សម្តេចតេជោ ហ៊ុន សែន ៖ ៥ ឆ្នាំខាងមុខនេះ រាជរដ្ឋាភិបាលអាណត្តិខាងមុខ នឹងបណ្ដុះបណ្ដាលចំនួន ១លាន ៥ សែននាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:37 នាទី ល្ងាច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា «ឥឡូវនេះរោងចក្រអត់មានបិទទេ ជួនកាលវាមានបិទរោងចក្រនេះ ក៏ប៉ុន្តែវាកើតរោងចក្រនោះ អាកើតវាច្រើនជាងបិទ។ អញ្ចឹងចំនួនរោងចក្រពីមួយខែទៅមួយខែវាចេះតែកើតឡើង ដោយសារយើងខិតខំ» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីចំនួន ១៨.០០០ នាក់នៅក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៧ខែមិថុនា២០២៣។

សម្ដេចបន្តថា គោលដៅដោះស្រាយការងារធ្វើរបស់យើងគឺមួយឆ្នាំ ៣០ ម៉ឺននាក់ អញ្ចឹងមានតែការខិតខំទាក់ទាញទាំងវិនិយោគក្នុងស្រុក និងវិនិយោគក្រៅស្រុក ឱ្យគេមកវិនិយោគនៅកម្ពុជា ។ មិនមែនសំដៅតែទៅលើវិស័យកាត់ដេរ និងស្បែកជើងទេ វិស័យដទៃទៀតដែលយើងអាចធ្វើទៅបាន ផលិតទំនិញ ជំនួសឲ្យទំនិញប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូល និង ផលិតទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយយើងខិតខំពង្រីកទីផ្សារខាងក្រៅបន្ថែមទៀត ។

សម្តេចតេជោបានលើកឡើងអំពីនយោបាយរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មី គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ។ ច្បាប់វិនិយោគថ្មីត្រូវបានដាក់ឲ្យប្រើប្រាស់ ដែលមានចំណុចទាក់ទាញ ហើយយើងត្រូវខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងទុនទាំងរឹង អារឹងដូចជាផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ អគ្គិសនីសម្រាប់ផ្គត់ផ្គង់ ។ ឯផ្នែកទន់គឺប្រព័ន្ធច្បាប់របស់យើងឱ្យវាងាយស្រួល ឱ្យវាសាមញ្ញ នីតិវិធីរបស់យើងកុំស៊ាំញ៉ាំ បន្ថែមទៅដោយការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ យើងនឹងបណ្ដុះបណ្ដាលពលរដ្ឋរបស់យើងក្នុងមួយឆ្នាំ ៣០ ម៉ឺននាក់ដែលក្នុង ៥ ឆ្នាំខាងមុខនេះ រាជរដ្ឋាភិបាលអាណត្តិខាងមុខ នឹងត្រូវបណ្ដុះបណ្ដាលចំនួន ១លាន ៥ សែននាក់ ។

សម្តេចតេជោបានលើកជាសំនួថា៖«តើនេះឬជានយោបាយបំផ្លាញជាតិ ឬក៏ជានយោបាយដោះស្រាយបញ្ហាជាតិ? អ្នកព្រុសចេះតែព្រុសទៅ គេហៅថា«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» ។ និយាយមួយបែប យើងមិនគួរប្រើពាក្យព្រុស ប៉ុន្តែពួកតិរច្ឆានបើមិនប្រើពាក្យអញ្ចឹងក៏មិនកើតដែរ ។ យើងមិនអាចហៅថា ឯកឧត្តមឱ្យព្រុស ក៏វាមិនកើត ព្រោះជ្រុលហួស» ។

សម្តេចតេជោ ហ៊ុន សែន បន្តថា «សូ ណារ៉ូទើបមកពីអាមេរិក ឮគេនិយាយបែបម៉េចពីកម្ពុជា ឥឡូវគួរនិយាយពីកម្ពុជាចេញទៅម្ដងហើយ ។ ឥឡូវជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទៀត ។ ឥឡូវមើលខាងក្នុងតែវាយ៉ាងម៉េចស្ថានភាពថ្ងៃនេះ...ហើយប្រជាជនកម្ពុជាស្គាល់ហ៊ុនសែនច្បាស់ណាស់ » ៕

 

រូបថត តារារិទ្ធ

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម