អ៊ុង សានស៊ូឃ្យី ត្រូវចោទមួយករណីទៀតហើយ ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី13 ខែមេសា ឆ្នាំ2021 ម៉ោង 12:53 នាទី ល្ងាច

Admin: សូរ្យរិទ្ធ៖

ម្ចាស់រង្វាន់ណូបែលវ័យ ៧៥ ឆ្នាំ គឺលោកស្រី អ៊ុង សានស៊ូឃ្យី ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅមិនទាន់បង្ហាញខ្លួនតាមទីសាធារណៈចាប់តាំងពីថ្ងៃចាប់ខ្លួនរដ្ឋប្រហារ ១ កុម្ភៈមកម៉្លេះ ។

បណ្តាឧត្តមសេនីយ៍យោធាបានប្រើហិង្សាដ៏ឃោរឃៅទៅលើអ្នកគាំទ្ររបស់លោកស្រី ស្របពេលដែលលោកស្រី ស៊ូឃ្យី ប្រឈមមុខនឹងរឿងក្តីចោទប្រកាន់ថ្មីមួយទៀត ដែលមិនអាចឲ្យលោកស្រីកាន់អំណាចបានអស់មួយជីវិត ។

លោក មិន មិនសូ មេធាវីរបស់លោកស្រី ស៊ូឃ្យី បានប្រាប់ AFP ក្រោយសវនាការនៅទីក្រុងណេពិដោថា «លោកស្រីត្រូវបានចោទប្រកាន់រឿងក្តីមួយទៀតហើយ តាមមាត្រា ២៥ នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ» ។ លោកស្រី ស៊ូឃ្យី បានបង្ហាញខ្លួនតាមរយៈវីដេអូលីង ។

«គាត់ត្រូវចោទ ៦ ក្តី ដោយ ៥ ក្តីចោទនៅទីក្រុងណេពិដោ និង ១ រឿងទៀតនៅទីក្រុងយ៉ាំងហ្គោន» លោក មិន មិនសូ ពោល ។ ចំណុចចោទប្រកាន់ដែលធ្ងន់ធ្ងរបំផុត គឺច្បាប់រក្សាការសម្ងាត់រាជការរបស់ប្រទេសមីយ៉ាន់ម៉ា ។

មេធាវី មិន មិនសូ និយាយថា លោកស្រី អ៊ុង សានស៊ូឃ្យី ដែលត្រូវឃុំខ្លួននៅក្នុងផ្ទះនាទីក្រុងណេពិដោ មើលទៅមានសុខភាពល្អទេ ប៉ុន្តែមិនច្បាស់ថា គាត់ដឹងរឿងរ៉ាវវឹកវរ និងស្លាប់អ្នកតវ៉ាយ៉ាងសន្ធឹកក្នុងប្រទេសរយៈពេល ២ ខែនេះដែរឬទេ !

រថយន្តក្រុងត្រូវដុតឆេះកណ្តាលក្រុង

ការធ្វើបាតុកម្មតវ៉ាដែលកើតឡើងស្ទើររាល់ថ្ងៃ ដែលទាមទារឲ្យដោះលែងលោកស្រី ស៊ូឃ្យី និងស្តារប្រជាធិបតេយ្យ ត្រូវប្រឈមនឹងគ្រាប់កៅស៊ូ គ្រាប់កាំភ្លើងពិត និងការបំផ្ទុះគ្រាប់ពីកងកម្លាំងសន្តិសុខ ។

ពលរដ្ឋប្រមាណជាង ៧០០ នាក់ត្រូវប្រហារក្នុងរយៈពេល ៧០ ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារ ហើយយោងតាមសមាគមជួយអ្នកទោសនយោបាយឲ្យដឹងថា មានមនុស្សប្រមាណ ៣.០០០ នាក់ត្រូវចាប់ខ្លួន ។

ការបង្ក្រាបបង្ហូរឈាមេនេះ ធ្វើឲ្យអន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មចំពោះកងទ័ពមីយ៉ាន់ម៉ា រួមទាំងបង្កកធុរកិច្ចនៃផលប្រយោជន៍របស់ក្រុមកងទ័ព ។

អ្នកកាទូតជាន់ខ្ពស់របសសហភាពអឺរុបបានថ្កោលទោសទីក្រុងម៉ូស្គូ និងប៉េកាំង ដែលជារនាំងបាំងការដាក់ទណ្ឌកម្មទៅលើកងទ័ពមីយ៉ាន៉ម៉ា ដូចជាការហាមជួញដូរអាវុធរបស់សហប្រជាជាតិ ជាដើម​ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម