សូរ្យសែង៖
ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា យោធាអាមេរិកកំពុងសហការជាមួយកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពអូស្ត្រាលី ដើម្បីពង្រីកប្រតិបត្តិការនាវាផ្ទុកយន្តហោះខ្នាតតូច ដើម្បីចែកចាយអាវុធសំខាន់ៗ បុគ្គលិក និងការផ្គត់ផ្គង់ស្បៀងដល់កងកម្លាំងដែលបានដាក់ពង្រាយទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលលំហាត់សមយុទ្ធ «Orient Shield» ដែលគ្រោងនឹងធ្វើនៅពាក់កណ្តាលខែកញ្ញា ដល់ថ្ងៃទី ២៣ ខែកញ្ញា ទាំងជប៉ុន និងសហរដ្ឋអាមេរិកនឹងផ្តោតលើបញ្ហាភស្តុភារ (Logistics) ។
នេះបើតាមក្រសួងការពារជាតិជប៉ុន កងនាវាយោធាអាមេរិក និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន កំពុងដំណើរការសមយុទ្ធយោធារួមគ្នាជាលើកដំបូង ដោយហ្វឹកហាត់ការដឹកជញ្ជូនសម្ភារនៅលើកោះ អូគីណាវ៉ា (Okinawa) និងកន្លែងផ្សេងទៀត។
យុទ្ធសាស្ត្ររបស់កងទ័ពអាមេរិកគឺដើម្បីផ្សព្វផ្សាយអង្គភាពទៅតាមកោះដាច់ស្រយាល តាមអ្វីដែលគេស្គាល់ថាជា « First Island Chain »ដែលខ្សែចង្វាក់កោះទីមួយតភ្ជាប់កោះអូគីណាវ៉ាជាមួយតៃវ៉ាន់ និងហ្វីលីពីន ដើម្បីទប់ស្កាត់ប្រទេសចិនពីការកំណត់គោលដៅមួយទៅគោលដៅមួយ ដូច្នេះហើយទើបបណ្តាញដឹកជញ្ជូនភស្តុភារ ដើម្បីផ្គត់ផ្គង់ឲ្យទូលំទូលាយ គឺជារឿងចាំបាច់ណាស់សម្រាប់លំហាត់នេះ ៕