ចិនបន្ទោសក្រុម G7 ដែលរួមគ្នាឡោមព័ទ្ធចិន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី14 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:54 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

ប្រទេសចិនបានព្រមានដោយផ្ទាល់ដល់មេដឹកនាំ G7 កាលពីថ្ងៃអាទិត្យ ទី ១៣ មិថុនាថា ថ្ងៃដែលក្រុមប្រទេសតូចមួយក្រុម អាចសម្រេចជោគវាសនារបស់ពិភពលោកបាននោះ វាកន្លងទៅជាយូរមកហើយ ។ ពាក្យសំដីបែបនេះគឺជាការប៉ះទង្គិចដល់លទ្ធិប្រជាធិបតេយ្យលោកខាងលិចរបស់អ្នកមាននៅលើពិភពលោក ដែលកំពុងព្យាយាមរកមធ្យោបាយ​ដើម្បីឱ្យមានជំហររួមមួយ ប្រឆាំងនឹងទីក្រុងប៉េកាំង ។

«យើងតែងតែជឿថា ប្រទេសផ្សេងៗ មិនថាធំ តូច ខ្លាំង ឬខ្សោយ អ្នកក្រ ឬអ្នកមាន ទាំងអស់សុទ្ធតែស្មើៗគ្នា ដូច្នេះកិច្ចការពិភពលោកគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់របស់ប្រជាជាតិទាំងអស់» អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងឡុងបាននិយាយ ។

ឥឡូវនេះប្រទេសចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខគេមួយនៅលើពិភពលោក ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយសំខាន់បំផុតមួយនាពេលបច្ចុប្បន្ន ដូចជាការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្រ្គាមត្រជាក់ ។

ក្រុម G7 ដែលមេដឹកនាំទាំងឡាយប្រជុំពិភាក្សាគ្នានៅ ខោនវ៉ល ទឹកដីអង់គ្លេសនាចុង​ស​ប្តា​ហ៍​មុន កំពុងស្វែងរកផ្លូវឆ្លើយតបក្នុងទិសដៅតែមួយ ចំពោះជំហរចចេសកាន់តែច្រើនទៅៗ របស់លោកប្រធានាធិបតី ហ្ស៊ី ជីនពីង បន្ទាប់ពីប្រទេសចិនទទួលបានការធ្វើឱ្យប្រសើរឡើងខាងសេដ្ឋកិច្ច និងយោធាក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ។

មេដឹកនាំក្រុមនេះ នោះរាប់បញ្ចូលទាំងសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន ដែលចង់ប្រើការប្រជុំរបស់ខ្លួននៅឯរីសតនាមាត់សមុទ្រខាប៊្រីសបៀ របស់អង់គ្លេស ដើម្បីបង្ហាញពិភពលោកឲ្យក្រឡេកមើលថា ប្រទេសប្រជាធិបតេយ្យលោកខាងលិចទាំងនេះ អាចផ្តល់ជម្រើសផ្សេង ដើម្បីប្រកួតប្រជែងជាមួយ​នឹងឥទ្ធិពលដែលមិនចេះរីងស្ងួតរបស់ប្រទេសចិន ។

លោក ចាស្ទីន ទ្រូឌូ (Justin Trudeau) នាយករដ្ឋមន្រ្តីកាណាដា មានតួនាទីជាប្រធាននៃកិច្ចពិភាក្សារបស់មេដឹកនាំប្រទេស G7 ស្តីពីរឿងចិន កាលពីថ្ងៃសៅរ៍ ទី ១២ មិថុនាបានអំពាវនាវដល់មេដឹកនាំឱ្យប្រកាន់យកនូវបែបផែនវិធីសាស្រ្តមួយក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលចិនបានដាក់ ។ ប្រភពពីរ៉យទ័រមួយបាននិយាយ ។

ទន្ទឹមនឹងនេះដែរ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតនូវអ្វីដែលចិនចាត់ទុកថាជាការប៉ុនប៉ងរបស់មហាអំណាចលោកខាងលិចឡោមព័ទ្ធចិន និងបាននិយាយផងដែរថា ប្រទេសធំៗទាំងនេះនៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំទៅនឹងចិត្តគំនិតចាស់បុរាណ ក្រោយពីប្រទេសទាំងនោះបានប្រមាថចិន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម