ចំណុចគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នារវាង «ចិន និងអាមេរិក» នៅឆ្នាំ 2024

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមករា ឆ្នាំ2024 ម៉ោង 7:05 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក យក្សធំពីររបស់ពិភពលោក វាជាបញ្ហាសំខាន់មួយក្នុងកិច្ចការបរទេស ដែលពិភពលោកបាននិងកំពុងមើលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជានៅចុងឆ្នាំមុន មានក្តីសង្ឃឹមយ៉ាងមុតមាំពីជំនួបរវាងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក ចូ បៃដេន នៅក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅសានហ្វ្រេនស៊ីស្កូ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា មេដឹកនាំ​ទាំង​ពីរ​ទទួល​ស្គាល់​សារសំខាន់ និង​ភាព​ចាំបាច់​នៃ​កិច្ច​សហប្រតិបត្តិការ ក៏បង្ហាញពីការចង់បញ្ឈប់ការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។

ឆ្នាំ 2024 នឹង​មិន​ត្រឹម​តែ​ជា​ការ​សាកល្បងពី​ស្ថិរភាព​​នៃ​ការ​ចរចា​ចុង​ក្រោយ​របស់​មេដឹកនាំ​ទាំង​ពីរ​នោះ​ទេ ក្នុងពេលជាមួយគ្នានេះ វាក៏អាចនាំមកនូវភាពវឹកវរថ្មីផងដែរ ។

បញ្ហាឆ្លងច្រកសមុទ្រ

បញ្ហាដំបូងដែលអាចបណ្តាលឱ្យមានការផ្ទុះឡើងនូវភាពតានតឹងជាថ្មី រវាងចិន និងអាមេរិក គឺកាលនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ក្នុងពេលបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភារបស់តៃវ៉ាន់ ។ ចាំមើលមើល៍ ! ប្រតិកម្មរបស់ចិនចំពោះការបោះឆ្នោតតៃវ៉ាន់នាពេលខាងមុខ នឹងកំណត់ទំនាក់ទំនងចិន-អាមេរិកដោយជៀសមិនរួចឬយ៉ាងណា?

សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ​តៃវ៉ាន់​ជា​បញ្ហា​រសើប​សម្រាប់​ចិន នេះអាចត្រូវបានគេមើលឃើញពីសម័យមុន ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​ប្រកាន់​ខ្ជាប់​នឹង​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ដោយ ប៉ុន្តែពួកគេគាំទ្រតៃវ៉ាន់ដោយចំហ និងយល់ព្រមលើការលក់អាវុធដែរឬទេ ។ ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​របស់​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) អតីត​ប្រធាន​សភា​តំណាងរាស្រ្ត​អាមេរិក និងបន្តដំណើរទស្សនកិច្ចដោយសមាជិកសភាទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រដល់កោះតៃវ៉ាន់ ដែលភាគីទាំងអស់បានដឹងយ៉ាងច្បាស់ថា នេះគឺជាសកម្មភាពដែលបង្កើតការអាក់អន់ចិត្តសម្រាប់ប្រទេសចិន ដែលត្រូវបានចាត់ទុកថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​មិន​អាច​បំបែក​បាន​របស់​ចិន កាលពីឆ្នាំមុន ។

ដូច្នេះហើយ ទើបប្រធានាធិបតីអាមេរិក ចូ បៃដេន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS 60 Minutes ក្នុងឆ្នាំ 2022 ថា យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយការពារកោះតៃវ៉ាន់ ប្រសិនបើចិនបញ្ជូនកងទ័ពទៅឈ្លានពាន ធ្វើ​ឱ្យ​ក្រសួង​ការ​បរទេស​ចិន​ឆ្លើយ​តប​ភ្លាម​ៗថា អាមេរិកផ្តល់សញ្ញាខុសយ៉ាងធ្ងន់ធ្ងរ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យពីប្រទេសចិន ។ ពួកគេ​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​លោក បៃដេន ។ យើងក៏រក្សាសិទ្ធិក្នុងការចាត់វិធានការផ្សេងៗផងដែរ ចាំបាច់ដើម្បីទប់ទល់នឹងការទាមទារឯករាជ្យនេះ ។

ស្របគ្នានឹងពេលនេះ តើនរណានាំមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នាពេលខាងមុខ? វាហាក់ដូចជាផ្តោតលើអនុប្រធានាធិបតី ឆៃ ឈីង ឌេ  និងលោកស្រី ហ្សាវ ប៊ី គីម អតីតតំណាងរបស់តៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក គូប្រជែងមកពីគណបក្សប្រជាធិបតេយ្យឈានមុខ (DPP) ដែលជាគណបក្សរដ្ឋាភិបាលបច្ចុប្បន្ន ដែលសង្កត់ធ្ងន់លើជំហរតឹងរ៉ឹងប្រឆាំងនឹងចិនដីគោក រហូត​ដល់​ចិនបោះត្រាមុខថា មនុស្ស​មុខ​ពីរ ដើម្បីញែកខ្លួនដើម្បី​ឯករាជ្យ ព្រមទាំងត្រៀម​ខ្លួន​បដិសេធ​សំណើ​ចរចា​របស់​លោក ឆៃ ផងដែរ។

នៅមុនការបោះឆ្នោតឆ្នាំ 1996 សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាផ្ទុកយន្តហោះចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅពេលដែលចិនធ្វើសមយុទ្ធយោធា និងការបាញ់សាកល្បងមីស៊ីល មុនពេលបោះឆ្នោត ។ ក្នុងខណៈបោះឆ្នោតនេះចិន​បាន​បន្ត​ភាព​តានតឹង ដោយ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​បែប​នេះ​គឺ​ជា​ជម្រើស​រវាង «សន្តិភាព និងសង្រ្គាម» ហើយបានហៅ DPP ជាក្រុមផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ និង​បាន​ជំរុញ​ប្រជាជន​តៃវ៉ាន់​ឱ្យ​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ។

លទ្ធផល​បោះឆ្នោត​របស់​តៃវ៉ាន់​អាច​នឹង​នាំ​មក​នូវ​ភាព​មិន​ច្បាស់លាស់​ដ៏​ធំធេង វាអាស្រ័យត្រង់ថា តើមេដឹកនាំថ្មីរបស់តៃវ៉ាន់ មានការយល់ដឹងអំពីស្ថានការណ៍បច្ចុប្បន្នរបស់តៃវ៉ាន់ ពីទស្សនៈរបស់សហរដ្ឋអាមេរិក ចិន ដែរឬទេ ។ ប្រសិនបើ DPP ឈ្នះការបោះឆ្នោតម្តងទៀត វា​ប្រាកដ​ជា​នឹង​បង្ក​ក្តី​បារម្ភ​ដល់​ប្រទេស​ចិន ដែលប្រហែលជាចង់សាកល្បងរដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ ហើយអាចជាជាហានិភ័យផងក៏មិនដឹង !

បេក្ខជន ដូណាល់ ត្រាំ 

ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ វាអាចមានឥទ្ធិពលខ្លាំងលើទំនាក់ទំនងអាមេរិក និងចិន ជាងការបោះឆ្នោតនៅតៃវ៉ាន់។ លុះត្រាតែមានអ្វីដែលមិននឹកស្មានដល់កើតឡើងនៅនាទីចុងក្រោយ វានឹងក្លាយជាការប្រកួតឡើងវិញរវាងប្រធានាធិបតី ចូ បៃដេន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ។

វាប្រាកដជានឹងមានវោហាសាស្ត្រដ៏ខ្លាំងក្លាអំពីប្រទេសចិនពីគណបក្សនយោបាយធំៗរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្ធនាការនេះ ប៉ុន្តែលោកប្រធានាធិបតី ហ្ស៊ី ទំនងជានឹងផ្តោតលើសំណួរមួយថា៖ «តើ ត្រាំ នឹងត្រលប់មកវិញឬទេ?» ។

ងាកទៅក្រោយបន្តិច ទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងចិន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់ផ្លូវដល់លោក ត្រាំ ជា​អ្នក​ស្នង​តំណែង​ដឹកនាំ​សហរដ្ឋ​អាមេរិក ដែលបាន​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ពេញ​លេញ​ជាមួយ​ចិន និង​ការ​ចោទ​ប្រកាន់​ចិន​ជុំវិញ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩ រួមទាំងភាពតានតឹងថ្មីជុំវិញស្ថានការណ៍របស់តៃវ៉ាន់ ។

ម៉្យាងវិញទៀត ការវិលត្រឡប់របស់លោក ត្រាំ អាចជាផលប្រយោជន៍ភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិន ក្រោយពីលោក បៃដេន បានបង្កើនសម្ពាធលើប្រទេសចិនដោយរក្សាពន្ធគយសម័យ ត្រាំ បន្ថែមការគ្រប់គ្រងការនាំចេញថ្មីៗ និងពង្រឹងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក ប៉ុន្តែសភាវគតិឯកោរបស់ ត្រាំ អាចនាំឱ្យគាត់ដឹកនាំសហរដ្ឋអាមេរិកឱ្យឆ្ងាយពីសម្ព័ន្ធមិត្តរបស់ខ្លួន នោះ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ចិន ដែល​មាន​អារម្មណ៍​ក្តុកក្តួល​ដោយ​មហាអំណាច​អាមេរិក ។

ជម្លោះពាក់ព័ន្ធនឹង «ឈីប»

ការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ដើម្បីការពារមិនឲ្យចិនចូលទៅកាន់ឧបករណ៍អេឡិចត្រូនិកទំនើបបំផុត ទំនងជានឹងកាន់តែខ្លាំងនៅឆ្នាំ 2024 នេះ បន្ទាប់ពីនៅក្នុងខែតុលាឆ្នាំ 2023 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Gina Raimondo បានរឹតបន្តឹងដែនកំណត់ផ្សេងៗ ដោយបន្ថែមបន្ទះសៀគ្វី (high-end chips) កម្រិតខ្ពស់មួយចំនួន និងបិទចន្លោះប្រហោងផ្សេងៗ ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសថា បញ្ហាទាំងនេះនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។

មានការជជែកវែកញែកអំពីថា តើការគ្រប់គ្រងការនាំចេញប៉ុន្មាននឹងជួយការពារមិនឲ្យចិនចូលដល់បច្ចេកវិទ្យាផលិតបន្ទះឈីប (សៀគ្វី)កម្រិតខ្ពស់បាន ហើយចិនកំពុងព្យាយាមទប់ទល់នឹងការរឹតបន្តឹងនេះ ប៉ុន្តែ​ការ​សងសឹក​ដែល​ដាក់​គោលដៅ​លើ​អាជីវកម្ម​អាមេរិក ​ក៏​អាច​បង្អាក់​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត​ពី​ការ​ចូល​មក​ប្រទេស​ចិន​ផងដែរ។ ទោះយ៉ាងណាក៏ដោយ ចំពេលតម្រូវការថវិកាទាំងនេះ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលមានភាពយឺតយ៉ាវ អ្វីដែលលេចធ្លោនោះគឺភាពជាម្ចាស់របស់ប្រទេសចិនចំពោះរ៉ែកម្រដែលចាំបាច់សម្រាប់ផលិតបន្ទះឈីប ។

ភាពតានតឹងលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក៏បានកើនឡើងផងដែរ បន្ទាប់ពីរដ្ឋបាល បៃដេន បានចាប់ផ្តើមក្រុមការងារនៅឆ្នាំ 2023 ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានដោយខុសច្បាប់នូវបច្ចេកវិទ្យារសើបរបស់សហរដ្ឋអាមេរិក ហើយមានការស៊ើបអង្កេតដែលកំពុងបន្តលើការរំលោភ ទាក់ទងនឹងការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ។ លោក Matthew S. Axelrod ជំនួយការលេខាធិការពាណិជ្ជកម្ម ទទួលបន្ទុកលើការអនុវត្តការនាំចេញរំពឹងថា វា​នឹង​ឈាន​ដល់​ការ​អនុវត្ត​ច្បាប់​នាំ​ចេញ​ធំៗ​នៅ​ឆ្នាំ​២០២៤ នេះ។

ក្នុងចំណោមកត្តាជាច្រើនដែលអាចធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកកាន់តែអាក្រក់ ​អ្នក​ជំនាញ​ចិន​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ជឿ​ដូច្នេះថា បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​ចិន​មានការ​អត់ធ្មត់​កាន់​តែ​ខ្លាំង។ ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគពីបរទេស បានបញ្ជូនសញ្ញាវិជ្ជមាន ដូចជាការយល់ព្រមពី Mastercard ដើម្បីដំណើរការប័ណ្ណឥណពន្ធនៅក្នុងប្រទេសចិន ។

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិននៅតែមិនបង្ហាញសញ្ញាល្អនៃការងើបឡើងវិញ បូកនឹងហានិភ័យភូមិសាស្ត្រនយោបាយនៅតែមានកម្រិតខ្ពស់ ហើយក៏នឹងកាត់បន្ថយឱកាសសម្រាប់ក្រុមហ៊ុនបរទេសក្នុងការបណ្តាក់ទុននៅក្នុងប្រទេសចិនផងដែរ ។ ក្រុមហ៊ុនជាច្រើននឹងជៀសមិនរួចងាកទៅវិនិយោគនៅកន្លែងផ្សេងដើម្បីសុវត្ថិភាព។

តើ​នៅ​ទី​បញ្ចប់ ការ​ប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​អាមេរិក​នឹង​ធូរស្រាល ឬ​ភាព​តានតឹង​ឡើង​ដល់​កម្រិត​ណា? យើង​ត្រូវ​តែ​រង់ចាំ​មើល​ពេញ​មួយ​ឆ្នាំ​នាគ​នេះ​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម