ផែនដីបានបាត់បង់ទឹករាប់លានលានតោន បណ្តាលឲ្យមានហានិភ័យនៃគ្រោះរាំងស្ងួត និងកម្រិតទឹកសមុទ្រកើនឡើង
ការស្រាវជ្រាវមួយ បានបង្ហាញពីផែនដីពិភពលោក បានបាត់បង់សមត្ថភាពស្តុកទឹកជាងលានលានតោនក្នុងសតវត្សនេះ ។ ការសិក្សារកឃើញថា ហានិភ័យនៃគ្រោះរាំងស្ងួត និងកម្រិតទឹកសមុទ្រនឹងកើនឡើង ។
ការសិក្សានេះចុះផ្សាយក្នុងទស្សនាវដ្ដី Science ក្នុងខែមីនា ឆ្នាំនេះ ហើយត្រូវបានគេហទំព័រ springnews.co.th របស់ប្រទេសថៃ បង្ហាញថា ផ្ទៃដីរបស់ផែនដីបច្ចុប្បន្នមានសមត្ថភាពទប់ទឹកបានតិចបើធៀបនឹងអតីតកាល ដែលបណ្តាលឱ្យទឹកស្តុកទុកនៅលើដី បរិមាណទឹកនៅក្រោមដី បឹង ទន្លេ និងសូម្បីតែកន្លែងតូចៗនៅក្នុងដីបានថយចុះរាប់លាន-លានតោនចាប់តាំងពីដើមសតវត្សទី 21 ។
អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ការថយចុះយ៉ាងឆាប់រហ័សនៃបរិមាណទឹកសាប បណ្តាលមកពីសីតុណ្ហភាពកាន់តែខ្ពស់ឡើង ទាំងនៅលើដី និងក្នុងមហាសមុទ្រ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើតឡើងនូវគ្រោះរាំងស្ងួតនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ហើយនៅពេលពិចារណាពីភាវៈឡើងកម្តៅផែនដីត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំង វិបត្តិបរិមាណទឹក ទំនងជាមិនអាចស្តារបានក្នុងពេលឆាប់ៗនេះទេ ។
ក្រុមស្រាវជ្រាវបានប្រើវិធីសាស្រ្តជាច្រើនដើម្បីប៉ាន់ប្រមាណការបាត់បង់ទឹកនៅលើដីតាំងពីឆ្នាំ 2000 ដល់ឆ្នាំ 2020 រួមទាំងការប្រើប្រាស់ផ្កាយរណបទំនាញផែនដី ការវាយតម្លៃសំណើមដី ការវាស់ស្ទង់កម្ពស់ទឹកសមុទ្រជុំវិញពិភពលោក និងការសង្កេតលើការប្រែប្រួលនៃការបង្វិលផែនដី ដោយសារការផ្លាស់ប្តូរនៃការបែងចែកម៉ាស់ជុំវិញផែនដី នៅពេលដែលទឹកផ្លាស់ទីពីដីទៅសមុទ្រ ប៉ូលរបស់ផែនដីក៏បានរំកិលប្រហែល 45 សង់ទីម៉ែត្រ។
ក្រុមស្រាវជ្រាវបានបញ្ជាក់ថា ការបាត់បង់សំណើមដីមានលក្ខណៈធ្ងន់ធ្ងរ និងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែទំនាក់ទំនងរបស់វាទៅជាគ្រោះរាំងស្ងួតជាសាកល ហើយវាក៏នាំឲ្យកម្រិតទឹកសមុទ្រកើនឡើងផងដែរ និងឥទ្ធិពលនៃការរលាយទឹកកកនៅប៉ូលខាងលើ ។
ពួកគេក៏បានសម្តែងការព្រួយបារម្ភផងដែរថា ដោយពិចារណាលើការព្យាករណ៍សីតុណ្ហភាពពិភពលោកនាពេលអនាគត ទឹកក្នុងដីទំនងជាមិនអាចកើនឡើងម្តងទៀតទេ ខណៈដែលជីវិតទាំងអស់នៅលើដីត្រូវការទឹកសាប ប្រសិនបើមានទឹកមិនគ្រប់គ្រាន់ អ្វីដែលកើតឡើងបន្ទាប់អាចនឹងក្លាយជាមហន្តរាយ ៕