អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (2025-2030) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើករបស់ កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយតាមក្រសួង ស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងក្លឹបអ្នកកាសែតកម្ពុជា ចំនួន ១៥០ រូប។
អញ្ជើញថ្លែងសុន្ទរកថាបើក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា «ដូចអាណត្តិមុនៗដែរ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ត្រូវបានបន្ស៊ី និងសម្របតាមកម្មវិធីគោលនយោបាយរដ្ឋ ដោយរួមមាននូវចំណាត់ការ និងសកម្មភាពការងារនានា ដែលចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជារួមផង គាំទ្រដល់ការងារកំណែទម្រង់នានាដោយស្ថាប័នសាធារណៈពាក់ព័ន្ធ គាំទ្រដល់វិស័យឯកជន និងសាធារណជនទូទៅ គាំទ្រដល់ការបំពេញកាតព្វកិច្ចកម្ពុជាដែលមានចំពោះសហគមន៍អន្តរជាតិក្នុងវេទិកាអន្តររដ្ឋាភិបាលនានា ដូចជា វេទិកាអាស៊ានផេក (ASEAN-PAC), អ៊ុនកាក់ (UNCAC) និង APG ជាដើម។ សកម្មភាពដែលបានរំលេចឡើងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ រួមមាន ការងារខ្លះដែលបន្តពីផែនការមុនខ្លះមិនទាន់បានអនុវត្ត ខ្លះត្រូវបានកែសម្រួល និងខ្លះត្រូវបានកំណត់ថ្មីស្របតាមបរិបទជាក់ស្តែង និងការវិវត្តផ្លាស់ប្តូរថ្មី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានរំលេចនូវការងារ ៥ឆ្នាំទៅមុខ ដោយបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រ ៦ គឺ (១).អប់រំ (២).បង្ការ ទប់ស្កាត់ (៣).អនុវត្តច្បាប់បង្ក្រាប (៤).ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៥).កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស (៦).ពង្រឹងសមត្ថភាព និងសុចរិតភាពស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាមួយនឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយអំពីសមិទ្ធផលការអនុវត្តផែនការយុទ្ធសាស្រ្តជាតិឱ្យបានទូលំទូលាយ។ ក្នុងយុទ្ធសាស្រ្តទាំង ៦ ការដ្ឋាននេះ សកម្មភាពគន្លឹះៗ ចំនួន១៥ នឹងត្រូវរំលេចឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាពនៃការអនុវត្តគាំទ្រដល់កិច្ចប្រឹងប្រែងកំណែទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្គុំកម្លាំង ដើម្បីប្រយោជន៍សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិ ។
កិច្ចប្រជុំ មានការធ្វើបទបង្ហាញរបស់អ្នកជំនាញពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន និងឧក្រិដ្ឋកម្ម (UNODC) ផ្តោតសំខាន់លើកាតព្វកិច្ចរបស់កម្ពុជាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC) និងបទបង្ហាញអំពីការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ដោយឯកឧត្តម យន់ ស៊ីណាត អនុប្រធាន អ.ប.ព. ដើម្បីអ្នកចូលរួមបានស្វែងយល់អំពីសារបាន គោលបំណង ឆន្ទៈ និងទិសដៅការងារប្រឆាំងអំពើពុករលួយសម្រាប់ ៥ឆ្នាំទៅមុខទៀត រួមទាំងពិភាក្សាយ៉ាងផុលផុស ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគី ដើម្បីគាំទ្រគោលនយោបាយ និងកម្មវិធីដឹកនាំលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រើប្រាស់ជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តការងាររបស់ អ.ប.ព.។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. មានជំនឿថា «ជាមួយនឹងធាតុចូលបន្ថែម ទាំងក្នុងថ្ងៃនេះ និងពេលបន្ទាប់មុនផែនការយុទ្ធសាស្ត្រត្រូវបានអនុម័តពីសំណាក់អង្គប្រជុំពិភាក្សា នឹងទទួលបានផែនការមួយកាន់តែឆ្លើយតបទៅនឹងតម្រូវការ និងក្តីប្រាថ្នាចង់បានរបស់ភាគីពាក់ព័ន្ធ នោះគឺការនាំយកមកជូនជាតិ ជូនពលរដ្ឋ នូវសង្គមកម្ពុជាមួយកាន់តែល្អ និងសស្អាត» ។
ជាចុងបញ្ជប់ នៃកិច្ចពិភាក្សារបស់ក្រុមទាំង១២ ឯកឧត្ដម យន់ ស៊ីណាត អនុប្រធាន អ.ប.ព. បានសរុបលទ្ធផលនៃកិច្ចពិភាក្សា ដែលមានធាតុចូលសំខាន់ៗ ពីចម្រុះភាគី ចម្រុះវិស័យ និងបានអរគុណអង្គពិភាក្សា ដែលបានបញ្ចេញមតិ-យោបល់សុត្ធតែមានសារសំខាន់ និងបញ្ចេញឆន្ទៈយ៉ាងទូលំទូលាយ។
ឆ្លងកាត់លទ្ធផល នៃកិច្ចពិភាក្សាផ្តល់មតិ-យោបល់រកធាតុចូលពេញមួយថ្ងៃយ៉ាងផុលផុសរបស់អង្គប្រជុំ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថែ្លងសុន្ទរកថាបិទ ដោយឯកឧត្តមបានកត់សម្គាល់ឃើញអំពីលទ្ធផលដ៏ផ្លែផ្កា សមស្របតាមគោលបំណង ដែលបានរំពឹងទុក។
ឯកឧត្ដម តុប សំ បានមានប្រសាសន៍ទៀតថា ការចូលរួមចំណែកមតិ-យោបល់ចម្រុះវិស័យ គឺជាធាតុចូលជាសារវ័ន្តឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នាពីគ្រប់ក្រសួង ស្ថាប័ន គ្រប់វិស័យ និង ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។ ធាតុចូលទាំងអស់នេះ ពិតជាមានសារៈសំខាន់សម្រាប់ ការពិនិត្យ កែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ នៃ ៥ឆ្នាំខាងមុខ (ឆ្នាំ២០២៥-២០៣០) ឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត៕