អត្ថបទ សាវុឌ្ឍ៖
ឥណ្ឌូនេស៊ីបានបើកគម្រោងថ្មីចាក់វ៉ាក់សាំង ដោយបើកឱកាសឲ្យវិស័យឯកជនចាត់ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ចាក់ឲ្យបុគ្គលិក និងសមាជិកគ្រួសារបាន ដោយសង្ឃឹមថា គម្រោងនេះនឹងការពារមេរោគរាតត្បាតបានលឿនបំផុត ក្នុងចំនួនប្រជាជនទូទាំងប្រទេស ២៧០ លាននាក់ ។
លោក ចូខូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានទស្សនកិច្ចនៅរោងចក្ររបសក្រុមហ៊ុនយូនីលីវើរ ឥណ្ឌូនេស៊ី ដែលស្ថិតនៅជាយទីក្រុងហ្សាការតាក្នុងថ្ងៃនេះ (១៩ ឧសភា) ក្នុងឱកាសដែលករុមហ៊ុនចាក់វ៉ាក់សាំងឲ្យបុគ្គលិក ។
លោក វីដូដូ មានប្រសាសន៍ថា «យើងសង្ឃឹមថា ក្នុងខែសីហា ឬយ៉ាងយូរខែកញ្ញា ប្រជាជនជាង ៧០ លាននាក់ នឹងត្រូវបានទទួលការចាក់វ៉ាកសាំង» ។
យោងតាមទិន្នន័យពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ីឲ្យដឹងថា ក្រុមហ៊ុនជាង ២២.០០០ ក្រុមហ៊ុនផ្តល់ការងារដល់បុគ្គលិក និងសមាជិកគ្រួសាររាប់លាននាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីទិញវ៉ាក់សាំងសម្រាប់វិស័យឯកជន ហើយគេរំពឹងថានឹងមានក្រុមហ៊ុនមួយចំនួនធំដែលកំពុងដាក់ពាក្យសុំជាបណ្តើរៗ ។
មកទល់ពេលនេះ សរុបអ្នកឆ្លងកូវីដ-១៩ មានចំនួន ១,៧ លាននាក់ និងស្លាប់ ៤៨.៣០៥ នាក់ ឈរលំដាប់ទី ១ ក្នុងបណ្តាប្រទេសអាសាន ៕