ប្រធានក្រុមសភាអាល្លឺម៉ង់ ជួបសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 1:11 នាទី ល្ងាច

ដោយៈ តារារិទ្ធ

«កម្ពុជាមានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ជាពិសេស ប្រជាជនកម្ពុជាបានទទួលនូវផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា» នេះជាប្រសាសន៍របស់លោកស្រី Gabriele Katzmarek ប្រធានក្រុមសភានៃសាធារណរដ្ឋសហ​ព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ២០២៣នេះ ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ។

លោក អៀង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ទាប់ពីជំនួបនោះថា លោកស្រី Gabriele Katzmarek បានសម្ដែងការគោរពចំពោះសម្ដេចតេជោចំពោះជំហររបស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។ លោកស្រីថា គាត់បានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០០៩ ហើយនៅពេលនេះលោកស្រីបានសង្កេតឃើញមានការផ្លាស់ប្ដូរច្រើន។ កម្ពុជាមានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ជាពិសេស ប្រជាជនកម្ពុជាបានទទួលនូវផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។

គោលដៅរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺស្វែងរកដៃគូកិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តគ្នាបាន និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអឺរ៉ុប និងអាស៊ាន ជាពិសេសនៅពេលដែលពិភពលោកកំពុងជួបវិបត្តិ ។

ជាការឆ្លើយតបសម្ដេចតេជោបានជម្រាបលោកស្រី Gabriele ថា ចំពោះករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់នោះ គឺរក្សាសណ្ដាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ។

សម្ដេចតេជោបានស្វាគមន៍ចំពោះគោលដៅរបស់លោកស្រី និងជម្រាបជូនថា សហគមន៍អាស៊ានជាសហគមន៍មួយដែលអនុវត្តសេចក្តីសម្រេចតាមរយៈកូសង់ស៊ីស ។ ក្នុងន័យនេះ ដើម្បីជំរុញពាណិជ្ជកម្មសេរី អាស៊ាននិងសហគមន៍អឺរ៉ុបទទួលបានជោគជ័យនោះ ត្រូវមើលសហគមន៍អាស៊ានទាំងមូល មិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍អាស៊ានដោយឡែកគ្នាទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម