ក្រុម Quad (4 ប្រទេស) នឹងផលិតវ៉ាក់សាំងឲ្យអាស៊ាន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 12:21 នាទី ល្ងាច

ម្សិលមិញ (១៣ មីនា) វេបសាយ «មតិអ្នក» បានចេញអត្ថបទមួយមានចំណងជើងថា «អាត់បួន ជួបគ្នានិយាយពីសម្ព័ន្ធភាពជាមួយចិន» ពេលនេះក្រុមចតុភាគី ឬQuad ដែលមាន ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និង អូស្ត្រាលី បានសន្យាបញ្ជូនវ៉ាក់សាំងការពារកូវីដ-១៩ ឲ្យប្រទេសអាស៊ាន និង ភូមិភាគជាច្រើនទៀត ចំនួនយ៉ាងតិក៏ ១.០០០ លានដូសដែរនៅចុងឆ្នាំនេះ ។

នៅកិច្ចប្រជុំអនឡាញចតុភាគីជាលើកដំបូង ឬQuad ដឹកនាំដោយ ៤ ជាតិសម្ព័ន្ធមិត្ត គឺលោក ចូ បៃដេន ប្រធានាធិបតីសហរដ្ឋអាមេរិក, នាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា មូឌី, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន និង នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូឈិហ៊ិដៈ ស៊ូង៉ៈ ។ លោក បៃដេន ពោលថា គ្រប់ប្រទេសទាំងអស់បានផ្តោតលើការផលិតវ៉ាក់សាំង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេស រួមទាំងការជំរុញកំណើនប្រកបដោយចីរភាពពិភពលោក សម្រាប់ហេតុផលនេះដៃគូសន្តិសុខ ជំរុញសហប្រតិបត្តិការថ្មីដើម្បីការផលិតវ៉ាក់សាំងCOVID វាមានសារប្រយោជន៍ដល់ពិភពលោក ជាពិសេសជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

លោក ជេក សាល់លិវែន ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី ចូ បៃដេន ថ្លែងថា ឥណ្ឌានឹងផលិតវ៉ាក់សាំងយ៉ាងតិច ១.០០០ លានដូសនៅចុងឆ្នាំនេះ ។ ក្នុងនាមកិច្ចសហការជាមួយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី បានប្តេជ្ញាចិត្តយ៉ាងខ្លាំងដោយបែងចែកវ៉ាក់សាំងទៅអាស៊ាន ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនៅតំបន់ជាច្រើនទៀតនៅចុងឆ្នាំ ២០២១ ។

សេតវិមានបានបន្ថែមថា ក្រុមហ៊ុនបៃអូឡូជិខល អ៊ី របស់ឥណ្ឌានឹងផលិតវ៉ាក់សាំងយ៉ាងតិច ១.០០០ លានដូសនៅដំណាច់ឆ្នាំខាងមុខ និងផលិតវ៉ាក់សាំងចាក់តែមួយដូសផលិតដោយក្រុមហ៊ុន ចនសុន អែនដ៍ ចនសុន ឬ ជេអែនជេ របស់សហរដ្ឋអាមេរិក ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ពីប្រទេសជប៉ុនចំនួន ៤១ លានដុល្លារអាមេរិក និងពីប្រទេសអូស្ត្រាលីចំនួន ៧៧ លានដុល្លារបន្ថែមទៀត ដែលពីដើម ៤០៧ លានដុល្លារអាមេរិក ដើម្បីធានាថា អាស៊ានក្រៅពីបានទទួលការបែងចែកហើយ ក៏ត្រូវតែទទួលចាក់ឲ្យបានត្រឹមត្រូវដែរ ដោយសារតែវ៉ាក់សាំងនេះត្រូវតែគ្រប់គ្រងដោយសីតុណ្ហភាព ។

នាយករដ្ឋមន្រ្តីឥណ្ឌាម៉ូឌីបានTwitter ថា សក្តានុពលរបស់ឥណ្ឌាសម្រាប់ការផលិតវ៉ាក់សាំងនឹងត្រូវបានលើកកម្ពស់បន្ថែមទៀតដោយជប៉ុន អាមេរិក និងអូស្ត្រាលី ដើម្បីជួយប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ការពិភាក្សាអំពីវ៉ាក់សាំង បម្រែបម្រួល​អាកាសធាតុ ហើយបច្ចេកវិទ្យាថ្មីធ្វើឱ្យQuad Group ក្លាយជាកម្លាំងវិជ្ជមានសម្រាប់ពិភពលោក ដើម្បី សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ។

ខណៈដែលរដ្ឋាភិបាលចិន ដឹកនាំដោយប្រធានាធិបតី ហ្ស៊ី ជីនពីង បានថ្លែងកាលពីខែឧសភាឆ្នាំមុនថា វ៉ាក់សាំងCOVID ផលិតដោយជនជាតិចិននឹងក្លាយជា«ទំនិញសាធារណៈ» ហើយចាប់តាំងពីពេលនោះមក ប្រទេសចិនបានចាប់ផ្តើមចែកចាយវ៉ាក់សាំងនេះដល់ប្រជាជនប្រមាណ ៥០០ លាននាក់ពី ៤៥ ប្រទេសជុំវិញពិភពលោក ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAP ដែលភាគីជាច្រើនមើលឃើញថា ប្រទេសចិនកំពុងព្យាយាមប្រើការទូតតាមរយៈវ៉ាក់សាំងដើម្បីស្តារមុខមាត់របស់ខ្លួន បន្ទាប់ពីប្រទេសចិនត្រូវបានវាយប្រហារដោយសារការបរាជ័យក្នុងការដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃCOVID-19 នាំឱ្យមានការរីករាលដាលពាសពេញពិភពលោក ទន្ទឹមនឹងការពង្រីកអំណាចឥទ្ធិពលរបស់ចិនក្នុងពេលតែមួយ ៕

ប្រភពពីnaewna

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម