ប្រយោគមាសរបស់អ្នកដឹកនាំ ក្នុងការប្រយុទ្ធកូវីដ-១៩

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 4:19 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ប្រយោគដែលមនុស្សនិយាយ ពេលខ្លះគឺជា «ថ្នាំពុល» ដែលបានលេបទៅហើយ ក៏សម្លាប់ខ្លួនឯង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ជួនកាលក៏ជា «ថ្នាំពិសេស» ដែលជួយលើកទឹកចិត្ត ហើយជួយឲ្យអ្នកស្តាប់ឆ្លងកាត់បញ្ហាផ្សេងៗបាន ប្រសិនជាពាក្យទាំងនោះ និយាយត្រូវតាមពេលវេលា ។ អ្នកដឹកនាំប្រទេសនីមួយៗមានសិល្បៈនិយាយខុសៗគ្នាជាមួយប្រជាជនរបស់ពួកគាត់ ប៉ុន្តែការពិតដែលមិនអាចប្រកែកបាន គឺថារាល់ពេលដែលពួកគាត់និយាយចេញមក នឹងក្លាយជា «ឱសថស័ក្តិសិទ្ធិ» ។

កម្ពុជា

«សម្តេចតេជោ ហ៊ុន សែន ដាក់វិធានការដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្ត «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ» (ការឆ្លងសហគមន៍ ២០ កុម្ភៈ) ។

«សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំលុងពេលនេះ មិនមែនជាពេលស្តីបន្ទោសគ្នាទេ គឺជាពេលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយទម្លាប់សម្តេចមិនដែលចេះបន្ទោសពេលមានបញ្ហានោះ» ។

«សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែកម្ពុជាទេ ដែលបានចាក់វ៉ាក់សាំងជូនជនបរទេសជាមន្ត្រីទូត ឬអង្គការអន្តរជាតិនានាមុនគេ» ។

សហរដ្ឋអាមេរិក

«នេះជាសមិទ្ធផលមិនគួរឱ្យជឿជាក់សម្រាប់ពលរដ្ឋអាមេរិកាំង បង្ហាញសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ថ្ងៃនេះយើងធ្វើបាន ដល់វេលាដែលត្រូវឆ្ពោះទៅដំណាក់កាលថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាប្រវត្តិសាស្ត្រនេះ ។ ប្រសិនបើអ្នកកំពុងរង់ចាំនៅពេលវាដល់វេនរបស់អ្នក អ្នកមិនចាំបាច់រង់ចាំទៀតទេ មនុស្សដែលមានអាយុពី ១៦ ឆ្នាំឡើងទៅឥឡូវអាចចាក់វ៉ាក់សាំងបានហើយ» ។

នេះជាប្រសាសន៍របស់លោក ចូ បៃដេន ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងពេលចាក់វ៉ាកសាំងបាន ២០០ លានដូស ដែលលឿនជាងគោលដៅ ១០០ ថ្ងៃ ។

ចិន

«ខ្ញុំមានមោទនភាពចំពោះទឹកដីម្តាយរបស់ខ្ញុំ និងប្រជាជនដ៏អស្ចារ្យរបស់យើង រួមទាំងស្មារតីជាតិដែលមិនចុះចាញ់ ក្នុងគ្រាលំបាក នុះនឹងឃើញដលភាពក្លាហាន និងការតស៊ូប៉ុណ្ណោះ មានតែត្បូងថ្មប៉ូលាប៉ុណ្ណោះដែលអាចបញ្ចាំងពន្លឺបាន។ យើងបានឈ្នះផលប៉ះពាល់នៃការរីករាលដាល ហើយវាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការសម្របសម្រួលការការពារ និងការត្រួតពិនិត្យ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម» ។

«យើងនៅមានផ្លូវវែងឆ្ងាយទៀតដើម្បីការពារនិងគ្រប់គ្រងការរាលដាល ។ ប្រជាជននៅទូទាំងពិភពលោកគួររួមសហ​ការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីកម្ចាត់ទុក្ខសោកពីជំងឺរាតត្បាត និងតស៊ូសម្រាប់ពិភពលោក «ប្រសើរជាង» ។

ប្រសាសន៍ប្រធានាធិបតីចិន ហ្ស៊ី ជីនពីង  ជូនពរឆ្នាំថ្មី ២០២១ និង ៤ ខែក្រោយ ចិនជាប្រទេសចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ ២០០ លានដូស ។

អ៊ីស្រាអែល

«ថ្ងៃនេះជាថ្ងៃដ៏ល្អ ខ្ញុំជឿជាក់លើវ៉ាក់សាំង ហើយខ្ញុំធ្វើដូចនេះដើម្បីជាគំរូ និងលើកទឹកចិត្តឲ្យមនុស្សចូលទទួលវ៉ាក់សាំង» ។

បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានប្រសាសន៍ក្នុងពេលចាក់វ៉ាក់សាំង កាលពីចុងឆ្នាំ ២០២០ និងរហូត ៤ ខែតមក អ៊ីស្រាអែលកៀងគរប្រជាជនចាក់វ៉ាកសាំង និងការដកចេញនូវវិធានការចាក់សោរផ្សេងៗ សូម្បីតែម៉ាសក៏មិនចាំបាច់ពាក់នៅខាងក្រៅដែរ ។

ជប៉ុន

«យើងចាំបាច់ត្រូវកំណត់ការធ្វើដំណើររបស់ប្រជាជនជប៉ុន... យើងចាំបាច់ត្រូវសម្រេចចិត្តបែបនេះ... យើងត្រូវការថាមពលត្រឡប់មកវិញ... យើងត្រូវការការប្តេជ្ញាចិត្ត និងការតាំងចិត្តពីមនុស្សគ្រប់គ្នា... » ។

ប្រសាសន៍នាយករដ្ឋមន្រ្តីជប៉ុនYoshihide Suga និយាយថា រដ្ឋាភិបាលបានសម្រេចចិត្តប្រកាសអាសន្នពីការរាលដាលនៃកូវីដ-១៩ នៅទីក្រុងតូក្យូ អូសាកា និង ហ៊ាវង៉ុះ បន្ទាប់ពីបានជួបអ្នកឆ្លងវីរុសថ្មីកើនឡើង ដោយសេចក្តីប្រកាសបាននិយាយ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៥ ខែមេសាដល់ថ្ងៃទី ១១ ឧសភា ឆ្នាំនេះ ។

ក្រៅពីនេះ លោកYoshihide Suga បានចេញវិធានការសំខាន់ ៤ ខេត្ត ដូចជា ហាងលក់គ្រឿងស្រវឹង ឬ ខារ៉ាអូខេបានសុំបិទជាបណ្តោះអាសន្ន ហើយហាងដែលមិនលក់គ្រឿងស្រវឹង គ្មានខារ៉ាអូខេ សូមបើករហូតដល់ម៉ោង ៨ យប់ ។

ប្រជាជនរស់នៅតំបន់នោះ ចៀសវាងការចាកចេញពីលំនៅដ្ឋាន ដោយមិនមានការចាំបាច់បន្ទាន់ ចៀសវាងការធ្វើដំណើរឆ្លងកាត់ខេត្តនានា ចម្ងាយត្រឹម ១.០០០ ម៉ែត្រក្រឡា សូមឲ្យបិទសេវាកម្ម លើកលែងតែតំបន់រស់នៅចាំបាច់ ដូចជាម្ហូបអាហារ ខណៈដែលព្រឹត្តិការណ៍(Event) នេះអាចរៀបចំបាន តែមិនត្រូវឲ្យមានមនុស្សចូលទស្សនា ។

ឥណ្ឌា

«ក្រុមវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្ររបស់យើងកំពុងតែធ្វើការយ៉ាងឆាប់រហ័ស ដើម្បីពង្រឹងការប្រយុទ្ធជាសកលប្រឆាំងនឹងកូវីដ-១៩ ។ ខ្ញុំសូមជម្រុញឲ្យអ្នករាល់គ្នាមានសិទ្ធិទទួលវ៉ាក់សាំង រួមសហការគ្នាធ្វើឱ្យឥណ្ឌារួចផុតពីកូវីដ-១៩» ។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា នរេន្ទ្រ ម៉ូឌី សរសេរនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន បានទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅដើមខែមីនា ឆ្នាំ ២០២១ កន្លងមក ។

សូម្បីតែនៅក្នុងស្ថានភាពបច្ចុប្បន្ន ឥណ្ឌានឹងប្រឈមមុខនឹងវិបត្តិ ប៉ុន្តែមេដឹកនាំប្រទេស ណែនាំមនុស្សឱ្យជឿលើវ៉ាក់សាំង ហើយនិយាយដោយសមហេតុផល លើគោលការណ៍ត្រឹមត្រូវ ។

អង់គ្លេស

«ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំមានការទទួលខុសត្រូវទាំងស្រុង ជាមួយនឹងអ្វីគ្រប់យ៉ាងដែលរដ្ឋាភិបាលធ្វើ ... ការបាត់បង់ដែលកើតឡើង គឺមិនអាចកាត់ថ្លៃបាន ពាក្យសុំទោសយ៉ាងជ្រាលជ្រៅ ហើយការសោកស្តាយគឺមិនគ្រប់គ្រាន់សម្រាប់អ្វីដែលបានកើតឡើងនោះទេ» ។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានសម្តែងសមានទុក្ខចំពោះមរណភាពនេះ ដែលប៉ះពាល់ជីវិតមនុស្សរហូតដល់ ១០០.០០០ នាក់ កាលពីចុងខែមករាកន្លងមក ។

... មេដឹកនាំអស្ចារ្យ បង្កើតទំនុកចិត្ត ជំនឿចិត្តដល់ប្រជាជន និងអាចគ្រប់គ្រងហានិភ័យក្នុងវិបត្តិមួយ ... រហូតដល់អាចឆ្លងផុតបាន ... ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម