ពី naewna ដោយ ម៉ារ៉ា៖
ចូលឆ្នាំថ្មី ២០២៤ ភ្លាម ប្រទេសមួយចំនួនហាក់ជួបរឿងហេតុអាក្រក់ៗផ្ទួនៗ ដូចជាប្រទេសជប៉ុន មានគ្រោះរញ្ជួយដី បង្កឲ្យរលកស៊ូណាមិ យន្តហោះជល់គ្នា, សហរដ្ឋអាមេរិកជួបអាកាសធាតុត្រជាក់ខ្លាំង, ទឹកជំនន់នៅប្រទេសមួយចំនួន និងថៃជួបឧបបទ្ទហេតុផ្សេងៗ ។ល។
ជាក់ស្តែង កាសែតក្នុងស្រុកថៃរាយការណ៍ថា នៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មានអគ្គិភ័យឆេះកសិដ្ឋានចិញ្ចឹមពពែដ៏ធំមួយកន្លែងឈ្មោះ សៃឡោមងិនហ្វាម ស្ថិតក្នុងឃុំសាំងខៈ ស្រុកសាំងខៈ ខេត្តសុរិន្ទ ប្រទេសថៃ ដោយប្រើឡានទឹកប្រមាណជាង១០គ្រឿង ។
កន្លែងកើតហេតុជាកសិដ្ឋានធំមួយចិញ្ចឹមពពែជាង ៥០០ក្បាល សង់ជាទ្រុងប្រវែងជាង៦០ម៉ែត្រ បណ្តោយប្រមាណ ៣០ម៉ែត្រ ទើបភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។ ក្នុងហេតុការណ៍ មានសំឡេងពពែយំដោយការឈឺចាប់យ៉ាងខ្លាំង នៅក្នុងនោះក៏មានចំបើងដាក់ជាអាហារដែរ ដែលជាមូលហេតុមួយដែលធ្វើឱ្យភ្លើងរាលដាលយ៉ាងងាយ។ ភ្លើងបានឆេះយ៉ាងរហ័ស ក្នុងនោះមានពពែជាង៤០០ក្បាលដែលត្រូវភ្លើងឆេះងាប់ ហើយក៏មានពពែចំនួន 60 ក្បាលដែលបានរួចជីវិតផងដែរ ដោយសារតែពួកគេត្រូវបានចិញ្ចឹមនៅក្នុងអគារដាច់ដោយឡែកមួយ។
មន្ត្រីជំនាញត្រូវចំណាយពេលជាង៣ម៉ោងទើបអាចគ្រប់គ្រងភ្លើងបាន។ ដំបូងឡើយគេសន្និដ្ឋានថាបណ្ដាលមកឆ្លងចរន្តអគ្គិសនី ។ ចំណែកការខូចខាតដំបូងគិតជាទឹកប្រាក់រាប់លានបាតឯណោះ។ អ្នកមើលថែឲ្យដឹងថា មានពពែជាច្រើនក្បាលដែលនាំចូលពីបរទេស ក្នុងតម្លៃ ២០ម៉ឺនបាតក្នុងមួយក្បាល ៕