ដោយ សូរ្យរិទ្ធ៖
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសបន្ទាន់ ទៅដល់ចៅហ្វាយខេត្ត-ក្រុងទូទាំង ២៥ ដើម្បីឲ្យកែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញដែលទើបចេញថ្មីៗ អំពីការឲ្យប្រជាជនក្នុងខេត្តខ្លួនឯងកាក់ខ្លួន ១៤ ថ្ងៃសិន ទើបឲ្យចូល ត្រង់នេះសម្តេចមានប្រសាសន៍ថា «...ធ្វើដូច្នេះមិនខុសពីការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ» ។
សម្តេចសង្កត់ថា «យើងនៅបន្តគ្រប់គ្រងធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យ ដែលអាចមានហានិភ័យកូវីដ-១៩ យកទៅធ្វើសំណាក មិនមែនឲ្យធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងខេត្តរបស់ខ្លួននោះទេ បើដូច្នេះ ប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល ដូច្នេះសូមកែសេចក្តីសម្រេចរបស់ខ្លួនជាបន្ទាន់ទាន់ចេញថ្មីៗ ដើម្បីសម្រួលចរាចរសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន បើមិនដូច្នេះទេ គ្រប់ខេត្តនីមួយៗដាក់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកប្រទេសកម្ពុជាទៅជា ២៥ ប្រទេស ឆ្លងពីខេត្តមួយទៅខេត្តមួយត្រូវធ្វើចត្តាឡីស័ក ចេញពីខេត្តនោះចូលខេត្តនេះវិញ ធ្វើចត្តាឡីស័ក បើដូច្នោះ តើយើងរស់របៀបម៉េច ដូចធ្វើឲ្យគាំងក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាជនតែម្តង» ។
សម្តេចមានប្រសាសន៍ទៀតថា «សម្តេចសម្តេចគាំទ្រឲ្យអនុវត្តវិធានការ ទន់ភ្លន់ តែម៉ឺងម៉ាត់ ក្រុងព្រះសីហនុក៏ម៉ឺងម៉ាត់ ទន់ភ្លន់ រីឯខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ចេញមុនគេ មិនបាច់មានករណីលើកលែង ឬមិនលើកអីទេ គឺយើងយកករណីតែអ្នកដែលសង្ស័យបានហើយ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក... ប្រជាជនពិតជាចង់បានការធ្វើដូច្នេះ ប៉ុន្តែបែរយើងត្រូវធ្វើចត្តាឡីស័ក ហើយលើកលែងករណីដូចជាអ្នកចាក់ថ្នាំបានពីរដង... យើងមិនអាចធ្វើអ៊ីចឹងបានទេ យើងបើកឲ្យការធ្វើដំណើរធម្មតា ប៉ុន្តែត្រូវតែត្រួតពិនិត្យ ធ្វើវិធានការសុខាភិបាល លើអ្នកដែលមានករណីសង្ស័យ»។ សម្តេចថា «សូមកែជាបន្ទាន់ ខេត្តណាដែលបានចេញរួច ហើយសម្តេចថា ការធ្វើបែបនេះ គឺរំខានសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដូចសម្លាប់ជីវភាពរបស់ប្រជាពលរដ្ឋទៅវិញទេ» ។
មានប្រសាសន៍ក្នុងសារចុងក្រោយសម្តេចលើកឡើងពាក្យស្លោកថា «មើលព្រៃទាំងមូល កុំមើលតែឈើមួយដើមៗ» ៕