កសាងក្រសួង ស្ថាប័នស្អាតស្អំ រដ្ឋបាលទំនើប ! ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញធ្វើបាឋកថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅក្រសួងព័ត៌មាន

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែតុលា ឆ្នាំ2023 ម៉ោង 2:53 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នៅទីនេះ (ក្រសួងព័ត៌មាន) សុទ្ធតែជាយុទ្ធជនធ្លាប់រួមអាវុធប៉ាកានាទសវត្សរ៍ ៨០-៩០ ជាមួយគ្នា បែកគ្នាយូរ ក៏នឹកគ្នា ទើបថ្ងៃនេះ (១១ តុលា) ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ អញ្ជើញធ្វើបាឋកថាច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនមន្ត្រីរាជការក្រសួងព័ត៌មានដោយផ្ទាល់មានចំនួន ៣៥៩ រូប អមដោយឯកឧត្តម នេត្រ ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី វ័យក្មេង ក៏មានវត្តមានផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បង្កើតឡើងនៅថ្ងៃទី ១៧ មេសា ឆ្នាំ ២០១០ ។ ឯកឧត្តមបញ្ជាក់ថា ច្បាប់នេះបានធ្វើសេចក្តីព្រាងយូរជាងច្បាប់ណាៗទាំងអស់ ប្រមាណជា ១០ ឆ្នាំឯណោះទើបបានចេញ ហើយមានការចូលរួមពី ក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល(NGO) រួមទាំងស្ថានទូតអាមេរិកផង ដែរ ។

ឯកឧត្តមថា កម្ពុជា មិនមែនទើបតែច្បាប់ប្រឆាំងអំពើពុករលួយបង្កើត ទើបមានវិធានការប្រឆាំងអំពើពុករលួយទេ គឺតាំងពីកំលុងឆ្នាំ ១៩៨០-៩០ នាសម័យរដ្ឋកម្ពុជា ក៏មានវិធានការប្រឆាំងអំពើពុករលួយផងដែរ ពេលនោះគណបក្សប្រជាជនដើរតួនាទីខ្លាំង ដាក់គោលនយោបាយពិនិត្យទៅលើលក្ខណសម្បត្តិរបស់មន្ត្រី សីលធម៌ វិន័យ មិនឲ្យលោភលន់ រហូតមកដល់ពេលច្បាប់បង្កើតឡើង ទើបយើងប្តូរទម្លាប់អនុវត្តមកដល់សព្វថ្ងៃ ។

នៅក្នុងបាឋកថា របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានលើកពី ផែនការការងារប្រឆាំងអំពើពុករលួយ ដែលមានយុទ្ធសាស្ត្រព្រួញមុខ ៣ គឺ១. អប់រំ ២. បង្ការទប់ស្កាត់ និង ៣. បង្ក្រាបបញ្ជូនទៅតុលាការ ហើយឯកឧត្តមក៏បានបញ្ជាក់ពីប្រភពដែលនាំទៅដល់បើកការស្រាវជ្រាវ និងស៊ើបអង្កេត មានទាំង ចំហ សម្ងាត់ រួមទាំងពាក្យប្តឹងផងដែរ ។ ចំពោះពាក្យប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានទាំងអនាមិក ពាក់កណ្តាលអនាមិក និងចេញឈ្មោះ រួមទាំងបណ្តឹងពីក្រសួង ស្ថាប័ន អាជ្ញាធរ តុលាការ និងប្រភពមួយទៀតក្នុងករណីតុលាការប្រគល់ឲ្យ ។

អំពីបទល្មើសពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកយកបទល្មើសពុករលួយចំនួន ៣៨ ក្នុងក្រមព្រហ្មទណ្ឌ និង​១៧ បទល្មើស របស់ច្បាប់ ស្តីពីការប្រឆាំងពើពុករលួយ បទល្មើសស៊ី-សំណូក មាន ១៩ បទល្មើស និង បទល្មើសពុករលួយក្រៅពីបទស៊ី-សូក មាន ១៧ បទល្មើសបន្ថែមទៀត ។

បទល្មើសពុករលួយ ក៏មានក្នុងច្បាប់ផ្សេងៗទៀតក៏មានដែរ ដូចជា ៖

១. ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ ២០២០ (មាន ៥បទល្មើស គឺមាត្រា៨០ ៨១ ៨២ ៨៣ និងមាត្រា៨៤)

២. ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (មាន ០៧បទល្មើស គឺមាត្រា៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ និងមាត្រា៩៥)

៣. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០២៣ (មាន ២ បទល្មើស គឺមាត្រា ៧៨ និងមាត្រា ៧៩)

៤. ច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ២០២៣ (មាន ៣បទល្មើស គឺមាត្រា២៤៣ ២៤៦ និងមាត្រា២៤៧)

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតលើកឡើងពីចំណុចខ្លះនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌ ដែលក្នុងនោះបទផ្សាយបរិហារកេរ្តិ៍ ជាដើមដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មានផងដែរ ។

នៅអត្ថបទក្រោយ យើងខ្ញុំនឹងផ្សាយការពន្យល់បកស្រាយលម្អិត រួមទាំងឧទាហរណ៍ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី អំពីន័យ អប់រំ? បង្ការទប់ស្កាត់? និងបទល្មើសស៊ី-សូកយ៉ាងដូចម្តេច?

រូបថត ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម