អង្គភាពប្រឆាំងអំពើពុករលួយ ពង្រឹងច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ចំនួន ២៧៥ រូប

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:09 នាទី ល្ងាច

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ថតរូបអនុស្សាវរីយជាមួយគ្រូឧទ្ទេសនាម

នៅអង្គភាពប្រឆាំងអំពើពុករលួយ អក្សរកាត់ (អ.ប.ព.) បានបើកវគ្គបំប៉នមន្ត្រីនគរបាលយុត្តិធម៌ ស្តីពី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ និងមន្ត្រី ជានគរបាលយុត្តិធម៌ និងមិនទាន់នគរបាលយុត្តិធម៌ ចំនួន ២៧៥ រូប នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព. ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃ អ.ប.ព. ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន ២១០ រូប ក្នុងនោះប្រកាសលើកទី ១ មានចំនួន ១៣រូប ឆ្នាំ២០១០, លើកទី ២ ចំនួន ៦៧រូប ឆ្នាំ២០១១, លើកទី ៣ ចំនួន ១០៥ រូប ឆ្នាំ២០១៦ និងប្រកាសលើកទី ៤ ចំនួន ២៥ រូប ឆ្នាំ២០១៩ ។

វគ្គនេះប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៤-១៥ មិថុនា ឆ្នាំ ២០២៣) មានគ្រូឧទ្ទេសនាមមានចំនួន ៦ រូប សុទ្ធតែជាថ្នាក់ដឹកនាំផ្នែកច្បាប់របស់ អ.ប.ព. ដោយផ្តោតទៅលើច្បាប់ថ្មីចំនួន ៤ ដែលមានមានមាត្រាមួយចំនួនពាក់ព័ន្ធនឹងបទល្មើសពុករលួយ គឺ ៖

១.ច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ ២០២០ (បទល្មើស មាត្រា ៨០, ៨១, ៨២ និង ៨៤)

២. ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (បទល្មើស មាត្រា ៨៩, ៩០, ៩១, ៩២, ៩៣, ៩៤, និងមាត្រា ៩៥)

៣. ច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ ២០២៣ (បទល្មើស មាត្រា ២៤៣ និង ២៥៧)

៤. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៣ (បទល្មើស ៧៨ និង ៧៩) ។

រួមទាំងឧទ្ទេសនាមអំពីប្រភេទនៃបទល្មើសពុករលួយ ធាតុផ្សំទាំងបីនៃបទល្មើស វិធីសាស្ត្រក្នុងការស៊ើបអង្កេត ការ នីតិវិធីកសាងសំណុំរឿង ការប្រឆាំងការសម្អាតប្រាក់ សុទ្ធតែជាគ្រឹះដ៏សំខាន់សម្រាប់មន្ត្រីមាននីតិសម្បទាជានគរបាលយុត្តិធម៌ នៃ អ.ប.ព. ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

រូបថត ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម