ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ពិនិត្យឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែឩសភា ឆ្នាំ2025 ម៉ោង 7:56 នាទី ល្ងាច

 

រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមជំនាញក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥​ រកឃើញថាបានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញ ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្ទេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល់ចំនួនពីរទីតាំងផ្សេងគ្នា និងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញសារធាតុ៖

  • កាបូនម៉ូណូអុកស៊ីត (CO) = 1657 ppm
  • អាសូតអុកស៊ីត (NOx)       = 15,0 ppm
  • អាសូតម៉ូណូអុកស៊ីត (NO)  = 50,0 ppm
  • ស្ពានធ័រឌីអុកស៊ីត (SO2)    = 426 ppm
  • ស៊ីតុណ្ហភាព (flow gas t) = 161,7 °C

នៅទីតាំងឡដុតស្លរំលាយជ័រ សារធាតុ៖

  • កាបូនម៉ូណូអុកស៊ីត (CO) = 23,0 ppm
  • អាសូតអុកស៊ីត (NOx)       = 2,0 ppm
  • អាសូតម៉ូណូអុកស៊ីត (NO)  = 2,0 ppm
  • ស្ពានធ័រឌីអុកស៊ីត (SO2)    = 66,0 ppm
  • ស៊ីតុណ្ហភាព (flow gas te) = 49,9 °C
  • មានខ្លឹនឆ្ងៀមខ្លាំង

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចខាងក្រោម៖

₋ ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនបានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន

₋ ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់

₋ ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង

₋ ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន

₋ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦

₋ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម