ប្រភព Livescience
ដោយ សូរ្យរិទ្ធ
ព្រៃឈើខៀវស្រងាត់មានសារៈសំខាន់ណាស់ ក្នុងន័យថា វាជាប្រភពជីវចម្រុះខ្ពស់ និងការស្រូបយកកាបូន វាត្រូវបានគេដាក់រហស្សនាមថា «សួតនៃពិភពលោក» បន្សុទ្ធខ្យល់ និងផ្តល់កន្លែងសម្រាប់ការសម្រាកលម្ហែ នៃតំបន់ទេសចរណ៍ និជាជម្រកសត្វជាច្រើនប្រភេទផងដែរ ។
ដូច្នេះការវាយតម្លៃសុខភាពព្រៃឈើ មានសារៈសំខាន់ណាស់ រួមទាំងរាប់ចំនួនតំបន់ព្រៃ តើចង់ដឹងថា មានព្រៃប៉ុន្មានគួរមានតួលេខច្បាស់លាស់។ ដូច្នេះមន្ត្រីអនុរក្សព្រៃឈើអាចធ្វើផែនការគ្រប់គ្រងបរិមាណកាបូន ឬថែរក្សាវាឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ។
ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Science ដោយលោក Qinghua Guo សាស្ត្រាចារ្យសាកលវិទ្យាល័យប៉េកាំង ដែលបានបង្ហាញផែនទីលម្អិតដំបូងនៃដើមឈើនៅក្នុងប្រទេសចិន ។
អ្នកស្រាវជ្រាវបានប្រើបច្ចេកទេសផែនទីឡាស៊ែរដែលមានឈ្មោះថា «Lidar» ដែលត្រូវបានប្រមូលពីដ្រូនតាំងពីឆ្នាំ 2015 ដើម្បីស្កែនផ្ទៃដីជាង 1,400 គីឡូម៉ែត្រការ៉េ ហើយបន្ទាប់មក គេបន្ថែមលទ្ធផលនៅទូទាំងប្រទេសដោយប្រើកម្មវិធីថ្មីហៅថា «Lidar360» ដែលប្រើ AI ដើម្បីប៉ាន់ស្មានដង់ស៊ីតេដើមឈើ។
តើចិនមានដើមឈើប៉ុន្មាន?
ប្រទេសចិនមានដើមឈើជាមធ្យម 279 ដើមក្នុងមួយហិកតា ដែលទាបជាងការស្ទង់មតិធនធានព្រៃឈើជាតិលើកទី 9 របស់ប្រទេសចិន ដែលរាប់ជាមធ្យមចំនួន 426 ដើមក្នុងមួយហិកតា។ ដូច្នេះ ដោយផ្អែកលើទិន្នន័យថ្មី ប្រទេសចិននឹងមានដើមឈើសរុបចំនួន 142.6 ពាន់លានដើម សមាមាត្រដើមឈើ 100 ដើម ក្នុងមនុស្សម្នាក់។
លោក Qinghua Guo បាននិយាយថា ទាំងនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។ បច្ចេកវិទ្យារបស់ Lidar360 គឺជឿនលឿនណាស់ ប៉ុន្តែវាមានដែនកំណត់ ដូចជាមិនអាចរកឃើញដើមឈើនៅក្រោមម្លប់ដ៏ក្រាស់បាន។ នេះមានន័យថា ចំនួនដើមឈើពិតប្រាកដត្រូវតែលើសនេះ។
សាស្ត្រាចារ្យ Guo បាននិយាយទៀតថា «នៅក្នុងតំបន់ដែលមានព្រៃឈើក្រាស់ ម្លប់ត្រួតស៊ីគ្នាអាចរំខានដល់ការរកឃើញដើមឈើដែលមានកម្ពស់មធ្យម និងទាប ដែលបណ្តាលឱ្យមានដើមឈើមានចំនួនតិច»។ សាស្ត្រាចារ្យ Guo បាននិយាយថា «ចំនួនពិតប្រាកដអាចនឹងខ្ពស់ជាងនេះ» ។
វាគួរឱ្យចាប់អារម្មណ៍ដែលប្រទេសចិនផ្តល់សារៈសំខាន់លើលំហបៃតង (Green space) នៅក្នុងប្រទេស ហើយចាប់ពីពេលនេះតទៅ ប្រទេសចិនប្រហែលជាមានដើមឈើកាន់តែច្រើនឡើង ដោយសារចិនមានគម្រោងមួយឈ្មោះថា «Great Green Wall» ឬ «ជញ្ជាំងទីក្រុងបៃតង» ដែលនឹងធ្វើឲ្យចិនមានដើមឈើកើនឡើងបន្ថែមទៀតចំនួន 100 ពាន់លានដើម ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2050 ។