ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាយករដ្ឋមន្ត្រី ជួបជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែឩសភា ឆ្នាំ2025 ម៉ោង 7:17 នាទី ល្ងាច

 

ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ គិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១៣៩ឆ្នាំ ដែលពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ។ សម្រាប់កម្ពុជាវិញ យើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៧៩ និងបានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចគ្នា ។ រាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងអាណត្តិទី៧នេះ តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ជាពិសេសបានបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករ-កម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ។ ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា​ដើម្បី​ការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព​ធន់»។

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ទិវា​ពលកម្ម​អន្តរជាតិ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​កម្មករ អរគុណចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឲ្យមានថ្ងៃនេះឡើងក្នុងរយៈពេលជាច្រើនឆ្នាំមកហើយមកទល់នឹងបច្ចុប្បន្ន ដែលមនុស្សកម្ពុជារាប់លាននាក់បានទទួលសិទ្ធិ និងការការពារជាមូលដ្ឋាន។ ប្រាក់ឈ្នួលអប្បបរមាត្រូវបានបង្កើតឡើង មានកំណត់ម៉ោងធ្វើការ ហើយប្រជាជនមានសិទ្ធិទទួលបានប្រាក់ឈ្នួលថ្ងៃសម្រាក និងប្រាក់ឈឺ។ ទិវា​ពលកម្ម​គឺជា​ថ្ងៃ​សម្រាប់​កម្មករ​និយោជិត​បាន​សម្រាក​ពី​កម្លាំង​ពលកម្ម​ធម្មតា និងដើម្បីអបអរសាទរសមិទ្ធផលចេញពីស្នាដៃរបស់កម្មករនៅកម្ពុជា ក៏ដូចទូទាំងពិភពលោក។

ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជា​ការ​បង្ហាញឱ្យឃើញកាន់តែច្បាស់នូវ​ការប្ដេជ្ញា​ចិត្ត និងការយកចិត្តទុក​ដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើក​កម្ពស់​​លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថ​ប្រយោជន៍​នៃរបបសន្តិសុខ​សង្គម អត្ថប្រយោជន៍នានារបស់​កម្មករ​និយោជិត និងពង្រឹងយន្តការ​ដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់​ទំនងវិជ្ជាជីវៈកាន់តែល្អ​ប្រ​សើរ​ឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាន​នូវ​គោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាលនីតិ​កាល​ទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និងក្របខ័ណ្ឌគោល​ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅ​កសាង​មូលដ្ឋានគ្រឹះប្រែក្លាយ​កម្ពុជាទៅជា​ប្រទេស​មានចំណូលខ្ពស់​នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបាន​ទៅ​នឹងភាពមិនប្រាកដ​ប្រជា​ជាសកល ដែលបណ្ដាលមកពីការប្រកួត​ប្រជែងភូមិសាស្ត្រ​នយោ​បាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹង​នៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្ដរជាតិផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរ​ជាតិ​ដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោ​ជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិ​បត្តិ​ករដ៏សំខាន់លើការងារកំពង់ផែនេះ។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់បំផុត​លើ​សកម្ម​ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋ​កិច្ច និងការធ្វើពាណិជ្ជ​កម្មរបស់កម្ពុជា ៕

 

 

Photo by Chammel Telegram Samdech Thepdei


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម