នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានាឱកាសនេះ។ លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។ លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្ដេចបវរធិបតី, កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។ លោក ស្រី Alissar Chaker ក៏បាន ជម្រាប ជូន សម្តេច បវរ ធិបតី អំពី ការ បន្ត កិច្ច សហប្រតិបត្តិការ របស់ UNDP ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្ពុជា និង សង្ឃឹម ថា រាជរដ្ឋាភិបាល កម្ពុជា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ជាមួយ UNDP ក្នុង ភាព ជាដៃគូ ប្រកប ដោយ ទំនុកចិត្ត។
ជាឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ និង កិច្ចសហ ប្រតិបត្តិការ របស់ UNDP តាម រយៈ កម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និង បាន ផ្តល់នូវ ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា។ សម្តេច បវរ ធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨, រាជរដ្ឋាភិបាលបានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជនជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាននាក់ ឱ្យមានចំណេះដឹង និង ជំនាញមួយច្បាស់លាស់ ដែលនឹងរួមចំណែកដល់ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកបដោយភាពធន់។
មុននឹងបញ្ចប់ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពី ការបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល កម្ពុជា ជាមួយនឹង UNDP និង លើកទឹកចិត្តដល់ UNDP ឱ្យបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូឱ្យកាន់តែរីកចម្រើន និងរឹងមាំ បន្ថែមទៀត ៕