នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី ! រំឭកពីបេះដូងកម្ពុជា គិតគូជីវិតមនុស្ស ជាងភាពភ័យខ្លាច!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែធ្នូ ឆ្នាំ2023 ម៉ោង 12:50 នាទី ល្ងាច

 

B Dararith:

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជាបន្ថែមទៀតដោយបាននាំអ្នកទេសចរជាង ២ ០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ចេញផ្សាយនៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

សូមរំឭកថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីក រាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក  ដែលនេះជាទង្វើមនុស្សធម៌ជួយសង្គ្រោះជីវិត និងលើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃដល់មនុស្សជាតិ ។

«កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២ ២០០នាក់ ដែលតែល តោលលើមហាសាគរ និងបានអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

ការត្រឡប់មកវិញនេះ គឺជាការរំឭកដឹងគុណ និងស្គាល់បេះដូងមនុស្សធម៌របស់កម្ពុជា ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច  ហើយបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ  ហ៊ុន  សែន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម