តើលោក ចូ បៃដេន លើកទូរស័ព្ទបង្ហាញអ្វីដល់លោក ហ្ស៊ី ជីនពីង ?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី18 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:40 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃ ដេន កំពុងឈររង់ចាំលោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន នៅមាត់ទ្វារសាលជប់លៀងមួយ នៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ តើលោក បៃដេនអូសអេក្រង់រកអ្វីពិតប្រាកដ ដើម្បីបង្ហាញលោក ហ្ស៊ី ?

នៅ​ពេល​ដែល​លោក ហ្ស៊ី បាន​មក​ដល់ លោក បៃដេន បានលើកទូរស័ព្ទរបស់គាត់ ហើយឲ្យមេដឹកនាំចិនឱ្យមើល បន្ទាប់​មកក៏សួរ៖ «តើអ្នកស្គាល់បុរសវ័យក្មេងនៅក្នុងរូបភាពនេះទេ? នោះគឺជាខ្ញុំកាលពី 38 ឆ្នាំមុន» លោក Xi បានឆ្លើយ​តបដោយញញឹម គឺជារូបថតរបស់លោក ហ្ស៊ី ថតនៅលើស្ពាន Golden Gate ជាស្ពានដែលអ្នកទេសចរចូលចិត្តថតរូប នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងពេលដែលលោក ហ្ស៊ី មកសហរដ្ឋអាមេរិកជាលើកដំបូងក្នុងឆ្នាំ 1985 ដែលនៅពេលនោះលោក ហ្ស៊ី ក្នុងវ័យ ៣០ឆ្នាំ ដែលគាត់ជាអ្នកដឹកនាំស្រុក Zhengding ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ។

លោក បៃដេន បាននិយាយថា «អ្នកមិនបានផ្លាស់ប្តូរបន្តិចទេ» ជាមួយនឹងការសើចសប្បាយ​ក្នុង​បរិយាកាស​រីករាយ ។ បន្ទាប់មកមេដឹកនាំទាំងពីរឈានជើងចូលពិធីជប់លៀងជាមួយគ្នា ។

លោក ហ្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងសាន់ហ្រ្វានស៊ីស្កូ កាលពីថ្ងៃទី 14-17 ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-អាមេរិក និងកិច្ចប្រជុំកំពូល APEC លើកទី 30 ។

ប្រធានាធិបតី​អាមេរិក ចូ បៃដេន និង​ប្រធានាធិបតី​ចិន ហ្ស៊ី ជិនពីង បាននិយាយគ្នាអស់រយៈពេលប្រមាណ ៤ ម៉ោង ហើយ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ ​ដើម្បី​បន្ត​ទំនាក់​ទំនង​រវាង​យោធា​ប្រទេស​ទាំង​ពីរ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលនេះ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​ឆ្នាំ​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ប៉ះ​ទង្គិច​គ្នា​រឿងកោះ​តៃវ៉ាន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម