WB ព្យាករណ៍ថាសេដ្ឋកិច្ចចិនស្ទុះងើប ៨,១% នាំមុខនៅអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី27 ខែមិីនា ឆ្នាំ2021 ម៉ោង 8:55 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកព្យាករណ៍ថា ឆ្នាំនេះចិននឹងស្តារខ្លួននៅក្នុងអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ប៉ុន្តែប្រទេសជាច្រើននៅស្ទុះងើបទាបជាងដែលធ្លាប់មាន ព្រោះត្រូវតស៊ូជាមួយកូវីដ ។

របាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលត្រូវបានធ្វើដោយធនាគារពិភពលោក (WB) ព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងកើនឡើង ៨,១ ភាគរយនៅឆ្នាំនេះ បើប្រៀបធៀប ២,៣ ភាគរយក្នុងឆ្នាំ ២០២០ ហើយគាំទ្រដល់កំណើនក្នុងតំបន់ ៧,៤ ភាគរយ ពី ១,២ ភាគរយនៅឆ្នាំ ២០២០ ។

កាលពីដើមខែមីនា ទីភ្នាក់ងារព័ត៌មាន South China Morning Post របស់ចិន រាយការណ៍ពីការប្រជុំក្រុមប្រឹក្សារដ្ឋសភា​ចិនប្រចាំឆ្នាំ ២០២១ លោក លី ឃើឈាង នាយករដ្ឋមន្ត្រីចិន និយាយថា គោលដៅនៃការពង្រីកសេដ្ឋកិច្ច (GDP) របស់ចិនឆ្នាំនេះ គឺជាង ៦% ប៉ុនណោះ ស្របពេលដែលការវិភាគថា GDP ចិននឹងលូតលាស់ជាង ៨ ភាគរយ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីខែមករានោះថា ផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំនេះគឺស្មើនឹង ៨,១% ដូចអ្វីដែល WB បានព្យាករណ៍ដែរ ។

ប្រទេសវៀតណាមគឺជាប្រទេសមួយផ្សេងទៀត ដែលដំណើរការសេដ្ឋកិច្ចលេចធ្លោ គេរំពឹងថាឆ្នាំនេះសេដ្ឋកិច្ចបានកើនឡើង ៦,៦% គឺកើនឡើងពី ២,៩% ។

ប្រទេសចិននិងប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់តិចតួចពីការផ្ទុះឡើងនៃជំងឺរាតត្បាត​កូវីដ ហើយសេដ្ឋកិច្ចមិនបានធ្លាក់ចុះប៉ុន្មាននៅក្នុងឆ្នាំកន្លងមកទេ ។

ធនាគារពិភពលោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ពឹងផ្អែកលើការទប់ទល់កូវីដ-១៩ លទ្ធភាពក្នុងការស្វែងរកប្រយោជន៍ពីពាណិជ្ជកម្មពិភពលោកដែលបានងើបឡើងវិញ និងសក្តានុពលរបស់រដ្ឋាភិបាលក្នុងការចេញវិធានការគាំទ្រហិរញ្ញវត្ថុ និងសារពើពន្ធ ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ទទួលបានអត្ថប្រយោជន៍មួយផ្នែកពីវិធានការណ៍ជំរុញសេដ្ឋកិច្ចពីសហរដ្ឋ​អាមេរិក ដែលនឹងជួយធ្វើពាណិជ្ជកម្មទំនិញឡើងវិញ និងមានសក្តានុពលជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យបានជាមធ្យម ១% ប៉ុន្តែទេសចរណ៍ពិភពលោកនឹងនៅតែស្ថិតនៅក្រោមកម្រិតទាបជាងមុនកូវីដរាតត្បាត រហូតដល់ឆ្នាំ ២០២២ ការងើបឡើងវិញនៃបណ្តាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍អាចត្រូវពន្យារពេលបន្ថែមទៀត» ៕

ប្រភព bangkokbiznews

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម