នាយករដ្ឋមន្ត្រីកម្ពុជា ខ្នះខ្នែងជួយដល់ពលករចាកចេញពីប្រទេសថៃ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែមិថុនា ឆ្នាំ2025 ម៉ោង 8:28 នាទី ព្រឹក

 

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ពលករខ្មែរដែលនៅក្នុងប្រទេសថៃ ឱ្យត្រឡប់​មកស្រុកកំណើត​វិញ ដោយប្រកាសយកចិត្តទុកដាក់សម្របសម្រួលកិច្ចការងចាំបាច់ ការដឹកជញ្ជូនដល់ស្រុកកំណើត ការត្រៀមរកការងារធ្វើក្នុងស្រុក ដែលកំពុងខ្វះកម្លាំងពលកម្ម ជាដើម ។

ដោយការយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្លួន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​ដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។

នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈសារសំឡេងផ្សព្វផ្សាយលើបណ្តាញសង្គម សម្តេចមហាបវរធិបតី បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅស្ថានកុងស៊ុលខ្មែរនៅ​ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន​មកកម្ពុជា និង ទៅលោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា​នេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មក​ប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើង​សម្រាប់ពលករខ្មែរផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម