា រួមបញ្ចូលផងដែរនូវ Metal sonar dome ឧបករណ៍បំប្លែង និងសម្ភារប្រើប្រាស់លើនាវាចម្បាំង ឬនាវាមុជទឹក ប្រព័ន្ធបញ្ជូនឯកសារបច្ចេកទេស ឧបករណ៍សម្រាប់បញ្ជូនវិទ្យុ ឬឧបករណ៍រ៉ាដា និងវិទ្យុចល័តសម្រាប់ការទំនាក់ទំនងក្នុងសមរភូមិ ។

អង្គការខាងលើបាននិយាយថា ការនាំចេញទាំងនេះគឺជាផ្នែកមួយនៃទម្រង់គាំទ្ររបស់ឥណ្ឌាសម្រាប់កងទ័ពមីយ៉ាន់ម៉ា និងឧស្សាហកម្មអាវុធក្នុងស្រុករបស់ខ្លួន ហើយ​បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​របស់​ឥណ្ឌា​ប្រើ​អំណាច​របស់ខ្លួន​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ឥណ្ឌា​បញ្ចប់​ការលក់​សព្វាវុធ​ ផលិតផល និងបច្ចេកវិទ្យារបស់ខ្លួន ។

ការលក់សព្វាវុធនេះបានកើតឡើងសូម្បីតែពេលដែលលោក Modi និងប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី 22 ខែមិថុនា ដែលបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់នៅក្នុងប្រទេសភូមា និងទាមទារឱ្យដោះលែងអ្នកទោសនយោបាយរបស់ប្រទេស ។

លោក តាន់ សឿណាយ អ្នកវិភាគនយោបាយ បានបង្ហាញពីការលាក់ពុតរបស់ឥណ្ឌាលក់អាវុធទៅឱ្យរដ្ឋាភិបាលយោធាភូមាដែលបិទបាំងនៅលើដៃម្ខាង ។ ម្យ៉ាងវិញទៀត លោក​បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

របាយ​ការណ៍របស់ Justice for Myanmar មាន​កើត​ឡើង​បន្ទាប់​ពី​លោក ថំ អេនឌ្រូវ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ភូមា ចេញរបាយការណ៍មួយកាលពីខែឧសភាបាននិយាយថា របបយោធាបាននាំចូលអាវុធ និងវត្ថុធាតុដើមមានតម្លៃយ៉ាងហោចណាស់ ១ ពាន់លានដុល្លារដើម្បីផលិតអាវុធ នៅចន្លោះថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ដែលកើតរដ្ឋប្រហារ រហូតដល់ខែធ្នូ ឆ្នាំ 2022 ។

នេះ​បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស របបយោធាកំពុងប្រើអាវុធទាំងនោះប្រឆាំងនឹងប្រជាជនភូមា រួមទាំងការវាយប្រហារលើក្រុមប្រដាប់អាវុធ និងជនស៊ីវិលដែលប្រឆាំងនឹងការគ្រប់គ្រង។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី ចិន និងសិង្ហបុរី នៅតែជាប្រភពអាវុធសំខាន់រហូតមកដល់ពេលនេះ ដោយយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិថា ទីភ្នាក់ងារឥណ្ឌាជាច្រើនកន្លែង រួមដល់ភ្នាក់ងាររបស់រដ្ឋាភិបាល បានផ្ទេរអាវុធ និងសម្ភារៈពាក់ព័ន្ធដែលមានតម្លៃ 51 លានដុល្លារទៅឱ្យយោធាក្នុងអំឡុងពេលជាមួយគ្នានេះ ស្របពេលដែលតម្លៃរបស់រុស្ស៊ីគឺ 406 លានដុល្លារ ចិន 267 លានដុល្លារ និងសិង្ហបុរី 254 លានដុល្លារ ៕

 

ប្រភព mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម