ពី mgronline ដោយ សាវុឌ្ឍ៖
AFP - ពេទ្យចូលនិវត្តន៍ម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន 42,000 នាក់ បានដាក់ប្រាក់សន្សំជីវិតរបស់នាងទៅក្នុងធនាគារ SCB របស់ប្រទេសវៀតណាម ប៉ុន្តែឥឡូវនេះនាងមិនអាចទទួលបានប្រាក់សន្សំផ្ទាល់ខ្លួនរបស់នាងបានទេ ក្រោយលុយជាប់ពាក់ព័ន្ធនឹងករណីឆបោកតម្លៃរាប់សិបពាន់លានដុល្លារ ជារឿងអាស្រូវដែលបង្កការភ្ញាក់ផ្អើលពេញប្រទេស ។
មហាសេដ្ឋីអចលនទ្រព្យលោកស្រី ចើង មី ឡាន ឥឡូវនេះកំពុងត្រូវបានកាត់ទោសក្នុងសំណុំរឿងឆបោកដ៏ធំបំផុតរបស់ប្រទេស។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា គាត់បានកេងប្រាក់ចំនួន 12.5 ពាន់លានដុល្លារ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបជាតិពីបទអំពើពុករលួយ ដែលអ្នកវិភាគនិយាយថា ប៉ះពាល់ដល់សេដ្ឋកិច្ច និងទំនុកចិត្តអ្នកវិនិយោគ ។
លោកស្រី មី ឡាន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ វ៉ាន់ ទិង ផាត ត្រូវបានគេនិយាយថាបានបោកប្រាស់លុយពីធនាគារ Saigon Commercial (SCB) អស់ជាច្រើនឆ្នាំ ។
ង៉ា អាយុ 67 ឆ្នាំជាអ្នករស់នៅទីក្រុងហាណូយ បានបង្ហាញវិញ្ញាបនបត្រមូលបត្រ ដែលមានតម្លៃប្រហែល 120,000 ដុល្លារដែលចេញដោយធនាគារ SCB ។
ប៉ូលិសនិយាយថា ជនរងគ្រោះក្នុងអំពើឆបោកនេះ ម្ចាស់ប័ណ្ណបំណុលទាំងអស់របស់ SCB មិនមានលទ្ធភាពដកប្រាក់ ហើយមិនបានទទួលការប្រាក់ ឬប្រាក់ដើមមកវិញទេ ចាប់តាំងពី ចើង មី ឡាន ត្រូវបានចាប់ខ្លួនក្នុងខែតុលា ឆ្នាំ២០២២។
មី ឡាន ដែលរៀបការជាមួយអ្នកជំនួញហុងកុង រងការចោទប្រកាន់ពីការបង្កើតកម្មវិធីកម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ SCB ដែលនាងកាន់ភាគហ៊ុន 90%។
ចន្លោះខែកុម្ភៈ ឆ្នាំ 2019 ដល់ខែកញ្ញា ឆ្នាំ 2022 អ្នកបើកបររបស់នាងបានដឹកជញ្ជូនសាច់ប្រាក់ជាង 4.4 ពាន់លានដុល្លារពីទីស្នាក់ការកណ្តាលរបស់ SCB នៅទីក្រុងហូជីមិញ ទៅកាន់ផ្ទះដែលនៅជិតនោះ ហើយបន្ទាប់មកទៅកាន់ការិយាល័យរបស់ក្រុមហ៊ុន វ៉ាន់ ទិញ ផាត ។
តម្លៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់នេះគឺស្មើនឹងប្រមាណ 3% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ 2022 ។
ទោះបីមានការចាប់ខ្លួនមនុស្សល្បីៗជាច្រើននាក់ក៏ដោយ ក្រោមការជំរុញដើម្បីប្រឆាំងអំពើពុករលួយ ប៉ុន្តែទំហំនៃរឿងអាស្រូវនេះបានធ្វើឲ្យប្រទេសមានការភ្ញាក់ផ្អើលខ្លាំង ។
មានជនជាប់ចោទ ៨៥នាក់ផ្សេងទៀតដែលនឹងត្រូវកាត់ទោសរួមនៅតុលាការ រួមទាំងអតីតធនាគារកណ្តាល អតីតនាយកប្រតិបត្តិធនាគារ SCB និងអតីតមន្ត្រីរដ្ឋាភិបាល ។
មួយក្នុងចំណោមពួកគេគឺ អតីតបុគ្គលិកធនាគារជាតិនៃវៀតណាម ឬធនាគារកណ្តាល ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន 5.2 លានដុល្លារ ដើម្បីលាក់បាំងការបំពាន និងស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ធនាគារ SCB ។
អ្នកដឹកនាំអាជីវកម្មផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំដ៏ធំ ក្នុងគោលដៅជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ រួមមាន ជួង គី ថាន់ ប្រធានក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat Group ហើយគាត់ត្រូវបានចោទប្រកាន់ជាមួយនឹងកូនស្រីពីរនាក់ទៀត ពីបទកិបកេងប្រាក់ចំនួន 31.5 លានដុល្លារ។
ប្រធានក្រុមហ៊ុន Tan Hoang Minh Group ក៏នឹងប្រឈមមុខនឹងការកាត់ទោសពីបទលក់មូលបត្របំណុលខុសច្បាប់តម្លៃ 355 លានដុល្លារដល់វិនិយោគិនជាង 6,500 ផងដែរ ។
ការជំរុញដើម្បីបង្ក្រាបការស៊ីសំណូកក៏កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ ប្រធានសេដ្ឋវិទូនៃធនាគារ BIDV បានថ្លែងបែបនេះក្នុងកិច្ចពិភាក្សាកាលពីពេលថ្មីៗនេះ ៕