ការសិក្សារបស់ Google បង្ហាញថា បុគ្គលិកអាចសន្សំសំចៃពេលវេលាបាន 122 ម៉ោងក្នុងមួយឆ្នាំលើការងាររដ្ឋបាល ប្រសិនបើ AI ត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ និងបណ្តុះបណ្តាលរយៈខ្លីៗ ។
Google បានបង្ហាញរបាយការណ៍នៃការសិក្សា “ AI Works” ដែលជាការសាកល្បងនៅចក្រភពអង់គ្លេសបានរកឃើញថា បុគ្គលិកអាចសន្សំពេលវេលាបានជាមធ្យម 122 ម៉ោងក្នុងមួយឆ្នាំលើការងាររដ្ឋបាល ប្រសិនបើបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានយកមកប្រើ។
Google ថា ភាពជាដៃគូជាមួយ Public First បានរកឃើញថា ការទំនុកបម្រុងបុគ្គលិកប្រើ AI និងផ្តល់ការបណ្តុះបណ្តាលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ អាចបង្កើនអត្រានៃការនាំ AI ទៅប្រើការកើនឡើងទ្វេដង ដែលនឹងមានឥទ្ធិពលវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។
គេប៉ាន់ប្រមាណថា ចក្រភពអង់គ្លេសអាចទទួលបានផលចំណេញសេដ្ឋកិច្ចរហូតដល់ 400 ពាន់លានផោន (ប្រមាណ 533 ពាន់លានដុល្លារអាមេរិក) ប្រសិនបើការបណ្តុះបណ្តាលជំនាញ AI ឲ្យកម្លាំងពលកម្មទូទៅ។
លោក Debbie Weinstein ប្រធាន Google ប្រចាំអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក (EMEA) បាននិយាយថា កម្មវិធីសាកល្បង AI Works កំពុងត្រូវបានសាកល្បងនៅក្នុងបណ្តាញអាជីវកម្មខ្នាតតូច ស្ថាប័នអប់រំ និងសហជីពការងារ បង្ហាញពីសក្តានុពលរបស់ AI ក្នុងការកាត់បន្ថយបន្ទុកការងារដែលមិនចាំបាច់ ។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលសិក្សានៅតែជួបឧបសគ្គធំៗខ្លះដែរ ដូចជា៖ បុគ្គលិកមួយចំនួនធំ ជាពិសេសស្ត្រីវ័យចំណាស់ និងស្ត្រីមកពីមជ្ឈដ្ឋានសេដ្ឋកិច្ចសង្គមទាប នៅមិនទាន់បានប្រើប្រាស់ Generative AI នៅកន្លែងធ្វើការនៅឡើយទេ (គិតជាពីរភាគបីនៃអ្នកឆ្លើយសំណួរ)។
ក្នុងចំណោមស្ត្រីដែលមានអាយុចាប់ពី 55 ឆ្នាំឡើងទៅ មានតែ 17% ប៉ុណ្ណោះដែលប្រើ AI ប្រចាំសប្តាហ៍មុនពេលបណ្តុះបណ្តាល និង 9% ប្រើប្រាស់ជារៀងរាល់ថ្ងៃ ប៉ុន្តែបីខែបន្ទាប់ពីការបណ្តុះបណ្តាល តួលេខទាំងនេះបានកើនឡើងដល់ 56% និង 29% រៀងៗខ្លួន ដែលកាត់បន្ថយគម្លាតក្នុងការចូលប្រើប្រាស់ និងការប្រើប្រាស់ AI យ៉ាងខ្លាំង។
Google ក្នុងនាមជាអ្នកបង្កើត Gemini AI ជឿជាក់ថា ការផ្តល់សិទ្ធិ និងការបណ្តុះបណ្តាលជាមូលដ្ឋាន វាគឺជាគន្លឹះក្នុងការដោះសោសក្តានុពលរបស់ AI ក្នុងការជំរុញផលិតភាព និងជំរុញសេដ្ឋកិច្ចកាន់តែទូលំទូលាយ ៕
ប្រភព REUTERS
បកប្រែដោយ សាវុឌ្ឍ