កូរ៉េខាងត្បូង ចេញច្បាប់ ហាមសម្លាប់ ហាមលក់ ហាមហូប សាច់សុនខ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 6:47 នាទី ល្ងាច

 

  ដោយ សូរ្យរិទ្ធ៖  

កាលសប្តាហ៍ទី ២ ខែមករា ឆ្នាំ 2024 ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា កូរ៉េខាងត្បូង​ព្យាយាម​បញ្ចប់​វប្បធម៌​ទទួលទានសាច់​សុនខ ។ សភាបានអនុម័តច្បាប់ហាមប្រាមការបង្កាត់ពូជ និងសម្លាប់សត្វឆ្កែដើម្បីហូបសាច់ ។ ឧស្សាហកម្មសាច់ឆ្កែរបស់កូរ៉េខាងត្បូងស្ថិតក្នុងភាពវឹកវរ ត្រៀមប្តឹងទៅតុលាការធម្មនុញ្ញ ។

ច្បាប់នេះដែលបញ្ជាក់ពីគោលបំណង «ដើម្បីលុបវប្បធម៌ហូបសត្វសុនខ» នឹងចូលជាធរមានបន្ទាប់ពីអនុគ្រោះរយៈពេល 3 ឆ្នាំ ដោយដាក់ពិន័យចំពោះអ្នកដែលបង្កាត់ពូជ និងសម្លាប់សត្វឆ្កែ ដើម្បីផលិតសាច់លក់ ជាប់ពន្ធនាគារអតិបរមា 3 ឆ្នាំ ឬពិន័យជាប្រាក់ចំនួន 30 លានវ៉ុន(ប្រាក់កូរ៉េខាងត្បូង)  ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនបានបញ្ជាក់ពីការពិន័យសម្រាប់អ្នកបរិភោគសាច់ឆ្កែនោះទេ ។

កាលពីមុន ការបរិភោគសាច់ឆ្កែ ត្រូវបានចាត់ទុកថាជាវិធីមួយជួសម្រួលសីតុណ្ហភាពក្នុងខ្លួននៅរបស់កូរ៉េ ប៉ុន្តែ​សព្វ​ថ្ងៃ​គេមិនសូវ​ទទួល​ទាន​ទៀតទេ តែភាគច្រើន ការបរិភោគសាច់ឆ្កែត្រូវបានកំណត់ចំពោះមនុស្សចាស់ និងភោជនីយដ្ឋានមួយចំនួន ​។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលនៅឆ្នាំ 2022 ប្រហែល 25% នៃគ្រួសារកូរ៉េ មានចិញ្ចឹមសុនខ កើនឡើងពី 16% ក្នុងឆ្នាំ 2010 ។

សកម្មជនបាននិយាយថា សុនខ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដើម្បី​ជា​អាហារ​ត្រូវ​បាន​គេ​ឆក់ ឬ​ព្យួរក ។ ទោះបីជាអ្នកបង្កាត់ពូជឆ្កែ និងអ្នកជួញដូរបានប្រកែកក៏ដោយ ។

ការប៉ុនប៉ងដើម្បីហាមឃាត់ការលក់សាច់ឆ្កែបានបរាជ័យម្តងរួចមកហើយ នៅ​ចំពោះ​មុខ​ការ​តវ៉ា​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​នេះ ។ តែលើកនេះ ការពង្រាងច្បាប់ហាមសម្លាប់ ហាមលក់ ហាមហូប ទទួលបានការគាំទ្រកាន់តែច្រើន ក្រោមការដឹកនាំរបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) រួមជាមួយនឹងជំទាវទីមួយ គីម កនហ៊ី (Kim Keon Hee) ដែលជាអ្នករិះគន់ការទទួលទានសាច់ឆ្កែផងដែរ ដែលសព្វថ្ងៃជាអ្នកស្រឡាញ់សត្វ បានចិញ្ចឹមសុនខ 6 ក្បាល និងឆ្មា 8 ក្បាល ។

សេចក្តីព្រាងច្បាប់នេះ ស្នើឡើងដោយគណបក្សកាន់អំណាច និងទទួលបានការគាំទ្រពីរដ្ឋាភិបាល និងគណបក្សប្រឆាំង នេះគឺជាការយល់ស្របដ៏កម្រមួយ។ ដំណោះស្រាយ​នេះ​បាន​អនុម័ត​ដោយ​សំឡេង​លើសលប់​ចំនួន ២០៨ និង​សំឡេង​ អនុប្បវាទ​ចំនួន​២ ​សំឡេង នៅក្នុង​សភា​កូរ៉េខាងត្បូង ដែល​ជា​ប្រព័ន្ធ​ឯកបក្ស។

ទោះ​យ៉ាង​ណា​អ្នក​ដែល​ចង់​រក្សា​របប​អាហារ​សាច់​ឆ្កែ​ក៏​មិន​នៅ​ស្ងៀម​ដែរ។​ លោក Son Won-hak នៃ​សមាគម Korean of Edible Dogs ដែល​ជា​សម្ព័ន្ធ​អ្នក​បង្កាត់​ពូជ​ឆ្កែ ​និង​អ្នក​លក់​បាន​​គ្រោង​នឹង​យក​រឿង​នេះ​ទៅ​តុលាការ​ធម្មនុញ្ញ​ដើម្បី​សាកសួរ​ពី​ភាព​ស្រប​ច្បាប់​នៃ​ច្បាប់។

ប៉ុន្តែមុននឹងសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត សមាជិក​នៃ​សហគ្រិន​មួយ​ក្រុម​ ​បាន​ទាមទារ​សំណង​ពី​រដ្ឋាភិបាល ប្រសិន​បើ​ច្បាប់​នេះចូលជាធរមាន សំណងនោះយ៉ាងហោចណាស់ 2 លានវ៉ុន ក្នុងមួយសុនខមួយក្បាល ដើម្បីទូទាត់សងសម្រាប់ការខាតបង់ក្នុងរយៈពេល 5 ឆ្នាំខាងមុខ រួមទាំងការចំណាយលើឧបករណ៍ និងគ្រឿងបរិក្ខារដែលនឹងមិនប្រើប្រាស់ ។

ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា គិតត្រឹមខែមេសាឆ្នាំ 2022 មានកសិដ្ឋានចិញ្ចឹមសុមខប្រមាណ 1,100 កន្លែងនៅទូទាំងប្រទេស ដោយបានបង្កាត់ពូជចំនួន 570,000 ក្បាលក្នុងមួយឆ្នាំ ដែលត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋានប្រមាណ 1,600 កន្លែង ។

តែសមាគមកសិករបាននិយាយថា តួលេខនេះគឺខ្ពស់ជាង ការហាមឃាត់នេះនឹងប៉ះពាល់ដល់កសិដ្ឋានចំនួន 3,500 កន្លែង ដែលមានសុនខចំនួន 1,5 លានក្បាល និងភោជនីយដ្ឋានចំនួន 3,000 កន្លែង ៕

ប្រភព AP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម