ដោយ សូរ្យរិទ្ធ៖
គេហទំព័រ prachachat របស់ថៃ បានចេញផ្សាយអត្ថបទមួយនៅថ្ងៃទី 4 ខែមករា ឆ្នាំ 2024 សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ប្រទេសវៀតណាមបានពិន័យអ្នកមានឥទ្ធិពលវៀតណាមម្នាក់ឈ្មោះ ហូ កុក អាញ់ (Hua Quoc Anh) ចំនួន 300 ដុល្លារ ព្រមទាំងកោះហៅមកប្រជុំ ស្តីបន្ទោសចំពោះការបង្ហោះវីដេអូនៅលើវេទិកា TikTok ដោយបង្ហាញខ្លឹមសារថា ប្រាសាទអង្គរវត្តស្ថិតនៅក្នុងប្រទេសថៃ ។
វីដេអូ TikTok មានចំនួន ៩០ វិនាទី ត្រូវបានលុបចេញ ហើយមានរូបភាពប្រាសាទអង្គរវត្តគ្របដណ្ដប់ដោយទង់ជាតិថៃ អមដោយរូបភាពនៃព្រះរាជវង្សានុវង្សថៃ ដែលមានពាក្យស្វាគមន៍ថា «សួស្តីប្រទេសថៃ» អមជាមួយរូបភាពនៃប្រាង្គប្រាសាទអង្គរវត្ត ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប។
ទីភ្នាក់ងារផ្សាយសំឡេង នៃក្រសួងព័ត៌មានវៀតណាមបាននិយាយថា វីដេអូ «មានចេតនាបង្ហាញព័ត៌មានមិនពិត» ក្នុងគោលបំណងទាក់ទាញអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនឹងជជែកវែកញែកអំពីខ្លឹមសារនៃវីដេអូនោះ។
ទីភ្នាក់ងារនោះនិយាយទៀតថា គាត់គួរតែ «សិក្សាឱ្យបានហ្មត់ចត់» ពីការផុសខ្លឹមសារខុសបែបនេះ ដែលជា «ការមិនគោរពដល់វប្បធម៌ និងអធិបតេយ្យភាពរបស់ប្រទេសជិតខាង»។
TikTok មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដែលរដ្ឋគ្រប់គ្រង និងគណបក្សតែមួយ (បក្សកុម្មុយនិស្តវៀតណាម) ហើយមានការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងតឹងរ៉ឹង។ ថ្វីត្បិតតែវីដេអូប្រាសាទអង្គរវត្តមិនមែនជាការផាកពិន័យជាលើកទីមួយទេ ដែលជាប់ពាក់ព័ន្ធនឹងមាតិកាអនឡាញ ប៉ុន្តែវាក៏បង្ហាញផងដែរថា តើវាពិបាកប៉ុណ្ណាក្នុងការដឹងថា ខ្លឹមសារស្របច្បាប់ឬខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ កន្លែងដែលការចាប់ពិរុទ្ធលើអ៊ីនធឺណិតជារឿយៗទាក់ទងនឹងបញ្ហាក្នុងស្រុកដ៏រសើប ដូចជានយោបាយ ឬសិទ្ធិមនុស្ស។
អ្វីដែលសំខាន់ប្រជាជនខ្មែរចហ់ដឹងថា ទង្វើ «ចេតនា» ឬ អចេតនា» របស់អ្នកមានឥទ្ធិពលនោះ ប្រសិននិយាយថា អចេតនា ពិតជាមនុស្សកម្លៅ ងងឹតងងល់គ្មានដឹងប្រវត្តិសាសស្ត្រប្រទេសជិតខាង តែបើជាទង្វើ «ចេតនា» វាជារឿងមួយ ដែលខ្មែរមិនអត់ឱនឲ្យឡើយ ទោសទណ្ឌត្រឹមពិន័យត្រឹម ៣០០ ដុល្លារវាស្ទើរពេក គួរតែពេលឃើញមុខ កុំឲ្យជាន់ដីស្រុកខ្មែរដាច់ខាត ។
អ្នកមានឥទ្ធិពលរូបនេះបានបង្ហោះរូបថតខ្លួនគាត់នៅខាងក្រៅបន្ទប់ប្រជុំជាមួយមន្ត្រី នៅលើហ្វេសប៊ុកអមដោយខ្លឹមសារថា «ពេលនេះ Quoc Anh មានមនោសញ្ចេតនាច្រើនពេកក្នុងចិត្តរបស់គាត់ដើម្បីពណ៌នា។ វាអាចជាអត្ថបទពីរបីបន្ទាត់» រួមជាមួយនឹងការថ្លែងអំណរគុណដល់ 250,000 Follow ។
Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ី និយាយជាមួយ Nikkei Asia ថា «នេះមិនមានសារសំខាន់» ។ គាត់ថា រដ្ឋាភិបាលវៀតណាមគួរការពារសេរីភាពនៃការបញ្ចេញមតិ ជំនួសឱ្យការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជានឹងត្រូវអាក់អន់ចិត្ត ។
គាត់ថា «គ្មាននរណាម្នាក់ជឿថា ខេត្តសៀមរាបជារបស់ប្រទេសថៃទេ... ដូច្នេះអ្វីដែលសមរម្យគឺការសើចចំអកចំពោះភាពល្ងង់ខ្លៅរបស់អ្នកមានឥទ្ធិពលម្នាក់នេះ ជំនួសឱ្យការប្រើទោសព្រហ្មទណ្ឌ» .
រឿងនេះ យើងមិនដឹងថា មន្ត្រីក្រសួងវប្បធម៌ខ្មែរ បានដឹង ឬឃើញវីដេអូ TikTok នោះដែរទេ មុនអាជ្ញាធរវៀតណាមលុបវីដេអូនោះចោល!