«4 ឆ្នាំនរកក្នុងខ្មែរ» ស្នាដៃនិពន្ធរបស់ស្ត្រីជនជាតិជប៉ុន ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមករា ឆ្នាំ2024 ម៉ោង 6:29 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

«4 ឆ្នាំនរកក្នុងខ្មែរ» ជាស្នាដៃនិពន្ធរបស់ស្ត្រីជនជាតិជប៉ុនឈ្មោះ យ៉ាស៊ូកុ ណាអ៊ីតូ ( Yasuko Naito) និងជាភរិយាអ្នកការទូតខ្មែរសម័យនោះ ដែលបានបង្ហាញពិភពលោកជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ NHK របស់ជប៉ុនក្នុងឆ្នាំ 1979 ហើយបានបោះពុម្ពជាសៀវភៅនៅឆ្នាំបន្ទាប់ ។ សៀវភៅនេះមានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកអាននៅលើពិភពលោក ។ គាត់បានរៀបរាប់អំពីការរស់នៅដ៏សែនវេទនា​នៅលើតំណក់ឈាមរាប់លានតំណក់ស្រោចលើធរណីរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម ក៏ដូចជាកំណត់ហេតុប្រចាំថ្ងៃរបស់គាត់ ដែលជាស្ត្រីម្នាក់ធ្លាប់បានឆ្លងកាត់ការប្រល័យពូជសាសន៍អស់រយៈពេល 4 ឆ្នាំ ។ នៅពេលដែលយើងអានវា យើងនឹងឃើញភាពឃោរឃៅ ក្នុងដំណើរដើម្បីរស់របស់លោកស្រី ។

លោកស្រី Yasuko Naito អ្នកនិពន្ធសៀវភៅដែលសរសេរចេញពីឈាម និងជីវិត នៅក្នុងរបបខ្មែរក្រហម

 

អ្នកនិពន្ធរូបនោះ ជាមនុស្សស្រីមិនធម្មតា គាត់កើតក្នុងគ្រួសារអភិជន និង​ជា​មនុស្ស​ថ្លៃថ្នូរ និង​មាន​ការអប់រំ​ខ្ពស់​ រហូតក្លាយជាភរិយាឯកអគ្គរដ្ឋខ្មែរ... ។ គាត់មានកូនប្រុសពីរនាក់ ម្នាក់ឈ្មោះ ថូ ម៉ូរី និង ថូ នី ។  

នៅឆ្នាំ 1983 នៅពេលដែលសៀវភៅនេះ ត្រូវបានបកប្រែជាភាសាថៃ ហើយបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីការ៉ាត់ នៅក្នុងប្រទេសថៃ ដែលមានតម្លៃមួយក្បាល 364 បាត (10,5$) តែក្រោយក៏បានធ្លាក់ថ្លៃនៅសល់ 309 បាត(8,5$) ហើយរហូតមានការចម្លងតគ្នាមកដល់តម្លៃ 109 បាត 4 - 5$ ។  សៀវភៅនេះមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយក្នុងចំណោមអ្នកអាន អ្នករិះគន់ អ្នកការទូត អ្នកអប់រំ និងបុគ្គលិកយោធា បណ្ឌិតសភាយោធាថៃ សម្រាប់យកទៅអាន ក៏ដូចគ្រឹះស្ថានឧត្តមសិក្សាផងដែរ ដែលអ្នកបកប្រែរបស់ថៃ បានសរសេរថា «នេះជាមេរៀនមួយសម្រាប់ប្រជាជនថៃដើម្បីសិក្សាឈ្វេងយល់» ។

ខ្ញុំ Admin នៃគេហទំព័រ មតិអ្នក មិនដឹងថា សៀវភៅនេះមានវត្តមាននៅលើទឹកដីខ្មែរឬអត់ទេតាំងពីឆ្នាំ ១៩៧៩ មកទល់បច្ចុប្បន្ន? ប្រសិនជាមាន គឺជាការល្អប្រសើរខ្លាំងណាស់ សម្រាប់ដម្កល់ទុកក្នុងបណ្ណាល័យជាតិខ្មែរ  ទុកឲ្យកូនខ្មែររាប់រយជំនាន់តទៅមុខ យល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ជនជាតិខ្មែរក្នុងរបបខ្មែរក្រហមជិត ៤ ឆ្នាំ ។ ម្យ៉ាងទៀត ប្រសិនជាមិនមាននៅក្នុងប្រទេសខ្មែរ គួរស្ថាប័នពាក់ព័ន្ធស្វែងរកយកមកដម្កល់ ។

ទោះជាកន្លងទៅជាង ៤៥ ឆ្នាំហើយក៏ដោយ ​ប៉ុន្តែរូបភាព​ដែល​ធ្លាប់​បាន​លេច​ឡើង និង​កើត​ឡើង​ប្រហែល​ជា​មិន​រលាយ​បាត់​ពី​អារម្មណ៍​របស់​អ្នក​ដែល​ធ្លាប់រង​នូវ​ជោគវាសនាអាក្រក់ ​និង​មនុស្ស​ជំនាន់​ក្រោយ​ឡើយ។

នេះជាទិនានុប្បវត្តិរបស់ភរិយាអ្នកការទូត វាជាមេរៀនដ៏សំខាន់មួយសម្រាប់ពិភពលោក ជាសោកនាដកម្មដែលសរសេរចេញពីឈាម និងជីវិត... ។ ទាំងនេះ គឺជាអត្ថន័យមួយឃ្លារបស់អ្នកនិពន្ធ Yasuko Naito ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម