សារពីប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី09 ខែមិថុនា ឆ្នាំ2025 ម៉ោង 3:04 នាទី ល្ងាច

 

នៅរសៀលថ្ងៃទី ៩ មិថុនា រូបថតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ ឯឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងប្រតិភូ ពីប្រទេសបារាំង អមដោយសារ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ជូនជនរួមជាតិខ្មែរ ស្តីពីពីជំហររបស់រាជរដ្ឋាភិបាល លើកិច្ចការការពារអធិបតេយ្យរបស់កម្ពុជាតាមព្រំដែនកម្ពុជា-ថៃ ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖

ខ្ញុំសូមផ្ញើរសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង។

១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷

  • ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ
  • រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ
  • កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា ។
  • កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

២. បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

៣. ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង។

ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម