ឆ្នាំ 2024 ជាឆ្នាំ«នៃសមរភូមិបោះឆ្នោត» កំណត់ជោគវាសនាពិភពលោក

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី06 ខែមករា ឆ្នាំ2024 ម៉ោង 8:05 នាទី ល្ងាច

 

  ដោយ សូរ្យរិទ្ធ៖  

នៅឆ្នាំ 2024 នេះ សមរភូមិបោះឆ្នោតសកលជាង 40 ប្រទេស/ដែនដីជុំវិញពិភពលោក ដែលអ្នកមានសិទ្ធិបោះឆ្នោតចំនួន 41% នៃចំនួនប្រជាជនពិភពលោក ។

ប្រទេសគ្រាក់ៗដែលមានឥទ្ធិពលលើឆាកនយោបាយ និងសេដ្ឋកិច្ចពិភពលោក កំពុងប្រជែងគ្នាដណ្តើមតំណែងជាមេដឹកនាំថ្មីក្នុងឆ្នាំតែមួយ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា តៃវ៉ាន់ ប្រេស៊ីល ឥណ្ឌូនេស៊ី និងរុស្ស៊ី ប៉ុន្តែលទ្ធផលបោះឆ្នោតមានសារសំខាន់ នឹងមានឥទ្ធិពលដ៏ធំបំផុតលើអនាគតរយៈពេលខ្លីនៃពិភពលោករបស់យើង គឺការបោះឆ្នោតប្រធានាធិបតីនៃកោះតូចៗ ដូចជា «តៃវ៉ាន់» ឬសាធារណរដ្ឋចិន ជាដើម នៅថ្ងៃទី 13 ខែមករានេះ ជាដើម ។

ការបោះឆ្នោតរបស់តៃវ៉ាន់នឹងឆ្លុះបញ្ចាំងទៅកាន់ពិភពលោកថា តើប្រជាជនតៃវ៉ាន់​គិត​យ៉ាង​ណា​ចំពោះ​ទំនាក់ទំនង និង​ស្ថានការណ៍ចិនជាមួយតៃវ៉ាន់? រួមជាមួយនឹងការកំណត់«កម្តៅ» នៅច្រកសមុទ្រតៃវ៉ាន់ និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយចិន គឺជាកត្តាកំណត់ស្ថិរភាពនៃពិភពលោក ។

ភាពតានតឹងរបស់តៃវ៉ាន់ សហរដ្ឋអាមេរិក ជាមួយនឹងចិន វាទំនងជាកាន់តែធ្ងន់ធ្ងរ និងអង្រួនស្ថិរភាពពិភពលោកឲ្យរង្គើ ប្រសិនបើ «ឡៃ ឈីងតេ (Lai Ching te)» មកពីគណបក្សប្រជាធិបតេយ្យឈានមុខ (DPP) ឬគណបក្សកាន់អំណាច​បច្ចុប្បន្នដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ ឈ្នះការបោះឆ្នោត?

ប៉ុន្តែប្រសិនបើ DPP មិនឈ្នះ ហើយមានការចាត់តាំងរដ្ឋាភិបាលប្រឆាំងមួយនឹងត្រូវបានបង្កើតឡើង ដោយកណបក្សកុកមីងតាំង (Kuomintang =KMT) ជាមួយគណបក្សប្រជាជនតៃវ៉ាន់ (TPP) និងបេក្ខជនឯករាជ្យផ្សេងទៀតដែលគាំទ្រទំនាក់ទំនងជាមួយរដ្ឋាភិបាលចិនដីគោក សភាពការណ៍ទំនងជាធូរស្រាល ។

សម្រាប់ការបោះឆ្នោតនៅ «សហរដ្ឋអាមេរិក» ដែលជាប្រទេសមហាអំណាចលេខ ១ របស់ពិភពលោក ពិតណាស់ថា ការមានរដ្ឋាភិបាល និងប្រធានាធិបតីមកពីគណបក្សដែលមានមនោគមវិជ្ជាខុសគ្នា វានឹងប៉ះពាល់ដល់គោលនយោបាយក្នុងស្រុក។ ថាតើវាជាទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិ ទាំងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន អ៊ីស្រាអែល-ហាម៉ាស ភាពតានតឹងជាមួយចិន រហូតដល់គោលនយោបាយបរិស្ថាន ដែលបានកើតឡើងក្នុងសម័យ ដូណាល់ ត្រាំ នៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពី «កិច្ចព្រមព្រៀងទីក្រុងប៉ារីស(Paris Agreement)» ។

ទន្ទឹម​នឹង​នេះ​ដែរ បើ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ឥណ្ឌា ​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក និង​កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​វិស័យ​សេដ្ឋកិច្ច លទ្ធផល​បាន​ចេញ​មកគឺ​ថា «ប្រសិនលោក ណារេនដ្រា ម៉ូឌី (Narendra Modi)» នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន ​ចាញ់​ការ​បោះឆ្នោត វានឹងប៉ះពាល់ដល់គោលនយោបាយយុទ្ធសាស្ត្រផ្សេងៗរបស់ឥណ្ឌា ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់គាត់ ហើយវាក៏នឹងជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការអូសទាញឥណ្ឌាឱ្យទៅជាសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងអំណាចជាមួយចិនផងដែរ ។

នៅឯ «ឥណ្ឌូនេស៊ី»វិញ ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បានដាក់ស្តង់ដារខ្ពស់ណាស់ក្នុងរយៈពេលប្រាំបីឆ្នាំរបស់គាត់ ទាំងផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់គាត់នៅលើឆាកពិភពលោក។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកុម្ភៈ ដោយមានតួអង្គប្រជែងថ្មី គឺ ឧត្តមសេនីយ ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាកូនប្រសាររបស់អតីតប្រធានាធិបតី ស៊ូហារតូ (Suharto) និង ហ្គីប្រាន រ៉ាកាប៊ូមីង  (Gibran Rakabuming) កូនប្រុសរបស់លោក ចូកូ វីដូដូ បច្ចុប្បន្ន ក៏កំពុងឈរឈ្មោះជាអនុប្រធានាធិបតីផងដែរ ។

ចំណែក​ការ​បោះ​ឆ្នោតរើស​ប្រធានាធិបតី​«រុស្ស៊ី» ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​មីនា​នេះ ​មិន​សូវ​សំខាន់​នោះ​ទេ នេះ​មិន​មាន​ន័យ​ថា ​រុស្ស៊ី​មិន​សំខាន់​នៅ​លើ​ឆាក​ពិភពលោក​ទេ ប៉ុន្តែ​ដោយសារ​លទ្ធផល​បោះឆ្នោត​ជា​អ្វី​ដែល​ដឹង​រួចទៅ​ហើយ គឺ «វ្ល៉ាឌីមៀ ពូទីន» នឹង​បន្ត​មួយអាណត្តិ​ទៀត ហើយ​គោលនយោបាយ​រុស្ស៊ី​ណាមួយ​នឹង​បន្ត​យ៉ាង​រលូន។

ដូច្នេះ ការបោះឆ្នោត​រុស្ស៊ី​មិន​ផ្លាស់ប្តូរ​ឥទ្ធិពល​របស់ខ្លួន​មកលើ​ពិភពលោក​តាម​មធ្យោបាយ​ណាមួយ​ឡើយ​ ហើយត្រូវបានគេលើកឡើងថា «ជាការបោះឆ្នោតបញ្ឆោតនៅលើពិភពលោក» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម