ស្គាល់ ICC ជាអ្វី?

ចំណេះដឹងទូទៅថ្ងៃពុធ ទី22 ខែមិីនា ឆ្នាំ2023 ម៉ោង 7:04 នាទី ល្ងាច

ICC ជាតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលមានអក្សរអង់គ្លសេពេញ The International Criminal Court (ICC)

តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​អ្វី?

គឺ​ជា​តុលាការ​ឯករាជ្យ និង​អចិន្ត្រៃយ៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគមន៍​អន្តរជាតិ នៃ​រដ្ឋ​នានា រួម​គ្នា​បង្កើត​ឡើង​ស្រប​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome Statute) មាន​ទីតាំង​នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហុល្លង់។

ICC បង្កើតឡើងក្នុងឆ្នាំ 2002 គឺជាតុលាការអចិន្ត្រៃយ៍ ដែលអាចស៊ើបអង្កេត និងកាត់ទោសមនុស្សដែលត្រូវ​បាន​គេសង្ស័យថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ។ ករណីមួយចំនួនត្រូវបាននាំមកនៅចំពោះមុខតុលាការរហូតមកដល់ពេលនេះ ហើយឧក្រិដ្ឋកម្មដែល​ត្រូវបាន​ចោទប្រកាន់នៅក្នុងប្រទេសមួយចំនួនកំពុងត្រូវបានស៊ើបអង្កេត ឬពិនិត្យដោយព្រះរាជអាជ្ញា ICC ។

សាស្ត្រាចារ្យផ្នែក​ច្បាប់ អ៊ីហ្សាម មូសារ (Isham Mousar) នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា មានប្រសាសន៍​ថា «តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មាន​អាណត្តិ​ការងារ​របស់​ខ្លួន​ស្ថិតស្ថេរ គ្មាន​ពេល​បញ្ចប់​ទេ ដរាប​ណា​សមាជិក​នៃ​តុលាការ​សម្រេច​​នៅ​​ក្នុង​​ក្រុមប្រឹក្សា​​របស់​ខ្លួន​ថា តុលាការ​​ត្រូវ​បិទ ទើប​តុលាការ​ហ្នឹង​បិទ​តែ​ម្ដង ។ ក៏​ប៉ុន្តែ ជា​ករណី​មួយ​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ហើយ​យើង​អះអាង​ថា តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​មាន​ជីវិត​ជា​រៀង​រហូត»។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​ថា  I.C.J. ។ ICJ ទទួល​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស និង​ប្រទេស។ តែចំពោះតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិវិញ ICC មាន​យុត្តាធិការ ឬ​ដែន​អំណាច​ខាង​ផ្លូវ​ច្បាប់ ដោះស្រាយ​តែ​ករណី​ព្រហ្មទណ្ឌ រវាង​ពលរដ្ឋ និង​រដ្ឋ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ជំនុំជម្រះ​លើ​បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ជា​ប្រភេទ​បទ​ឧក្រិដ្ឋ តាម​ច្បាប់​អន្តរជាតិ ដែល​សហគមន៍​អន្តរជាតិ​មានក្តីកង្វល់ ។ បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ប្រភេទ​បទ​ឧក្រិដ្ឋ មាន​ដូច​ជា អំពើ​ប្រល័យ​ពូជសាសន៍ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដូច​គ្នា​នឹង​តុលាការ​ខ្មែរក្រហម​សព្វថ្ងៃ​ដែរ ។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​សាស្ត្រាចារ្យបាន​ពន្យល់​ពី​ភាព​ខុស​គ្នា​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មាន​យុត្តាធិការ ឬ​ដែន​អំណាច​ជំនុំជម្រះ​លើ​ឧក្រិដ្ឋកម្ម​បន្ថែម​មួយ​ទៀត គឺ​ឧក្រិដ្ឋកម្ម​ឈ្លានពាន ភាសា​អង់គ្លេស​ហៅ​ថា Aggression ដែល​លើស​ពី​យុត្តាធិការ​របស់​តុលាការ​ខ្មែរ​ក្រហម ។

ចុះរឿងឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ?

ទោះកន្លងមក «បទ​ឧក្រិដ្ឋកម្ម​ឈ្លានពាន» នៅ​តែ​ជា​ចំណោទ​មិន​ទាន់​កំណត់​ដាច់​ស្រេចពីនិយមន័យ​នៅ​ឡើយ ពីព្រោះ​ប្រទេស​ហត្ថលេខី នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​តែ​ខ្វែង​មតិ​គ្នា​ ។ វា​ពិបាក​នឹង​កំណត់ ពីព្រោះ​មាន​ប្រទេស​មួយ​ចំនួន ​ដាក់​និយមន័យ​​ទូលំទូលាយ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ដាក់​និយមន័យ​ដូច​ជា​តឹងរ៉ឹង​ជាង។ ក៏​ប៉ុន្តែ គេ​ដាក់​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ជា​មុន នៅ​ក្នុង​លក្ខន្តិកៈ​ទី​ក្រុង​រ៉ូម ស្ដីពី​តុលាការ​អន្តរជាតិ ។ ឧក្រិដ្ឋកម្ម​ហ្នឹង​មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មួយ​ទេ ដែល​គេ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​នោះ។

បន្ថែម​លើ​សេចក្ដី​ពន្យល់​របស់​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ ទៅលើសៀវភៅ​ដែល​បោះពុម្ព​ដោយ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មាន​ចំណង​ជើង​ថា «គោលការណ៍​បឋម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ» សរសេរ​ថា នៅ​ក្នុង​ច្បាប់​អន្តរជាតិ គំនិត​នៃ​អំពើ​ឈ្លានពាន​ គេ​កំពុង​តែ​ដោះស្រាយ​ដោយ​យឺតៗ ជា​ពិសេសទាក់ទង​នឹង​សកម្មភាព​យោធា ។

រឿងសង្ក្រាមអ៊ុយក្រែន រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan ធ្លាប់និយាយ​កាលពី​ឆ្នាំមុន ឆ្នាំនៃរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ ICC បើក​សំណុំរឿង​ក្ដី​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​នេះ​ប្រឆាំង​របប​ទីក្រុង​មូស្គូ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​បញ្ជា​ទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ក្នុងរយៈពេលសង្គ្រាម ក្រុម​អ្នកជំនាញ​របស់ ICC នឹង​ត្រូវ​ទៅដល់​ទីតាំង​កប់​សព​រួម​នៅ​ក្រុង​បូចា ដែល​មាន​មនុស្ស​ជាង ៤០០​នាក់​ស្លាប់​ដោយ​ដៃ​ជាប់​ចំណង​ចង​មក​ក្រោយ និង​ការ​ស្លាប់​ដោយ​ការ​បាញ់​ចំ​ក្បាល។ បន្ថែម​លើស​នេះ​ទៀត ក្រុម​អ្នកជំនាញ​នឹង​ទៅកាន់​ទីក្រុង​ម៉ារីយូប៉ូល ដែល​នៅ​ទីនោះ​មាន​រណ្ដៅ​សព​រួម​ដ៏​ធំ​មួយ​មាន​មនុស្ស​ស្លាប់​ជាង ១០៨០​នាក់ ហើយ​មាន​ទាំង​កុមារ​ផង​ដែរ។ ក្រៅពី​នេះ នឹង​ពិនិត្យ​មើល​ភាព​ជាក់ស្ដែង​នៅ​ទីតាំង​ផ្សេងៗ​ទៀត ដូចជា​សាលារៀន មន្ទីរពេទ្យ ដែល​មាន​ជនស៊ីវិល​ស្លាប់​រាប់​រយ​នាក់​ដោយ​គ្រាប់​កាំជ្រួច​របស់​រុស្ស៊ី។

ក្រោយពី​ប្រមូល​ភស្តុតាង​បាន​រួចរាល់​ហើយ រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក Karim Khan នឹង​បញ្ជូន​សេចក្ដី​សន្និដ្ឋាន​ទៅកាន់​ប្រធាន​តុលាការ​នេះ ហើយ​ផ្ដើម​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ​ប្រឆាំង​របប​លោក ពូទីន និង​កងទ័ព​រុស្ស៊ី ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​ប្រជាជន​អ៊ុយក្រែន។

កាលនោះលោក​ប្រធានាធិបតីសហរដ្ឋ ចូ បៃដិន ដែល​នាំ​មុខ​គេ​ ហៅ​លោក ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ឧក្រិដ្ឋជន​ប្រល័យ​ពូជសាសន៍ សម្រេច​ឱ្យ​ក្រសួង​ការបរទេស​អាមេរិក ប្រកាស​ចាប់ផ្តើម​កម្មវិធី​ស្រាវជ្រាវ និង​វិភាគ​រក​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម និង​អំពើ​ឃោរឃៅ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន ខណៈ​ទីក្រុង​វ៉ាស៊ីនតោន កំពុង​ព្យាយាម​រុញ​ទីក្រុង​មូស្គូ ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​របស់​ខ្លួន។

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ICC ចាប់ផ្តើមចោទប្រកាន់ និងចេញដីកាចាប់ខ្លួនលោក ពូទីន ជាជនឧក្រិដ្ឋ ដែលបានបញ្ជាឲ្យទ័ពរុស្ស៊ី ឆ្លានពាន វាយប្រហារដោយអាវុធរងគ្រោះដល់ជនស៊ីវិលរាប់ម៉ឺននាក់ ។

ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះ សេចក្តីប្រកាសរបស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការ​ចាប់ផ្តើម​​ប៉ុណ្ណោះ ខណៈលោកប្រធានាធិបតី ចូ បៃដិន ក៏បានសាទរដីកាចាប់ខ្លួនលោក ពូទីន ផងដែរ ដោយចាត់ទុកថាជាការត្រឹមត្រូវ។ បើតាមការអះអាងរបស់ទីក្រុងគៀវ កុមារអ៊ុយក្រែន​ច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បញ្ចូនទៅ​រុស្ស៉ី គិតចាប់តាំងសង្រ្គាមបានផ្ទុះឡើង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

តើលោក ពូទីន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអ្វី?

យោងតាមតុលាការ ICC ដីកាចាប់ខ្លួនលោក ពូទីន គឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាម​ឈ្លានពានបានចាប់ផ្តើម។ ក្រៅតែពីលោក ពូទីន លោកស្រី វ៉ូវ៉ា បេឡាវ៉ូ (Lvova-Belova) ដែលជាស្នងការរុស្ស៉ីទទួលបន្ទុកសិទ្ធិរបស់កុមារក៏រងការចោទប្រកាន់ពីឧក្រិដ្ឋកម្ម​សង្រ្គាមផងដែរ។​

បើតាមលក្ខន្តិកៈទីក្រុងរ៉ូម បណ្ដាប្រទេសជាសមាជិក ICC​​ ទាំងអស់មានកាតព្វកិច្ចចាប់ខ្លួន​ប្រសិន​បើលោក ពូទីន មានវត្តមាន ឬស្ថិតនៅលើទឹកដីរបស់ពួកគេ ហើយបញ្ជូនរូបលោកទៅកាន់តុលាការ ICC​។ លោក ពីយ៉ូត ហាហ្វម៉ានស្គី បាននិយាយថាការអនុវត្តដីកាចាប់ខ្លួនអាស្រ័យទៅ​លើកិច្ចសហប្រតិបត្តិការរបស់​អន្តរជាតិ។ ប៉ុន្តែ និយាយតែមាត់អត់ប្រយោជន៍នោះទេ ហើយ នៅត្រង់នេះអ្វីដែលគេត្រូវដឹង នោះគឺថាតើលោក ពូទីន ជានរណា? ពោលគឺដូចពាក្យដែលគេនិយាយលេងសើច «មាត្រា១ ចែងថា៖ មេមិនដែលចេះខុស ហើយបើមេធ្វើខុស ទៅបើកមើលមាត្រា១ ឡើងវិញ»។ រឹតតែសំខាន់ទៅទៀតនោះ ខណៈរុស្ស៉ីជាសមាជិក​អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួបផ្សំនឹងលោក ពូទីន នៅតែបន្តកាន់អំណាចនៅឡើយ ថាតើប្រទេសដែលស្ថិតនៅក្រោមកាតព្វកិច្ចនេះ ហ៊ានចាប់ខ្លួនលោក ពូទីន ឬក៏អត់? ណាមួយលោក ពូទីន ខ្លួនឯងក៏នឹងមិនធ្វើដំណើរទៅកាន់បណ្ដាប្រទេសដែលកំពុងមានអរិភាព ជាមួយរុស្ស៉ីនោះដែរ។

តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ICC មាន​អំណាច​ស៊ើប​អង្កេត និង​នាំ​ខ្លួន​បុគ្គល​ជន​ផ្ដាច់ការ និង​ឧក្រិដ្ឋជន​ដទៃ​ទៀត ទៅ​ជំនុំជម្រះ និង​កាត់​ទោស នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​សង្គ្រាម បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជសាសន៍ និង​អំពើ​ឈ្លានពាន ហើយ​មាន​និទ្ទណ្ឌភាព ឬ​រួច​ខ្លួន​ផុត​ពី​យុត្តាធិការ​ជាតិ ទោះ​ការ​ប្រព្រឹត្ត​នេះ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ឬ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល ដែល​កំពុង​កាន់​អំណាច ឬ​នៃ​ក្រុម​ឧទ្ទាម ឬ​ក្រុម​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អនុវត្ត​យុត្តាធិការ ឬ​ដែន​អំណាច​ដោះស្រាយ​តែ​លើ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ណា ដែល​កើត​មាន​បន្ទាប់​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម (Rome Statute) ចូល​ជា​ធរមាន​ប៉ុណ្ណោះ គឺ​មិន​អនុវត្ត​ថយ​ក្រោយ​ឡើយ។ មិន​ដូច​តុលាការ​ខ្មែរ​ក្រហម ដោះស្រាយ​លើ​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩ ទេ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ដូច​គ្នា​ក៏​ដោយ។

រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២៣ ហើយ ដែល​ផ្ដល់​សច្ចាប័ន​ដល់​លក្ខន្តិកៈ​ក្រុង​រ៉ូម ៕

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម