មិនមែនតែក្រុមហាម៉ាសមួយទេដែលវាយអ៊ីស្រាអែល គឺមានក្រុមជីហាដអ៊ីស្លាមមួយទៀតដែលមានគោលដៅកម្ទេចយោធាលើអ៊ីស្រាអែល! តើក្រុមជីហាដជានរណា?

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែតុលា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

 

 

ដោយ សូរ្យសែង៖

«ក្រុមជីហាដអ៊ីស្លាម» ជាកម្លាំងប្រដាប់អាវុធមួយទៀតនៅតំបន់ហ្គាហ្សាស្ទ្រីប មានគោលដៅតែមួយ គឺកម្ទេចយោធាលើអ៊ីស្រាអែល ។

ក្នុង​ជម្លោះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន បើនិយាយអំពីក្រុមប្រដាប់អាវុធនៅជ្រោយហ្គាហ្សា មនុស្ស​ជា​ច្រើន​ប្រហែល​ស្គាល់​តែ​ក្រុម​ហាម៉ាសតែមួយ ដែល​ជា​អ្នក​គ្រប់​គ្រង​តំបន់​ហ្គាហ្សា​បច្ចុប្បន្ន ការពិត សត្រូវ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​មិន​ត្រឹម​តែ​ក្រុម​ហាម៉ាស​តែមួយប៉ុណ្ណោះ​ទេ ​គឺ​មាន​ក្រុម​ជីហាដ​អ៊ីស្លាម​ប៉ាឡេស្ទីន (PIJ) ផងដែរ ។

នៅក្នុងសង្រ្គាមឆ្នាំ ២០២៣ ក្រុមជីហាដអ៊ីស្លាមត្រូវបានគេចោលភ្នែកមើលជាពិសេស ដោយសារតែអ៊ីស្រាអែលបាននិយាយថា ពួកគេ​ជា​អ្នក​វាយប្រហារ​ទៅ​លើ​មន្ទីរពេទ្យ al-Ahli al-Arabi Baptist ក្នុង​តំបន់​ហ្គាហ្សា។

ជីហាដប៉ាឡេស្ទីន ជានរណា?

ក្រុមនេះត្រូវបានគេហៅយ៉ាងខ្លីថា «ជីហាតអ៊ីស្លាម» គឺជាក្រុមប្រដាប់អាវុធធំទីពីរនៅក្នុងតំបន់ហ្គាហ្សា ហើយត្រូវបានចាត់ទុកថា ជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលមានមនោគមវិជ្ជា និងការប្តេជ្ញាចិត្តខ្ពស់បំផុត ហើយ​ក៏​ប្រតិបត្តិការ​នៅ​តំបន់វេសបេង (West Bank) ផងដែរ។

ពួកគេតែងច្រានចោលដំណើរការសន្តិភាពនយោបាយណាមួយ ហើយមើលឃើញថា ជ័យជម្នះយោធាលើអ៊ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេ ក្នុងការបង្កើតរដ្ឋអ៊ីស្លាមនៅទូទាំងអ៊ីស្រាអែល តំបន់វេសបេង និង កាហ្សា ។ និយាយដោយសាមញ្ញថា គ្មានការចរចា ដឹងតែប្រយុទ្ធមួយមុខគត់ ។

អ្នកវិភាគជឿថា ក្រុមជីហាដអ៊ីស្លាមមានគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ផ្ទាល់ខ្លួន ។ កាលពីខែសីហា ឆ្នាំ ២០២៣ កងកម្លាំង Al-Quds ដែលជាកម្លាំងប្រដាប់អាវុធរបស់ក្រុម គួរ​តែ​បញ្ជូន​យុទ្ធជន​ផ្ទាល់​ខ្លួន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ហាម៉ាស​ដើម្បី​ឈ្លានពាន​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី ៧ ខែ​តុលា។

ក្រុម​ជីហាដ​អ៊ីស្លាម​ក៏​អះអាង​ដែរថា ពួកគេចាប់ចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់ និងបាននិយាយថា មាន សមត្ថភាពប្រយុទ្ធគ្រប់គ្រាន់ក្នុងការបាញ់រ៉ុក្កែត និងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល ដែលចូលទៅកាន់តំបន់ហ្គាហ្សា ក្នុងករណីមានការវាយប្រហារលើដី ។

តើ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហាម៉ាស​មាន​លក្ខណៈ​បែប​ណា?

នេះ​បើ​ទោះ​បី​ជា​ក្រុម​ជីហាដ​អ៊ីស្លាម​ តែង​មាន​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រុម​ហាម៉ាស​ក៏​ដោយ ប៉ុន្តែក្រុមទាំងពីរនេះនៅតែជាគូប្រជែងជាមួយនឹងភាពខុសគ្នានៅក្នុងយុទ្ធសាស្ត្រ មនោគមវិជ្ជា និងទំនាក់ទំនង ដោយបានរារាំងយូរមកហើយនូវការបង្កើតទំនាក់ទំនងពិតរវាងក្រុមទាំងពីរ។

តាម​ប្រវត្តិសាស្ត្រ ក្រុម​ជីហាដ​អ៊ីស្លាម​មិន​សូវ​មាន​គេ​និយាយប៉ុន្មាន​ទេ ហើយព្យាយាមបិទបាំងខ្លួនឯងជារៀងរហូតមក ។ រីឯរចនាសម្ព័ន្ធ ផ្ទុយពីវិធីសាស្រ្តចល័តរបស់ក្រុមហាម៉ាស ពួកគេមិនមានបណ្តាញសុខុមាលភាពទូលំទូលាយ ឬការចូលរួមក្នុងការគ្រប់គ្រង និងអភិបាលកិច្ចនៃក្រុមធំប៉ុន្មានទេ ។

ក្រុមជីហាដអ៊ីស្លាម និងក្រុមហាម៉ាស តែងតែប៉ះទង្គិចគ្នាជុំវិញកលល្បិច ការចរចា និងបញ្ហាផ្សេងៗជាច្រើនទៀត ទោះបីជាគោលបំណង និងជំនឿស្នូលរបស់សាសនាឥស្លាមដូចគ្នាភាគច្រើនក៏ដោយ ។

ក្រុមជីហាដអ៊ីស្លាមមកពីណា?

ក្រុមជីហាដអ៊ីស្លាមបង្កើតឡើងនៅឆ្នាំ ១៩៨១ ដោយ ហ្វាទី អាប់ឌែល អាស៊ីស អាល់-ស៊ិកាគី វាគឺជាផ្នែកមួយនៃរលកថ្មីនៃភាពជ្រុលនិយមដែលកំពុងវាយលុកតំបន់មជ្ឈិមបូព៌ា ។

អ្នកដឹកនាំដំបូងរបស់ក្រុមនេះ ត្រូវបានបំផុសគំនិតដោយអ្នកគិត និងសកម្មជនជ្រុលនិយមមូស្លីមនៅក្នុងប្រទេសអេហ្ស៊ីបនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ សកម្មភាពហឹង្សារបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដោយបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ ១៩៧៩ រួមទាំងការសរសេររបស់ Ayatollah Ruhollah Khomeini ក៏មានឥទ្ធិពលជាពិសេសផងដែរ ។

នៅដើមឆ្នាំដបូង ជីហាដអ៊ីស្លាមបានទាក់ទាញសមាជិកដែលមិនបានទទួលជះឥទ្ធិពលពីពួកជាតិនិយមឆ្វេងប៉ាឡេស្ទីន ក៏ដូចជាអតីតសមាជិកនៃភាតរភាពមូស្លីម ដែលគេជឿថា ការតស៊ូជាមួយអ៊ីស្រាអែល គឺជាអាទិភាពកំពូលដំបូងសម្រាប់ក្រុមជីហាដអ៊ីស្លាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន​ប៉ាឡេស្ទីន​ជំនាន់​ថ្មី​បាន​សិក្សា​​តំបន់​ហ្គាហ្សា និង​វេសបេង ជាពិសេសនៅក្នុងទីក្រុង ហ្សេណាំង (Jenin) បានចូលរួមជាមួយក្រុមជីហាតអ៊ីស្លាម ។

ក្រុមជីហាដអ៊ីស្លាម បានអនុម័តយុទ្ធសាស្ត្រថ្មីយ៉ាងលឿន ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល ជាពិសេសការប្រើប្រាស់គ្រាប់បែកអត្តឃាត បាន​វាយ​ប្រហារ​បែប​នេះ​ជា​ច្រើន​លើក​ប្រឆាំង​នឹង​គោលដៅ​យោធា និង​ជន​ស៊ីវិល​របស់​អ៊ីស្រាអែល។

ទោះបីជាឥទ្ធិពលរបស់ក្រុមនេះបានចុះខ្សោយនៅពេលដែល al-Shikaki ត្រូវបានគេធ្វើឃាតនៅប្រទេសម៉ាល់តាក្នុងឆ្នាំ ១៩៩៥ ធ្វើឲ្យក្រុមជីហាដអ៊ីស្លាម កម្របានធ្វើការវាយប្រហារដោយហិង្សានៅក្នុងប្រទេសអ៊ីស្រាអែលណាមួយណាស់ ។ បន្ទាប់មក ក្រុមនេះទទួលបានភាពរឹងមាំឡើងវិញនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ហើយបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់វេសបេង ហើយ​ជាមួយ​នឹង​ការ​ចូល​កាន់កាប់​តំបន់​ហ្គាហ្សា​របស់​ក្រុម​ហាម៉ាស​ក្នុង​ឆ្នាំ ២០០៧ ក្រុម​នេះ​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​សារ​ជា​ថ្មី​ម្តង​ទៀត។

អ្នកណាជាអ្នកផ្តល់មូលនិធិ ឬផ្តល់អាវុធឲ្យក្រុមជីហាដអ៊ីស្លាម?

យោងតាមប្រភពផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក្រុមជីហាដអ៊ីស្លាម ទទួលបានមូលនិធិយ៉ាងសំខាន់ពីប្រទេសអ៊ីរ៉ង់ និងអាចជាប្រទេសស៊ីរីមួយទៀត អំណោយពីអ្នកមានស្តុកស្តម្ភប៉ាឡេស្ទីននៅហ្គាហ្សា និងការរៃអង្គាសប្រាក់នៅបរទេស ។ ក្រុមនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងដាម៉ាកឺស (Damascus) ដែលមេដឹកនាំបច្ចុប្បន្នរបស់ខ្លួនគឺ Ziyad al-Nakhalah រស់នៅ និងមានការិយាល័យនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ៕

ពី The Guardian

រូបភាព Mahmud HAMS / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម