ជារឿងខកចិត្ត ប្រសិនប្រធានាធិបតីអាមេរិក ចូ បៃដេន អាចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងកញ្ញានៅទីក្រុងហ្សាការតា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី13 ខែសីហា ឆ្នាំ2023 ម៉ោង 10:44 នាទី ព្រឹក

 

ពី posttoday

ដោយ សូរ្យសែង៖

ប្រធានាធិបតីអាមេរិក ចូ បៃដេន អាចមិនចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតានៅខែក្រោយទេ ជាហេតុនាំឲ្យមានសំណួរសួរថា តើជំហររបស់សហរដ្ឋអាមេរិក ទៅលើតំបន់សំខាន់មួយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិនទៅជាយ៉ាងណា?

លោក បៃដេន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ៩-១០ ខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា ហើយបាននិយាយកាលពីថ្ងៃអង្គារ ទី ៨សីហា ថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដែលជាដៃគូសំខាន់របស់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នា ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពី​ថ្ងៃ​ទី ៤-៧ ខែ​កញ្ញា នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ។

ប្រភព​ជិត​ស្និទ្ធ​លើកឡើងថា លោក បៃដេន នឹងមិនទៅឥណ្ឌូនេស៊ីទេ ហើយ​ប្រភព​មួយ​ទៀត​បាន​ដក​ស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​ប្រចាំ​រដ្ឋធានីវ័រស៊ីនតោន​ ។ ឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៧ សីហាថា លោក បៃដេន នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ទេ ដោយអះអាងថា ការចូលរួមរបស់គាត់ «នឹងមិនអាចទៅរួច» ។

នៅ​ពេល​សួរ​ថា តើ​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ដែល​លោក បៃដេន មិន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី? មន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់ទីភ្នាក់ងាររ៉ឺទ័រកាលពីសប្តាហ៍មុនថា៖ «យើង​កំពុងដំណើរការដោះស្រាយ... យើងអាចនឹង​មាន​អ្វី​ច្រើន​ដែល​ត្រូវ​និយាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ» ។

អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ។ ប្រភព​និយាយ​ថា កាលវិភាគ​របស់​លោក បៃដេន ក្នុងដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​មិន​ទាន់​មាន​ជា​ផ្លូវ​ការ​ទេ ​រហូត​ទាល់​តែ​មាន​ការ​ជូន​ដំណឹង​ជាក្រោយ​ទៀត ហើយ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ ។

មន្ត្រី​ការទូត​អាស៊ាន​ជាច្រើន​បាន​និយាយ​ថា វា​ជា​ការ​ខក​ចិត្ត​ខ្លាំង​ណាស់ ប្រសិន​បើ​លោក បៃដេន មិន​បានទៅ​ទីក្រុង​ហ្សាការតា ព្រោះ​កន្លង​មក​លោក​បាន​បញ្ជាក់​ជា​សាធារណៈ​ថា រដ្ឋាភិបាល​លោក​ឲ្យ​តម្លៃ​ទំនាក់ទំនង​ជាមួយ​តំបន់អាស៊ាន ។

តែប្រភពផ្សេងទៀតរំពឹងថា លោក បៃដេន នឹងបញ្ជូនអនុប្រធានាធិបតី ខាម៉ាឡា ហារីស ចូលរួមជំនួសវិញ ព្រោះគាត់ធ្លាប់​ធ្វើ​ការ​ទូត​ក្នុង​តំបន់នេះ ។

ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​អាស៊ាន​ក្នុង​ទីក្រុង​វ័រស៊ីនតោន​កាលពី​ថ្ងៃទី ៨ សីហា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក បៃដេន គឺលោក ចូណាថាន ហ្វាយនើ បានសរសើរទំនាក់ទំនងអាមេរិក-អាស៊ាន ហើយបាននិយាយថា «ភាពជាកណ្តាលរបស់អាស៊ាន គឺជាបេះដូងនៃយុទ្ធសាស្ត្ររដ្ឋបាលរបស់គាត់សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ។

អ្នកវិភាគគោលនយោបាយបាននិយាយថា ការមិនបង្ហាញខ្លួនឡើងវិញរបស់លោក បៃដេន បន្ទាប់ពី​បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​«ប្រទេសកម្ពុជា​»កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២ បង្កឲ្យមានការលើកសំណួរជាច្រើន ។

លោក មូរ៉ាយ ហេបឺត សហការីជាន់ខ្ពស់សម្រាប់កម្មវិធីអាស៊ាននៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ័រស៊ីនតោនបាននិយាយថា «វានឹងត្រូវបានចាត់ទុកថាជាការខកចិត្តក្នុងតំបន់នេះ» ។ គាត់បាននិយាយថា «អាស៊ីអាគ្នេយ៍ត្រូវបានលោក បៃដេន ពេញចិត្ត ដោយបានបង្កើនការចូលរួមរបស់ខ្លួនជាមួយតំបន់» ។

លោក ថេត អូស៊ីអ៊ុស អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម ជាប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន​បាន​និយាយ​ថា​ នឹង​មាន​ការ​ខក​ចិត្ត​ខ្លះ ​ប្រសិន​បើ​លោក បៃដេន មិនបានទៅទីក្រុងហ្សាការតា ព្រោះអ្វីជាមួយអាស៊ានក្រោមការគ្រប់គ្រងរបស់ បៃដេន ដែលជាគណបក្សប្រជាធិបតេយ្យ ។

កាលពីពេលមុ​ន សមាជិក​អាស៊ាន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត ​នៅពេល​អតីត​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​លោក ដូណាល់ ត្រាំ បដិសេធ​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា ដែល​អ្នក​ជំនាញ​គោលនយោបាយ​យល់​ឃើញ​ថា ​ជា​ការ​ជ្រៀតជ្រែក​ជាមួយ​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ ។

ខណៈពេលដែលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកមុនអាណត្តិរបស់ ត្រាំ បានចូលរួមរាល់កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងអាស៊ីបូព៌ា ចាប់តាំងពីឆ្នាំ ២០១១ មក លើកលែងតែក្នុងឆ្នាំ ២០១៣ នៅពេលដែលគាត់ត្រូវលុបចោល ដោយសារបញ្ហាថវិកា ដែលបង្ខំឱ្យបិទការិយាល័យរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម